នៅ​ក្នុង​ខ្សែ​រាជ​វង្ស ​នៃ​ចក្រ​ភព​អង់​គ្លេស អ្នក​ដែល​មាន​ភាព​ជិត​ស្និទ្ធ​នឹង​រាជ​បល្ល័ង្ក កាន់​តែ​ខ្លាំង​ប៉ុណ្ណា នោះ​ឈ្មោះ​គាត់​ក៏​កាន់​តែ​ល្បី​ល្បាញ ដល់​សាធារណៈ​ជន​ផង​ដែរ។​ តែ​អ្នក​ដទៃ​ទៀត ស្ទើរ​តែ​គ្មាន​នរណា​ម្នាក់​នឹក​ចាំ។ រាជ​វង្ស​របស់​ប្រទេស​អង់​គ្លេស មាន​បញ្ជីរ​ឈ្មោះ​អ្នក​ស្នង​រាជ្យ​មួយ​ខ្សែ ដែល​រួម​មាន​មនុស្ស​ជិត​៦០​នាក់។ ក្នុង​ចំណោម​នោះ មាន​ព្រះអង្គ​ម្ចាស់ ហ្វ្រេដឺរិក វីនស៊រ(Frederic Windsor) ដែល​ស្ថិត​ក្នុង​លេខ​រាង​ទី​៤៩ ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ស្នង​រាជ្យ។  ទ្រង់​មិន​បាន​ចេញ​មុខ​ចេញ​មាត់​ទេ តែ​ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​បន្ត​រស់​នៅ ក្នុង​ភាព​ស្ងាត់​ស្ងៀម។ ទោះ​ទ្រង់​មាន​ការងារ​ជា​អ្នក​វិភាគ​ផ្នែក​ហិរញ្ញ​វត្ថុ គេ​នៅ​តែ​មិន​បាន​ចាត់​ទុក​ទ្រង់​ជា “រាជ​វង្សា​នុវង្ស​ដែល​ធ្វើ​ការ​ងារ” ដែល​ជា​សមា​ជិក​គ្រួសារ​រាជ​វង្ស​ដ៏​សំខាន់ ដែល​បាន​ទទួល​ប្រាក់​បៀវត្ស សម្រាប់​ការ​ធ្វើ​ជា​តំណាង​ឲ្យ​រាជ​វង្ស។​

ព្រះ​អង្គ​ម្ចាស់​ណាថាន គឺ​ជា​បុត្រា​របស់​ស្តេច​ដាវីឌ​(២សាំយ៉ូអែល ៥:១៤) ក៏​ជា​សមាជិក​គ្រួសារ​រាជ​វង្ស ដែល​មិន​បានចេញ​មុខ​ចេញ​មាត់។ ព្រះ​គម្ពីរ​បាន​និយាយ​ច្រើន អំពី​ទ្រង់​ទេ។ ប៉ុន្តែ ព្រះ​នាម​របស់​ទ្រង់ ត្រូវ​បាន​កត់​ទុក ក្នុង​បញ្ជី​ខ្សែលោហិត​របស់​ព្រះ​យេស៊ូវ ក្នុង​កណ្ឌ​គម្ពីរ​លូកា ដែល​អ្នក​ប្រាជ្ញ​ជា​ច្រើន​ជឿ​ថា ខ្សែ​លោហិត​នោះ ជាខ្សែ​លោហិត​របស់ព្រះ​យេស៊ូវ​ នៅ​ខាង​នាង​ម៉ារា(លូកា ៣:៣១) ខណៈ​ពេល​ដែល​កណ្ឌ​គម្ពីរ​ម៉ាថាយ បាន​កត់​ទុក​ព្រះ​នាម​ស្តេច​សាឡូម៉ូន ក្នុង​ខ្សែ​លោហិត​របស់​ព្រះ​យេស៊ូវ។

ទោះ​ព្រះ​អង្គ​ម្ចាស់​ណាថាន​មិន​បាន​សោយ​រាជ្យក៏​ដោយ ក៏​ទ្រង់​នៅ​តែ​មាន​តួនាទី​មួយ ក្នុង​នគរ​ព្រះ ជា​រៀង​រហូត។​

ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ ហើយ​ក៏​ជា​សមាជិក​គ្រួសារ​រាជ​វង្ស​របស់​ព្រះ​អង្គ​  សាវ័ក​យ៉ូហាន​បាន​ចែង​ថា ព្រះ​ជា​ម្ចាស់បាន​ប្រទាន​ឲ្យ​យើង​មាន “សិទ្ធិ​ធ្វើ​ជា​កូន​ព្រះ”(យ៉ូហាន ១:១២)។ យើង​ប្រហែល​មិន​មាន​ឈ្មោះ​ល្បី តែ​យើង​ជា​កូន​របស់​ព្រះ ដែល​ជា​មហាក្សត្រ! ព្រះ​ជា​ម្ចាស់​បាន​ចាត់​ទុក​យើង​ម្នាក់​ៗ ជា​មនុស្ស​សំខាន់ ដែល​អាច​ធ្វើ​ជា​តំណាង​ឲ្យ​ព្រះ​អង្គ​ នៅ​លើ​ផែន​ដី​នេះ ហើយ​ថ្ងៃ​ណា​មួយ​នឹង​បាន​សោយ​រាជ្យ​ជា​មួយ​ព្រះ​អង្គ​(២ធីម៉ូថេ ២:១១-១៣)។ យើង​មិន​បាន​ពាក់​មកុដ​នៅ​លើ​ផែន​ដី​នេះ គឺ​មិន​ខុស​ពី​ព្រះ​អង្គ​ម្ចាស់​ណាថាន​ឡើយ តែ​យើង​នៅ​តែ​មាន​ចំណែក​ ​នៅ​ក្នុង​នគរ​ព្រះ។​—LINDA WASHINGTON