“តើ​មាន​គេ​អធិស្ឋាន​ឲ្យ​បង​ទេ?” នេះជា​សំណួរ​មួយ ក្នុង​ចំណោម​សំណួរ​ដំបូង​គេ ដែល​បេសក​ជន​ម្នាក់​បាន​ចោទ​សួរ​ភរិយា​គាត់ ពេលណា​គេ​អនុញ្ញាត​ឲ្យ​នាង ចូល​សួរ​សុខ​ទុក្ខ​គាត់ ក្នុង​គុក។ គេ​បាន​ចោទ​បង្ខូច​គាត់ ហើយ​ក៏​បាន​ចាប់​គាត់​ដាក់​គុក ​អស់ពីរ​ឆ្នាំ ដោយ​សារ​ជំនឿ​របស់​គាត់។ ជីវិត​របស់​គាត់​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ ជា​ញឹក​ញាប់ ដោយ​សារ​តែ​ស្ថាន​ភាព​ដ៏​អាក្រក់ និងការ​បៀត​បៀន នៅ​ក្នុង​គុក ហើយ​អ្នក​ជឿ​ព្រះ នៅ​ទូទាំង​ពិភព​លោក បាន​នាំ​គ្នា​អធិស្ឋាន​ឲ្យ​គាត់​ អស់​ពី​ចិត្ត។ គាត់​ចង់​ឲ្យ​ពួក​គេ នៅតែ​បន្ត​អធិស្ឋានឲ្យ​គាត់ ព្រោះ​គាត់​ជឿ​ថា ព្រះ​ជា​ម្ចាស់​កំពុង​តែ​ប្រើ​ការ​អធិស្ឋាន​របស់​ពួក​គេ តាម​របៀប​ដ៏​មាន​អំណាច​ចេស្តា។​

ការ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ជា​ពិសេស អ្នក​ដែល​កំពុង​ទទួល​រង​ការ​បៀត​បៀន​ដោយ​សារ​ជំនឿ គឺ​ជា​អំណោយ​ដ៏​សំខាន់ សម្រាប់​ពួក​គេ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​យ៉ាង​ច្បាស់ អំពី​រឿង​នេះ ពេល​ដែល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​គ្រីស្ទ​បរិស័ទ នៅ​ទីក្រុង​កូរិនថូស អំពី​ទុក្ខ​លំបាក ដែល​គាត់​បាន​ជួប​ប្រទះ ក្នុង​អំឡុង​ពេល​ដែល​គាត់​កំពុង​ធ្វើ​ដំណើរ​បេសក​កម្ម។ កាល​នោះ គាត់កំពុង​តែ​ស្ថិត​នៅ​ក្រោម​សម្ពាធ​ធ្ងន់​ណាស់ បាន​ជា​គាត់​មិន​សង្ឃឹម​ថា នឹង​នៅ​មាន​ជីវិត​រស់​ឡើយ(២កូរិនថូស ១:៨)។ ប៉ុន្តែ បន្ទាប់​មក គាត់​បាន​ប្រាប់​ពួក​គេ​ថា ព្រះ​ទ្រង់​បាន​រំដោះ​គាត់​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នោះ ហើយ​គាត់​បាន​រៀប​រាប់​ថា “​យើង​ខ្ញុំ​សង្ឃឹម​ថា ទ្រង់​នឹង​ប្រោស​ឲ្យ​រួច​ទៅ​មុខ​ទៀត​ដែរ ដោយ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ជួយ​អង្វរ​ជួស​យើង​ខ្ញុំ​ផង”(ខ.១០-១១)។ ដូច​នេះ ព្រះ​ទ្រង់​បាន​ការ​អធិស្ឋាន ជា​ឧបករណ៍ ដើម្បី​រំដោះ​យើង​រាល់​គ្នា​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។

ព្រះ​ជាម្ចាស់​ធ្វើ​ការ តាម​រយៈ​ការ​អធិស្ឋាន​របស់​យើង ដើម្បី​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ ក្នុង​ជីវិត​របស់​រាស្រ្ត​ព្រះ​អង្គ។ វិធី​មួយ ក្នុង​ចំណោម​វិធី​ល្អ​បំផុត ដើម្បី​ស្រឡាញ់​អ្នក​ដទៃ គឺ​ត្រូវ​អធិស្ឋាន​ឲ្យ​ពួក​គេ​ ព្រោះ​តាម​រយៈ​ការ​អធិស្ឋាន​របស់​យើង យើង​កំពុង​តែ​បើក​ទ្វារ​ឲ្យ​គេ​ទទួល​ទទួល​ជំនួយ ដែល​មាន​តែ​ព្រះ​ទេដែល​អាច​ប្រទាន​ឲ្យ​បាន។ ពេល​ណា​យើង​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ គឺ​មាន​ន័យ​ថា យើងកំពុង​តែ​ស្រឡាញ់​ពួក​គេ ដោយ​ពឹង​អាង​កម្លាំង​ព្រះ​អង្គ។ គ្មាន​នរណា​ធំ​ប្រសើរ​ជាង ឬ​មាន​ក្តីស្រឡាញ់​ជាង​ព្រះ​អង្គ​នោះ​ឡើយ​។​ —James Banks