កាលពី​ពេលថ្មី​ៗ​នេះ ខ្ញុំ​បាន​អាន​សំបុត្រ​មួយ​គំនរ ដែល​ឪពុក​ខ្ញុំ បាន​សរសេរ​ផ្ញើ​ឲ្យ​ម្តាយ​ខ្ញុំ កាលពី​សម័យ​សង្រ្គាម លោក​លើក​ទី២​។ កាល​នោះ ឪពុក​ខ្ញុំ​នៅ​តំបន់​អាហ្វ្រិក​ខាង​ជើង ហើយ​ម្តាយ​ខ្ញុំ​នៅ​ភាគ​ខាង​លិច​នៃ​រដ្ឋ​វើជីនា​ សហរដ្ឋ​អាមេរិក។ ឪពុក​របស់​ខ្ញុំ​ជា​នាយ​ទាហ៊ាន ថានៈ​អនុសេនីយ​ទោ ក្នុង​ជួរ​ទ័ព​សហ​រដ្ឋ​អាមេរិក។ គាត់​មាន​ភារៈ​កិច្ចពិនិត្យ​មើល​សំបុត្រ​របស់​ទាហាន ដើម្បី​ការពារ​មិន​ឲ្យ​ពត៌​មាន​សំខាន់​ៗ លេច​ឮ​ដល់​កង​ទ័ព​សត្រូវ។ ដូច​នេះ វា​ជារឿង​ដែល​គួរ​ឲ្យ​អស់​សំណើច នៅ​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ស្រោម​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ម្តាយ​ខ្ញុំ មានត្រា​មួយ ដែល​មាន​អក្សរ​សរសេរ​ថា “បាន​ត្រួត​ពិនិត្យ ដោយ​អនុសេនីយទោ ចន ប្រ៊ែននុន(John Branon)”។ ជាការ​ពិត​ណាស់ សូម្បី​តែ​សំបុត្រ​របស់​គាត់ ក៏​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​របស់​គាត់​ផង​ដែរ។​

ការ​ពិនិត្យ​មើល​ខ្លួន​ឯង គឺ​ពិត​ជា​គំនិត​ដ៏​ល្អ​មួយ សម្រាប់​យើង​រាល់​គ្នា។ ក្នុង​ព្រះ​គម្ពីរ​ប៊ីប មាន​ខគម្ពីរ​ជា​ច្រើន ដែលបាន​និយាយ​អំពី​ការ​ឆែក​ពិនិត្យ​មើល​ខ្លួន​ឯង ដើម្បី​រក​មើល​អ្វី​ដែល​មិន​ត្រឹម​ត្រូវ  និង​មិន​បាន​ថ្វាយ​ព្រះ​កិត្តិនាម​ដល់ព្រះ​។ ឧទាហរណ៍ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​អធិស្ឋាន​ថា “ឱ​ព្រះអង្គ​អើយ សូម​ពិនិត្យ​មើល ឲ្យ​បាន​ស្គាល់​ចិត្ត​ទូលបង្គំ​ផង … សូម​ទត​មើល​បើ​មាន​អំពើ​អាក្រក់​ណា​នៅ​ក្នុង​ទូលបង្គំ”(ទំនុកដំកើង ១៣៩:២៣-២៤)។ លោកយេរេមា ក៏​បាន​បង្គាប់​យើង​ផង​ដែរ​ថា ​“ចូរ​យើង​ពិចារណា ហើយ​ល្បង​ល​ផ្លូវ​ដែល​យើង​ប្រព្រឹត្ត រួច​ត្រឡប់​បែរ​ទៅ​ឯ​ព្រះយេហូវ៉ា​វិញ​ចុះ”(បរិទេវ ៣:៤០)។ ហើយ​នៅ​ក្នុង​ការ​បង្រៀន​អំពី​សណ្ឋាន​នៃ​ចិត្ត​របស់​យើង ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់ សាវ័ក​ប៉ុល​ក៏​បាន​មាន​ប្រសាសន៍​ថា “ត្រូវ​ឲ្យ​មនុស្ស​ល្បង​ខ្លួន​ឯង​មើល រួច​សឹម​បរិភោគ​នំបុ័ង ហើយ​ផឹក​ពី​ពែង​នេះ​ចុះ”(១កូរិនថូស  ១១:២៨)។

ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ងាក​ចេញ​ពី​អាកប្ប​កិរិយា ឬ​ការ​ប្រព្រឹត្ត​ដែល​ព្រះ​មិន​សព្វ​ព្រះ​ទ័យ។ ដូច​នេះ មុន​ពេល​យើង​ចេញ​ទៅ​ក្រៅ នៅ​ថ្ងៃ​នេះ ចូរ​យើង​ស្វែង​រក​ជំនួយ​ពី​ព្រះ​វិញ្ញាណ ដើម្បី​ធ្វើ​ការ​ពិនិត្យ​មើល​ខ្លួន​ឯង ដើម្បី​ឲ្យ​យើង​អាច​ “វិល​ត្រឡប់​ទៅ​រក​ព្រះ​អម្ចាស់” ដោយ​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ។​—Dave Branon