ស្រ្តី​ម្នាក់​ដែល​ខ្ញុំ​ស្គាល់ បាន​រៀប​គម្រោង​ធ្វើ​កម្ម​វិធី​មួយ នៅ​ក្នុង​សួន​ច្បារ​ក្នុង​តំបន់ ហើយ​​ក៏​បាន​អញ្ជើញ​ក្មេង​ៗ ក្នុង​តំបន់​ដែល​គាត់​រស់​នៅ ឲ្យ​ចូល​រួម។ គាត់​មាន​ចិត្ត​រំភើប​រីក​រាយ ពេល​ដែល​គាត់​មាន​ឱកាស​ចែក​ចាយ អំពី​ជំនឿ​របស់​គាត់ ដល់​អ្នក​ជិត​ខាង នៅ​ថ្ងៃ​នោះ។​

គាត់​បាន​ជ្រើស​រើស​ចៅ​ទាំង​បី​នាក់​របស់គាត់​ និង​សិស្ស​វិទ្យាល័យ​ពីរ​នាក់ ឲ្យ​ជួយ​គាត់ ក្នុង​កម្ម​វិធី​នេះ ដោយ​ចែក​ក្រដាស់​កិច្ចការ​ឲ្យ​ក្មេង​ៗ រៀប​ចំ​ល្បែង​កម្សាន្ត និង​សកម្ម​ភាព​ដទៃ​ទៀត រៀប​ចំ​អាហារ ត្រៀម​ចែក​ចាយ​រឿង​អំពី​ព្រះ​យេស៊ូវ ដល់​ក្មេង​ៗ និង​រង់​ចាំ​ក្មេង​ៗ​មក​ជុំ​គ្នា។

នៅ​ថ្ងៃ​ទី​មួយ គ្មាន​ក្មេង​ណា​ម្នាក់​មក​ចូល​រួម។ នៅ​ថ្ងៃ​ទីពីរ និង​ទី​បី ក៏​នៅ​តែ​គ្មាន​ក្មេង​មក​ចូល​រួម។ ប៉ុន្តែ រៀង​រាល់​ថ្ងៃ មិត្ត​សំឡាញ់​របស់​ខ្ញុំ​ម្នាក់​នេះ​បាន​បន្ត​សកម្ម​ភាព​ប្រចាំ​ថ្ងៃ ជា​មួយ​ចៅ​ៗ និង​ជំនួយ​ការ​ទាំង​នោះ។​

នៅ​ថ្ងៃ​ទី​៤ គាត់​ក៏​បាន​ឃើញ​គ្រួសារ​មួយ កំពុង​តែ​ញាំ​អាហារ​កម្សាន្ត​ នៅ​ក្នុង​សួន​ច្បារ​នោះ។ គាត់ក៏​បាន​អញ្ជើញក្មេង​ៗ ឲ្យ​ចូល​រួម ក្នុង​ល្បែង​កម្សាន្ត។ មាន​ក្មេង​ស្រី​តូច​ម្នាក់​បាន​មក​ចូល​រួម ដោយ​ញាំ​អាហារ​ជា​មួយ​ពួក​គេ ហើយ​ក៏​បាន​ស្តាប់​រឿង​អំពី​ព្រះ​យេស៊ូវ។ ក្មេង​ស្រី​តូច​ម្នាក់​នេះ​ប្រហែល​ជា​នៅ​ចាំ​ពេល​ដ៏​រីក​រាយ​នេះ ជា​ច្រើន​ឆ្នាំក្រោយ​មក​ទៀត។ តើ​នរណា​ដឹង​ថា ពួក​គេ​នឹង​សម្រេច​បាន​លទ្ធ​ផល​អ្វី​ នៅ​ពេល​ខាង​មុខ? ព្រះ​ជា​ម្ចាស់​បាន​លើកទឹក​ចិត្ត​យើង តាម​រយៈ​កណ្ឌ​គម្ពីរ​កាឡាទី​ថា “កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ ដូច្នេះ កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម”(៦:៩-១០)។

ចូរ​យើង​កុំ​ព្រួយ​បារម្ភ អំពី​ចំនួន​មនុស្ស​ចូល​រួម ឬ​រង្វាស់​នៃ​ជោគ​ជ័យ ដែល​យើង​ឃើញ​នឹង​ភ្នែក។ អ្វី​ដែល​យើង​ត្រូវធ្វើ​នោះ គឺ​ត្រូវ​មាន​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​កិច្ចការ​អ្វី ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ធ្វើ ហើយ​ថ្វាយ​លទ្ធ​ផល​ ឲ្យ​ព្រះ​អង្គ​ជា​អ្នក​សម្រេច។ ព្រោះ​ព្រះ​អង្គ​ជា​អ្នក​សម្រេច​លទ្ធ​ផល។​—David H. Roper