មាន​ពេល​មួយ លោក​ជូលីយ៉ូស​ជិះ​កង់​ឆ្លង​ស្ពាន​ចច វ៉ាស៊ីនតោន ជា​ស្ពាន​ពីរ​ជាន់​ដ៏​មមា​ញឹក ដែល​បាន​តភ្ជាប់​ទីក្រុង​ញូយ៉ក និង​ទីក្រុង​ញូជ័រស៊ី។ ពេល​នោះ គាត់​ក៏​បាន​ឃើញ​បុរស​ម្នាក់ កំពុង​តែ​ឈរ​តោង​បង្កាន់​ដៃ​ស្ពាន ហៀប​នឹង​លោត​ចូល​ទៅ​ក្នុង​ទន្លេ​ហាត់សិន។ គាត់​ដឹង​ថា ប៉ូលីស​មិន​អាច​មក​ដល់​ទាន់​ពេល​វេលា​ទេ ដូច​នេះ គាត់​ក៏​បាន​ប្រញាប់​ចូល​ទៅ​ជួយ​បុរស​នោះ។ គាត់​ថា កាល​នោះ គាត់​បាន​ចុះ​ពី​លើ​កង់ ហើយ​លាត​សន្ធឹង​ដៃ​របស់​គាត់ ដោយ​និយាយ​ទៅ​កាន់​បុរស​នោះ​ថា “កុំ​លោត​អី។ ​ពួក​យើង​ស្រឡាញ់​អ្នក”។ បន្ទាប់​មក គាត់​ក៏​បាន​ចាប់​ទាញ​បុរស​ខូច​ចិត្ត​នោះ ដូច​អ្នក​គង្វាល​ចៀម​ទាញ​ចៀម​នឹង​ទំពក់ ហើយ​ក៏​បាន​នាំ​បុរស​នោះ​មក​កន្លែង​សុវត្ថិ​ភាព ដោយ​ជំនួយ​ពី​អ្នក​ដំណើរ​ម្នាក់​ទៀត។ គេ​បាន​រាយការណ៍​ថា កាល​នោះ លោក​ជូលីយ៉ូ​មិន​ព្រម​លែង​បុរស​នោះ​ឡើយ ទោះ​បុរស​នោះ​បាន​មក​ដល់​កន្លែង​សុវត្ថិ​ភាព​ហើយ​ក៏​ដោយ។​

កាល​ពី​ជាង​២​ពាន់​ឆ្នាំ​មុន ព្រះ​យេស៊ូវ​ ដែល​ជា​អ្នក​គង្វាល​ល្អ មាន​បន្ទូល​ថា ព្រះ​អង្គ​នឹង​លះ​បង់​ព្រះ​ជន្ម ដើម្បី​ជួយ​សង្រ្គោះ ហើយ​ព្រះ​អង្គ​នឹង​មិន​បោះ​បង់​ចោល​អ្នក​ដែល​ជឿ​ព្រះ​អង្គ​ឡើយ។ ព្រះ​អង្គ​បាន​ពិពណ៌នា​ថា ពួក​គេ​នឹង​ស្គាល់​ព្រះ​អង្គដោយ​ផ្ទាល់​ៗ​ខ្លួន ទទួល​អំណោយ​នៃ​ជីវិត​អស់​កល្ប និង​មិន​ត្រូវ​វិនាស​ឡើយ ហើយ​ពួក​គេ​នឹង​ជាប់​នៅ​ក្នុង​សុវត្ថិ​ភាព នៃ​ការ​ថែ​រក្សា​របស់​ព្រះ​អង្គ។ សុវត្ថិភាព​នេះ មិន​អាស្រ័យ​ទៅ​លើ​សមត្ថ​ភាព​របស់​សត្វ​ចៀម​ដ៏​ទន់​ខ្សោយ តែ​ពឹង​ផ្អែក​ទៅ​លើ​ភាព​គ្រប់​គ្រាន់​នៃ​ព្រះ​ដ៏​ជា​អ្នក​គង្វាល ដែល​ទ្រង់​មិន​ឲ្យ​អ្នក​ណា​ឆក់​យក​ចៀម ចេញ​ពី​ព្រះ​ហស្ត​របស់​ទ្រង់​ឡើយ​(យ៉ូហាន ១០:២៨-២៩)។

កាល​យើង​មាន​អារម្មណ៍​ឈឺ​ចាប់ និង​អស់​សង្ឃឹម ព្រះយេស៊ូវ​បាន​ជួយ​សង្រ្គោះ​យើង បាន​ជា​យើង​អាច​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព និង​ជាប់​នៅ ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ។ ព្រះ​អង្គ​ស្រឡាញ់​យើង តាម​រក​យើង រក​ឃើញ​យើង ជួយ​សង្រ្គោះ ហើយ​សន្យា​ថា ព្រះ​អង្គ​នឹង​មិន​បោះ​បង់​យើង​ចោល​ឡើយ។​—Marvin Williams