អាកាស​ធាតុ នៅ​ដើម​រដូវ​ផ្ការីក គឺ​ពិត​ជា​ធ្វើ​ឲ្យ​ស្រស់​ស្រាយ​ណាស់។ ​ភរិយា​របស់​ខ្ញុំ​បាន​រួម​ដំណើរ​កម្សាន្ត​ជា​មួយ​ខ្ញុំ ដោយ​ ចិត្ត​រីក​រាយ​យ៉ាង​ខ្លាំង។​ ប៉ុន្តែ សម្រស់​នៃ​ពេល​វេលា ដែល​យើង​មាន​ជា​មួយ​គ្នា អាច​ប្រែ​ក្លាយ​ជា​សោកនាដ​កម្ម​ភ្លាម​ៗ បើ​សិន​ជា​ខ្ញុំ​មិន​បាន​ឃើញ​ផ្លាក​សញ្ញា​ពណ៌​ក្រហម លាយ​ស ដែល​បាន​ឲ្យ​ដំណឹង​ខ្ញុំ​ថា ខ្ញុំ​កំពុង​តែ​ទៅតាម​ទិស​ដៅ​ខុស​ហើយ។ ​ដោយ​សារ​ខ្ញុំ​បាន​ឃើញ​ផ្លាក “ហាម​ចូល” នៅ​ចំពោះ​មុខ​ខ្ញុំ ខ្ញុំ​ក៏​បាន​ប្រញាប់​បត់​ចង្កូត​ឡាន ប៉ុន្តែ ខ្ញុំ​មាន​ការ​ភិត​ភ័យ ពេល​ដែល​ខ្ញុំ​គិត​ដល់​គ្រោះ​ថ្នាក់ ដែល​ខ្ញុំ​អាច​នាំ​មក​ឲ្យ​ភិរយា​ខ្ញុំ និង​ខ្លួន​ឯង ព្រម​ទាំង​អ្នក​ដទៃ បើ​សិន​ជា​ខ្ញុំ​មិន​អើពើរ​ចំពោះ​ផ្លាក​សញ្ញា ដែល​រំឭក​ខ្ញុំ​ថា ខ្ញុំ​កំពុង​តែ​ទៅ​តាម​ផ្លូវ​ខុស។​

ខ​ចុង​ក្រោយ​នៃ​កណ្ឌ​គម្ពីរ​យ៉ាកុប​ បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សារៈ​សំខាន់​នៃ​ការ​កែ​តម្រង់។ ក្នុង​ចំណោម​យើង តើមាន​នរណា​ខ្លះ ដែល​មិន​ត្រូវ​ការ “ការ​កែ​តម្រង់” ពី​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង ដើម្បី​ឲ្យ​យើង​ងាក​ចេញ​ពីសកម្ម​ភាព ការ​សម្រេច​ចិត្ត ឬ​បំណង​ចិត្ត ដែល​អាច​ធ្វើ​ឲ្យ​ឈឺ​ចាប់? តើ​មាន​គ្រោះ​ថ្នាក់​អ្វី​ខ្លះ ដែល​អាច​កើត​ឡើងចំពោះ​យើង ឬ​អ្នក​ដទៃ បើ​សិន​ជា​គ្មាន​នរណា​ម្នាក់ មក​ជួយ​ណែនាំ​យើង ឲ្យ​ទាន់​ពេល​វេលា​ទេ​នោះ?

បទ​គម្ពីរ​យ៉ាកុប ៥:២០ បាន​ចែង​ថា “អ្នក​ណា​ដែល​នាំ​មនុស្ស​បាប ឲ្យ​ត្រឡប់​ពី​ផ្លូវ​វង្វេង​មក​វិញ នោះ​ឈ្មោះ​ថា បាន​ជួយ​សង្គ្រោះ​ព្រលឹង​១ ឲ្យ​រួច​ពី​សេចក្តី​ស្លាប់ ហើយ​ក៏​គ្រប​បាំង​អំពើ​បាប​ជា​អនេក​អនន្ត​ផង”។ ត្រង់​ចំណុច​នេះ សាវ័ក​យ៉ាកុប​កំពុង​តែ​និយាយ​សង្កត់​ធ្ងន់ អំពី​តម្លៃ​នៃ​ការ​កែ​តម្រង់ ដោយ​ចិត្ត​សប្បុរស។ ការ​កែ​តម្រង់ គឺ​ជា​ការ​បង្ហាញចេញ​នូវ​សេចក្តី​មេត្តា​របស់​ព្រះ។ ចូរ​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ការ​ខ្វល់​ខ្វាយ​អំពី​សុខ​មាល​ភាព​របស់​អ្នក​ដទៃ ហើយ​សូម​ឲ្យ​ការ​នេះ​ជំរុញ​ចិត្ត​យើង​ឲ្យ​និយាយ និង​ធ្វើ​អ្វី​មួយ តាម​របៀប​ណា​មួយ ដែល​ព្រះ​អង្គ​អាច​ប្រើ ដើម្បី “នាំ​អ្នក​នោះ​ត្រឡប់​មក​វិញ”(ខ.១៩)។—Arthur Jackson