លោក​ម៉ាក ថ្វេន(Mark Twain) ដែល​ជា​អ្នក​និពន្ធ​បាន​លើក​ឡើង​ថា ទស្សនៈ ឬ​ការ​មើល​ឃើញ​ដែល​យើង​មាន​ចំពោះ​ជីវិតយើង អាច​មាន​ឥទ្ធិ​ពល​មក​លើ​ជំហាន​បន្ទាប់​របស់​យើង ហើយ​ថែម​ទាំង​មាន​ឥទ្ធិ​ពល​មក​លើ​ជោគ​វាសនា​របស់​យើង​ផង​ដែរ។ លោក​ថ្វេន​បាន​មាន​ប្រសាសន៍​ថា “អ្នក​មិន​អាច​ពឹង​ផ្អែក​លើ​ភ្នែក​របស់​អ្នក​បាន​ទេ ពេល​ដែល​ការ​ស្រមៃ​របស់​អ្នក​មិន​មាន​ការ​ផ្តោត​ចិត្ត”។​

សាវ័ក​ពេត្រុស​ក៏​បាន​និយាយ​អំពី​ការ​មើល​ឃើញ​ផង​ដែរ ពេល​ដែល​គាត់​ឆ្លើយ​តប ចំពោះ​អ្នក​សុំទាន​ម្នាក់​ ដែល​ជា​ជន​ពិការ។ កាល​នោះ គាត់ និង​សាវ័ក​យ៉ូហាន​បាន​ជួប​អ្នក​សុំទាន​នោះ នៅ​ច្រក​ទ្វារ​ព្រះ​វិហារ​ក្រុង​យេរូសាឡិម ដែល​មាន​មនុស្ស​អ៊ូអរ​(កិច្ចការ ៣:២)។ ពេលដែលបុរសនោះសុំទានពួកគេ ពួកគេក៏បានមើលទៅគាត់ ហើយ លោកពេត្រុសក៏បានប្រាប់គាត់ថា “ចូរ​មើល​មក​យើង​ឯ​ណេះ”(ខ.៤)។

តើ​ហេតុអ្វី​គាត់​និយាយ​ដូច​នេះ? ក្នុង​នាម​ជា​ទូត​របស់​ព្រះ​គ្រីស្ទ លោក​ពេត្រុស​ទំនង​ជា​ចង់​ឲ្យ​អ្នក​សុំទាន​នោះ​ឈប់​មើល​ទៅចំណុច​ខ្វះ​ខាត​របស់​ខ្លួន ហើយ​ថែម​ទាំង​ឈប់​មើល​ទៅ​តម្រូវ​ការ​ផ្នែក​ហិរញ្ញ​វត្ថុ​ផង​ដែរ។ ពេល​គាត់​មើល​ទៅ​ពួក​សាវ័ក​ទាំង​ពីរ គាត់​ក៏​បាន​មើល​ឃើញ​ភាព​ពិត នៃ​ការ​មាន​ជំនឿ​លើ​ព្រះ។​

លោក​ពេត្រុស​ក៏​បាន​ប្រាប់​គាត់​ថា “ឯ​ប្រាក់ ហើយ​និង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក គឺ​ដោយសារ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ”(ខ.៦)។ បន្ទាប់​មក លោក​ពេត្រុស​ក៏​បាន “​ចាប់​ដៃ​ស្តាំ​លើក​គាត់​ឡើង ស្រាប់​តែ​ប្រអប់​ជើង និង​ភ្នែក​គោរ​របស់​គាត់ មាន​កំឡាំង​ឡើង​ភ្លាម  គាត់​ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ​ចូល​ទៅ​ក្នុង​ព្រះវិហារ​ជា​មួយ​នឹង​អ្នក​ទាំង​២​នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ព្រះ​ផង”(ខ.៧-៨)។

តើ​មាន​រឿង​អ្វី​កើត​ឡើង? បុរស​នោះ​បាន​មាន​ជំនឿ​លើ​ព្រះ​(ខ.១៦)។ គឺ​ដូច​ដែល​លោក​ឆាល ស្ពើជិន(Charles Spurgeon) ដែល​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ជំរុញ​យើង​ថា “ចូរ​ឲ្យ​ភ្នែក​របស់​យើង​ផ្តោត​ទៅ​លើ​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ”។ ពេល​ណា​យើង​មើលទៅ​ព្រះ​អង្គ យើង​មិន​ឃើញ​ឧបស័គ្គ​ទៀត​ឡើយ តែ​យើង​មើល​ឃើញ​ព្រះ ដែល​បាន​ធ្វើ​ឲ្យ​ផ្លូវ​យើង​ជ្រះ​ស្រឡះ។​—Patricia Raybon