មនុស្ស​ចូល​ចិត្ត​បង្កើត​ឲ្យ​មាន​ “រលក”។ នៅ​ក្នុង​ការ​ប្រកួត​កីឡា និង​ការ​ប្រគុំ​តន្រ្តី នៅ​ទូទំាង​ពិភព​លោក ទស្ស​និក​ជន​បាន​ចាប់​ផ្តើម​បង្កើត​ឲ្យ​មាន​រលក ដោយ​ជា​ដំបូង មនុស្ស​ពីរ​បី​នាក់​បាន​ក្រោក​ឈរ ហើយ​លើក​ដៃ​ឡើង។ ភ្លាម​ៗ​នោះ​មក អ្នក​ដែល​អង្គុយ​នៅ​ក្បែរ​ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​តាម​ជា​បន្ត​បន្ទាប់។ គោល​ដៅ​របស់​ពួក​គេ គឺ​ដើម្បី​បង្កើត​ឲ្យ​មានចលនា​ដ៏​រលូន​មួយ ដែល​ធ្វើ​បន្ត​គ្នា​ពី​មួយ​ទៅ​មួយ​យ៉ាង​ស្រុះ​គ្នា បង្កើត​ជា​ទឹក​រលក ជុំវិញ​ពហុ​កីឡាស្ថាន​។ ពេល​ណា​ចលនា​ទឹក​រល​កនោះ បាន​ទៅ​ដល់​ចុងបញ្ចប់ អ្នក​ដែល​បាន​ចាប់​ផ្តើម​វា ក៏​បាន​ញញឹម និង​ស្រែកហូរ ហើយ​បន្ត​ធ្វើ​ចលនា​ដដែល​នោះ​ទៀត។​

គេ​បាន​សង្កេត​ឃើញ​ការ​ធ្វើ​ទឹក​រលក​ក្នុង​កន្លែង​ប្រកួត​កីឡា​នេះ​ជា​លើកទី​មួយ ក្នុង​ការ​ប្រកួត​កីឡា​បេស​ប៊ល​អាជីព រវាង​ក្រុម​អូកលែន អាត់លែតទិក និង​ក្រុម​ញូយ៉ក យែងគី នៅ​ឆ្នាំ​១៩៨១។ ខ្ញុំ​ចូល​ចិត្ត​ចូល​រួម​នៅ​ក្នុង​ការ​ធ្វើ​ទឹក​រលក​នេះ ដើម្បី​ជា​ការ​កម្សាន្ត​សប្បាយ។ ប៉ុន្តែ ភាព​សប្បាយ​រីក​រាយ និង​ការ​រួប​រួម​គ្នា ដែល​យើង​មាន នៅ​ក្នុង​ការធ្វើ​ទឹក​រលក​នេះ បាន​រំឭក​ខ្ញុំ អំពី​ដំណឹង​ល្អ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះ​យេស៊ូវ ដែល​បាន​បង្រួប​បង្រួម​អ្នក​ជឿ នៅគ្រប់​ទិសទី ដោយ​ការ​សរសើរ​ដំកើង និង​ក្តី​សង្ឃឹម។ នេះ​ជា​រលក​ដ៏​ធំ​បំផុត ដែល​បាន​ចាប់​ផ្តើម​ពី​ទីក្រុង​យេរូសាឡិម កាល​ពី​២០​សតវត្សរ៍​កន្លង​មក​ហើយ។ ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​សមាជិក​ពួក​ជំនុំ នៅ​ទីក្រុង​កូល៉ុស គាត់​បាន​ពិពណ៌នា​ថា ដំណឹង​ល្អ “ដែល​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ ដូច​ជា​ដល់​លោកីយ៍​ទាំង​មូល​ដែរ ក៏​កំពុង​តែ​បង្កើត​ផល ហើយ​ចំរើន​ឡើង ដូច​ក្នុង​ពួក​អ្នក​រាល់​គ្នា ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​ស្គាល់​ព្រះគុណ​នៃ​ព្រះ​ជា​ប្រាកដ”(កូល៉ុស ១:៦)។ លទ្ធ​ផល​នៃ​ការ​ប្រកាស់​ដំណឹង​ល្អ​នេះ បាន​នំា​មក​នូវ​ក្តីសង្ឃឹម និង​ក្តី​ស្រឡាញ់ ដែល​កើត​ចេញ​ពី​ក្តី​សង្ឃឹម ដែល​បាន​បម្រុង​ទុក​ឲ្យ​យើង​នៅ​​ស្ថាន​សួគ៌​(ខ.៥)។

ក្នុង​នាម​យើង ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ យើង​ជា​ផ្នែក​មួយ​នៃ​រលក​ធំ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត ចូរ​យើង​បន្ត​ទៅ​ជា​មួយរលក​នោះ! នៅ​ចុង​បញ្ចប់ យើង​នឹង​បាន​ឃើញ​ព្រះ​ភ័ក្រ​ញញឹម របស់​ព្រះ​មួយ​អង្គ ដែល​បាន​ចាប់​ផ្តើម​រលក​នេះ។​—James Banks