មាស​២៤​ការ៉ាត់ គឺ​ជា​មាស​សុទ្ធ​ស្ទើរ​តែ​១​រយ​ភាគ​រយ ដោយ​មាន​លាយ​នឹង​សារ​ធាតុ​ផ្សេង​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ប៉ុន្តែ ដើម្បី​សម្រេច​ឲ្យ​បាន​មាស​សុទ្ធ​កំរិត​នេះ គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ។ អ្នក​ចម្រាញ់​មាស​ភាគ​ច្រើន ប្រើ​វិធី​សាស្រ្ត​មួយ ឬ​ពីរ​ប្រភេទ ដើម្បី​ធ្វើ​ឲ្យ​មាស​សុទ្ធ​ល្អ។ វិធី​សាស្រ្ត​មីល័រ គឺ​ជា​វិធី​សាស្រ្ត​ចម្រាញ់​មាស ដែល​លឿន និង​ថោក​បំផុត ប៉ុន្តែ គេ​អាច​សម្រេច​បាន​មាស​សុទ្ធ ៩៩,៩៥ភាគ​រយ។ វិធី​សាស្រ្ត​វ៉ូលវីល ចំណាយ​ពេល​យូរ​ជាង និង​អស់​ថ្លៃ​ច្រើន​ជាង ប៉ុន្តែ អាច​សម្រេច​បាន​មាស​សុទ្ធ ៩៩,៩៩ ភាគ​រយ។​

នៅ​សម័យ​ព្រះ​គម្ពីរ អ្នក​ចម្រាញ់​មាស ប្រើ​ភ្លើង​ដើម្បី​ធ្វើ​ឲ្យ​មាស​សុទ្ធ។ គេ​ប្រើ​ភ្លើង​ស្លរ​មាស​ឲ្យ​រាវ ដើម្បី​ឲ្យ​ល្បាយដែល​មិន​សុទ្ធ​អណ្តែត​ឡើង ទៅ​ផ្ទៃ​ខាង​លើ ដែល​ងាយ​នឹង​ឲ្យ​គេ​ដួស​ចេញ​ពី​មាស។ ពេល​ដែល​សាវ័ក​ពេត្រុស​សរសេរ​សំបុត្រ​ទី​មួយ ផ្ញើ​ទៅ​អ្នក​ជឿ​ព្រះ​យេស៊ូវ នៅ​ទូទាំង​តំបន់​អាស៊ី​មីន័រ(សព្វថ្ងៃ តំបន់​ខាង​ជើង​នៃ​ប្រទេស​ទួរគី) គាត់​បាន​និយាយ​អំពី​ដំណើរ​ការ​នៃ​ការ​ចម្រាញ់​មាស ដើម្បី​ប្រៀប​ធៀប​នឹង​ទុក្ខ​លំបាក​ក្នុង​ជីវិត​គ្រីស្ទ​បរិស័ទ។ នៅសម័យ​នោះ ចក្រ​ភព​រ៉ូម៉ាំង​បាន​បៀត​បៀន​អ្នក​ជឿ​ជា​ច្រើន​នាក់ ដោយសារ​ពួក​គេ​មាន​ជំនឿ​លើ​ព្រះ​គ្រីស្ទ។ លោក​ពេត្រុស​យល់​អំពី​បញ្ហា​នេះ ព្រោះ​គាត់​ក៏​ធ្លាប់​ជួប​ការ​បៀត​បៀន​ផង​ដែរ។ ប៉ុន្តែ លោក​ពេត្រុស​ក៏​បាន​ពន្យល់​ថា ការបៀត​បៀន​នោះ កំពុង​តែ​សាកល​ជំនឿ​របស់​ពួក​គេ ឲ្យ​សុទ្ធ​ដូច​មាស​(១ពេត្រុស ១:៧)។

អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា ជីវិត​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ភ្លើង​របស់​អ្នក​ចម្រាញ់​មាស ដែល​ទទួល​រង​នូវ​កម្តៅ​នៃភាព​អន់​ថយ ជំងឺ ឬ​បញ្ហា​ប្រឈម​ផ្សេង​ៗ​។ ប៉ុន្តែ ​ជា​ញឹក​ញាប់ ព្រះ​ជា​ម្ចាស់​បាន​ប្រើ​ទុក្ខ​លំបាក ដើម្បី​បន្សុទ្ធ​មាសនៃ​ជំនឿ​របស់​យើង ឲ្យ​បាន​សុទ្ធ​ល្អ។ ពេល​ដែល​យើង​កំពុង​តែ​ឈឺ​ចាប់ យើង​ប្រហែល​ជា​ទូល​អង្វរ​ព្រះ​ជា​ម្ចាស់ ឲ្យ​ដក​ការ​ឈឺ​ចាប់​នោះ​ភ្លាម​ៗ ប៉ុន្តែ ព្រះ​អង្គ​ជ្រាប​ថា ទុក្ខ​លំបាក​ទំាង​នោះ​មាន​ប្រយោជន៍​ចំពោះ​យើង ទោះ​ការ​រស់នៅ​របស់​យើង​មាន​ការ​ឈឺ​ចាប់​ក៏​ដោយ។ ស្ថិត​ក្នុង​ពេល​បែប​នេះ ចូរ​យើង​បន្ត​ភ្ជាប់​ទំនាក់​ទំនង ជា​មួយ​ព្រះ​អង្គសង្រ្គោះ ដោយ​ស្វែង​រក​ការ​កម្សាន្ត​ចិត្ត និង​សន្តិ​ភាព​របស់​ព្រះ​អង្គ។​—Linda Washington