ពេល​ដែល​បង​ប្រុស​ខ្ញុំ ឈ្មោះ​ដាវីឌ បាន​បាត់​បង់​ជីវិត​ភ្លាម​ៗ ដោយ​សារ​ជម្ងឺ​គាំង​បេះ​ដូង ទស្សនៈ​ដែល​ខ្ញុំ​មាន ចំពោះ​ជីវិត ក៏មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។ ដាវីឌ​គឺ​ជា​កូន​ទី​៤ ក្នុង​ចំណោម​កូន​ទាំង​៧ ប៉ុន្តែ គាត់​បាន​លា​ចាក​លោក​មុន​គេ ហើយ​លក្ខណៈ​នៃការ​លាចាក​លោក​ដែល​មិន​នឹក​ស្មាន​ដល់​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​សញ្ជឹង​គិត​ច្រើន​ណាស់។ កាល​នោះ​ ខ្ញុំ​បាន​មើល​ឃើញ​ថា ពេល​ដែល​វ័យ​យើង​កាន់​តែ​ចាស់ អនាគត​នៃ​គ្រួសារ​យើង​បាន​ដិត​ជាប់​ទៅ​ដោយ​ការ​បាត់​បង់ ច្រើន​ជាង​ការ​ចំណេញ។ វា​នឹងមាន​ការ​លា​គ្នា ច្រើន​ជាង​ការ​សួ​ស្តី​។​

ការ​យល់​ដឹង អំពី​រឿង​នេះ មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​ជីវិត​មនុស្ស​មាន​លក្ខណៈ​ដូច​នេះ​ឯង។ ប៉ុន្តែ ការ​យល់​ដឹងអំពី​រឿង​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ចាប់។ វា​បាន​នាំ​ឲ្យ​យើង​ចាប់​ផ្តើម​ឲ្យ​តម្លៃ​មក​លើ​ពេល​វេលា​នីមួយ​ៗ ដែល​មានក្នុង​ជីវិត និង​ឲ្យ​តម្លៃ​មក​លើ​ឱកាស​នីមួយ​ៗ ដែល​យើង​មាន។ ហើយ​យើង​នឹង​ឲ្យ​តម្លៃ មក​លើ​ការ​ជួប​ជុំ​គ្នា​ជា​ថ្មី នៅ​នគរ​ព្រះ នៅ​ពេល​អនាគត ដែល​នៅ​ទីនោះ យើង​មិន​ចាំ​បាច់​និយាយ​លា​គ្នា​ទៀត​ឡើយ។

បទ​គម្ពីរ​វិវរណៈ ២១:៣-៤ បាន​លើក​ទឹក​ចិត្ត​យើង​ថា “ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះអង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្តី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ”។

ទោះ​ក្នុង​ជីវិត​យើង​នៅ​លើ​ផែន​ដី យើង​ប្រហែល​ជា​ជួប​ការ​បែក​គ្នា​ រយៈ​ពេល​វែង ប៉ុន្តែ ដោយ​សារ​ជំនឿ​លើ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ​ នោះ​យើង​នឹង​បាន​ជួប​ជុំ​ជា​មួយ​អ្នក​ជឿ​ដទៃ​ទៀត នៅ​នគរ​ស្ថាន​សួគ៌​ ដោយ​លែង​បែក​គ្នា​ជា​រៀង​រហូត។—Bill Crowder