អ្នកស្រី​ខូរី ធែន ប៊ូម(Corrie ten Boom) ជា​អ្នក​ដែល​បាន​រួច​ជីវិត នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍។ គាត់​យល់អំពី​សារៈ​សំខាន់​នៃ​ការ​អត់​ឱន​ទោស។  គាត់​បាន​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ការ​ធ្វើ​ដំណើរ​វែង​ឆ្ងាយ ថ្វាយ​ព្រះ​អម្ចាស់ ។ ក្នុង​សៀវ​ភៅ​នេះ គាត់​មាន​ប្រសាសន៍​ថា គាត់​ចូល​ចិត្ត​គិត​អំពី​ទិដ្ឋ​ភាព​ដែល​ព្រះ​ជា​ម្ចាស់​បោះអំពើ​បាប ដែល​បាន​អត់​ទោស​ឲ្យ ចូល​ទៅ​ក្នុង​សមុទ្រ។ គាត់​មាន​ប្រសាសន៍​ទៀត​ថា “ពេល​ណា​យើង​សារ​ភាពអំពើ​បាប​របស់​យើង ព្រះ​ទ្រង់​បោះ​អំពើ​បាប​ទំាង​អស់​នោះ ចូល​ទៅ​ក្នុង​សមុទ្រ​ដ៏​ជ្រៅ គឺ​កប់​បាត់​ជា​រៀង​រហូត…ខ្ញុំជឿ​ថា ព្រះ​ជា​ម្ចាស់​ក៏​បាន​ដាក់​ផ្លាក​នៅ​លើ​ផ្ទៃ​ទឹក ដើម្បី​ហាម​កុំ​ឲ្យ​យើង​ស្ទូច​យក​ពួក​វា​មក​វិញ”។

ត្រង់​ចំណុច​នេះ គាត់​ចង់​ឲ្យ​យើង​ដឹង​ថា ពេល​ណា​ព្រះ​ទ្រង់​អត់​ទោស​ឲ្យ​អំពើ​បាប​របស់​យើង នោះ​ព្រះ​អង្គ​ក៏​បានអត់​ទោស​ឲ្យ​យើង​ទាំង​ស្រុង​ផង​ដែរ។ នេះ​ជា​សេចក្តី​ពិត​ដ៏​សំខាន់​មួយ ដែល​ជួន​កាល អ្នក​ជឿ​ព្រះ​យេស៊ូវ​មិន​បាន​យល់។ យើង​មិន​ចាំ​បាច់​ត្រូវ​គាស់​កាយ ឬ​ស្ទូច​អំពើ​ដ៏​ខ្មាស់​អៀន​ទាំង​នោះ​មក​វិញ នៅ​ក្នុង​អារម្មណ៍​ដ៏​អាប់​អួរ​របស់​យើង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​អាច​ទទួល​យក​ព្រះ​គុណ និង​ការ​អត់​ទោស​បាប​របស់​ព្រះ​អង្គ ដោយ​ដើរតាម​ព្រះ​អង្គ ក្នុង​សេរីភាព​ដ៏​ពេញ​លេញ។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១៣០ បាន​ប្រកាស់​ថា “​ទ្រង់​មាន​ព្រះហឫទ័យ​អត់​ទោស​”។ បាន​សេចក្តី​ថា ព្រះ​ទ្រង់​ជាព្រះ​ដ៏​យុត្តិធម៌ តែ​ព្រះ​អង្គ​ក៏​អត់​ទោស​បាប ឲ្យ​អ្នក​ណា ដែល​ប្រែ​ចិត្ត​ចេញ។​ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ​ក៏បាន​រង់​ចាំ​ព្រះ​អម្ចាស់ ដោយ​ទុក​ចិត្ត​ព្រះ​អង្គ​(ខ.៥) ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​ប្រកាស់​ដោយ​ជំនឿ​ថា ព្រះអង្គ​នឹង​ប្រោស​លោះ​សាសន៍​អ៊ីស្រា​អែល ឲ្យ​រួច​ពី​អំពើ​បាប​(ខ.៨)។ អ្នក​ដែល​ជឿ​ព្រះ​អង្គ និង​រក​ឃើញ “ការ​ប្រោសលោះ​ដ៏​ពេញ​លេញ”(ខ.៧)។

ពេល​ណា​ភាព​អាម៉ាស់ និង​ការ​មិន​ឲ្យ​តម្លៃ​ខ្លួន​ឯង បាន​ដឹត​ជាប់​ក្នុង​អារម្មណ៍​យើង យើង​មិន​អាច​បម្រើ​ព្រះ ឲ្យ​អស់​ពី​ចិត្ត​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​នៅ​ជាប់​ក្នុង​អតីត​កាល​របស់​យើង។ បើ​សិន​​ជា​អ្នក​មាន​អារម្មណ៍​ថា មិន​អាចរីក​ចម្រើន​ទៅ​មុខ​ទៀត ដោយ​សារ​កំហុស​ដែល​អ្នក​បាន​ធ្វើ ​នោះ​ចូរ​ទូល​សូម​ឲ្យ​ព្រះ​ជួយ​អ្នក​ ឲ្យ​មាន​ការ​ជឿ​ជាក់​ទាំង​ស្រុង ចំពោះ​អំណោយ​នៃ​ការ​អត់​ទោស​បាប និង​ជីវិត​ថ្មី។ ព្រះ​អង្គ​បាន​បោះ​អំពើ​បាប​របស់​អ្នក​ចូល​ទៅ​ក្នុងមហា​សមុទ្រ​ហើយ។​—Amy Boucher Pye