សត្វ​ខ្មូត​ចង្កៀង ដែល​មាន​សម្បុរ​អុច​ៗ ជា​សត្វ​ល្អិត​ដែល​មាន​សម្រស់​ស្អាត ដោយ​ស្លាប​ក្រៅ​របស់​វា​មាន​ស្នាម​អុច​ៗ ហើយស្លាប​ក្នុង​មាន​ពណ៌​ក្រហម​ខ្ចី ដែល​បញ្ចេញ​ពន្លឺ​ភ្លែត​ៗ ពេល​វា​ហើរ។ ប៉ុន្តែ សម្រស់​របស់​វា​មាន​លក្ខណៈ​បោក​បញ្ឆោត​។ គេបាន​ឃើញ​សត្វ​ល្អិត​នេះ​មាន​វត្ត​មាន​នៅ​សហរដ្ឋ​អាមេរិក​ជា​លើក​ដំបូង ក្នុង​ឆ្នាំ​២០១៤ ហើយ​គេ​ក៏​បាន​ចាត់​ទុក​វា​ជា​ពូជ​សត្វ​រាត​ត្បាត នៅ​តំបន់​អាមេរិក​ខាង​ជើង បាន​សេចក្តី​ថា វា​មាន​សក្តានុ​ពល នៅ​ក្នុង​ការ​បង្ករ​ការ​ខូច​ខាត​ដល់​បរិស្ថាន និង​សេដ្ឋ​កិច្ច។ ពួក​វា​ស៊ី​បំផ្លាញ​ដើម​ឈើ​គ្រប់​ប្រភេទ ដោយ​មិន​រើស​មុខ ដែល​រាប់​បញ្ចូល​ទំាង​ដើម​សេរីហ្ស និង​ដើម​ឈើ​ហូប​ផ្លែ​ដទៃ​ទៀត ហើយ​បន្សល់​ទុក​នូវ​សារ​ធាតុ​ស្អិត​ៗ ដែល​នាំ​ឲ្យ​មាន​ផ្សិត​ដែល​ធ្វើ​ឲ្យ​ដើម​ឈើ​ងាប់ ឬ​ធ្វើ​ឲ្យ​ដើម​ឈើ​មិន​សូវ​មាន​កម្លាំង​បង្កើតផល​ផ្លែ។​

នៅ​ក្នុង​រឿង​អ័ដាម និង​នាង​អេវ៉ា យើង​បាន​សិក្សា​អំពី​សភាវៈ​អាក្រក់​មួយ​ប្រភេទ​ទៀត។ សាតាំង​​ជា​សត្វ​ពស់​ ដែល​បាន​បោក​បញ្ឆោត​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ មិន​ឲ្យ​ស្តាប់​បង្គាប់​ព្រះ ដោយ​បរិភោគ​ផ្លែ​ដឹង​ខុស​ត្រូវ ក្នុង​បំណង​ដើម្បី​ឲ្យ​បាន “ដូច​ព្រះ” (លោកុប្បត្តិ ៣:១-៧)។ ប៉ុន្តែ​ ហេតុ​អ្វី​ពួក​គេ​ស្តាប់​សត្វ​ពស់? តើ​ពាក្យ​សម្តី​របស់​វា​បាន​លួង​លោម​នាង​អេវ៉ា ឬ​វា​មាន​លក្ខណៈ​អ្វីដែល​ទាក់​ទាញ? ព្រះ​គម្ពីរ​បាន​ឲ្យ​តម្រុយ​ថា ព្រះ​ជា​ម្ចាស់​បាន​បង្កើត​សាតាំង​មក​ឲ្យ​មាន​រូប​សម្រស់​ស្អាត​(អេសេគាល ២៨:១២)។ ប៉ុន្តែ វា​ចង់​ធ្វើ​ឲ្យ​ខ្លួន​វា​ដូច​ព្រះ​(អេសាយ ១៤:១៤ និង អេសេគាល ២៨:៩)។

បន្ទាប់​ពី​វា​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប វា​បាន​ប្រើ​សម្រស់​របស់​វា​ ដើម្បី​បោក​បញ្ឆោត​(លោកុប្បត្តិ ៣:១ យ៉ូហាន ៨:៤៤ ២កូរិនថូស ១១:១៤)។ វា​បាន​ព្យាយាម​ទាញ​មនុស្ស​ឲ្យ​ធ្លាក់​ចូល​ក្នុង​អំពើ​បាប ដូច​វា​ដែរ ឬ​ព្យាយាម​រារំាង​ពួក​គេ​មិន​ឲ្យ​លូត​លាស់។ ប៉ុន្តែ យើង​មាន​ព្រះ​ដែល​មាន​អំណាច​ចេស្តា​ខ្លំាង​ជាង​វា​ឆ្ងាយ​ណាស់! យើង​អាច​រត់​ទៅ​រក​ព្រះ​យេស៊ូវ  ដែល​ជា​ព្រះ​អង្គ​សង្រ្គោះ ដែល​មាន​សម្រស់​ល្អ​គ្រប់​យ៉ាង។​—Alyson Kieda