ព្រះ​ទ្រង់​ចូល​ចិត្ត​ប្រើ​មនុស្ស ដែល​លោកិយ​អាច​មើល​រំលង។ លោក​វីលៀម ខារេយ(William Carey) បាន​ទទួល​ការ​ចិញ្ចឹម​បី​បាច់ ក្នុង​ភូមិ​តូច​មួយ កាល​ទី​ទសវត្សរ៍​ឆ្នាំ១៧០០ ហើយ​បាន​ទទួល​ការ​អប់​រំក្នុង​ប្រព័ន្ធ​តិច​តួច។ គាត់​មានជោគ​ជ័យ​បន្តិច​បន្តួច ក្នុង​មុខ​ជំនួញ​ដែល​គាត់​បាន​ជ្រើស​រើស ហើយ​បាន​រស់​នៅ​ក្នុង​ភាព​ក្រី​ក្រ។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​បានប្រទាន​ឲ្យ​គាត់​មាន​ចិត្ត​ចង់​ផ្សាយ​ដំណឹង​ល្អ ហើយ​ក៏​បាន​ត្រាស់​ហៅ​គាត់ ឲ្យ​ធ្វើ​ការ​ជា​បេសក​ជន។ លោក​ខេរេយក៏​បាន​រៀន​ភាសា​ក្រិក ហេព្រើរ និង​ឡាតំាង ហើយ​ទី​បំផុត ក៏​បាន​បក​ប្រែ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ទៅ​ជា​ភាសា​បង់កាលី នៅ​ប្រទេស​ឥណ្ឌា។ សព្វ​ថ្ងៃ​នេះ គេ​បាន​ចាត់​ទុក​គាត់ ជា “ឪពុក​នៃ​ការងារ​បេសក​កម្ម​សម័យ​ទំនើប” ប៉ុន្តែ ក្នុង​សំបុត្រ​មួយ​ច្បាប់ ដែល​គាត់​បាន​សរសេ​ផ្ញើ​ទៅ​ក្មួយ​ប្រុស​របស់​គាត់ គាត់​បាន​និយាយ​ដោយ​បន្ទាប​ខ្លួន អំពី​សមត្ថភាព​របស់​គាត់​ថា​ “​ខ្ញុំ​អាចដើរ​ទៅ​មុខ​យឺត​ៗ យ៉ាង​ពិបាក។ ខ្ញុំ​អាច​ស៊ូទ្រំា”។​

ពេល​ណា​ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​យើង ឲ្យ​ធ្វើ​កិច្ចការ​អ្វី​មួយ ព្រះ​អង្គ​ក៏​ប្រទាន​យើង នូវ​កម្លាំង ដើម្បី​សម្រេច​កិច្ចការ​នោះ ទោះ​យើង​មាន​ចំណុច​ខ្វះ​ខាត​យ៉ាង​ណា​ក៏​ដោយ។ ក្នុង​បទ​គម្ពីរ​ពួក​ចៅ​ហ្វាយ ៦:១២ ទេវតា​នៃ​ព្រះ​អម្ចាស់​បាន​លេច​មកឲ្យ​លោក​គេឌាន​ឃើញ ហើយ​ក៏​បាន​ប្រាប់​គាត់​ថា “នែ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះយេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ឯង”។ បន្ទាប់មក ទេវតា​ក៏​បាន​ប្រាប់​គាត់ ឲ្យ​សង្រ្គោះ​ពួក​អ៊ីស្រាអែល ឲ្យ​រួច​ពី​សាសន៍​ម៉ាឌាន ដែល​កំពុង​តែ​ចូល​លុក​លុយ​ទី​ក្រុង និង​ស្រែ​ចំការ​ពួក​គេ។ ប៉ុន្តែ លោក​គេឌាន ដែល​មិន​បាន​គិត​ថា​ខ្លួន​ជា​អ្នក​ក្លាហាន ក៏​បាន​ឆ្លើយ​តប​ថា “ឱ​ព្រះអម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ទូលបង្គំ​ជួយ​សង្គ្រោះ ដល់​សាសន៍​អ៊ីស្រាអែល​បាន មើល ទូលបង្គំ​ជា​គ្រួ​ក្រ​ជាង​គេ​ក្នុង​ពួក​ម៉ាន៉ាសេ ហើយ​ទូលបង្គំ​ក៏​ជា​អ្នក​តូច​បំផុត​ក្នុង​ពួក​ផ្ទះ​ឪពុក​ទូលបង្គំ​ផង”(ខ.១៥)។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​នៅ​តែ​ប្រើ​លោក​គេឌាន ឲ្យ​រំដោះ​រាស្រ្ត​ព្រះ​អង្គ​ឲ្យ​មាន​សេរីភាព។​

គន្លឹះ​នៃ​ជ័យ​ជម្នះ​របស់​លោក​គេឌាន ​​គឺស្ថិត​នៅ​ត្រង់​ពាក្យ​ថា “ព្រះ​អម្ចាស់​គង់​នៅ​ជា​មួយ​ឯង”(ខ.១២)។ កាល​ណា យើងដើរ​ដោយ​បន្ទាប​ខ្លួន​ជា​មួយ​ព្រះ​អង្គ​សង្រ្គោះនៃ​យើង ហើយ​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ព្រះ​អង្គ ​នោះ​ព្រះ​អង្គ​នឹង​ប្រទាន​កម្លាំង​យើង ឲ្យ​សម្រេច​កិច្ច​ការ ដែល​អាច​សម្រេច​បាន តាម​រយៈ​ព្រះ​អង្គ។​—JAMES BANKS