អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ ខ្ញុំ​កំពុង​តែ​ទំនាក់​ទំនង​ជា​មួយ​យុវជន​ម្នាក់ ដែល​កំពុង​តែ​មាន​ការ​គិត​ស៊ី​ជម្រៅ ​អំពី​សេចក្តី​ជំនឿ។ នៅ​ពេល​មួយ​នោះ គាត់​បាន​សរសេរ​ថា “យើង​គ្រាន់​តែ​ជា​ចំណុច​ដ៏​តូច​ល្អិត​ក្រែ​លែង នៅ​លើ​ខ្សែ​បន្ទាត់​នៃ​ប្រវត្តិ​សាស្រ្ត​។ តើ​យើង​សំខាន់​ទេ?”

លោក​ម៉ូសេ ដែល​ជា​ហោរា​របស់​សាសន៍​អ៊ីស្រាអែល ក៏​យល់​ស្រប​ចំពោះ​ទស្សនៈ​នេះ​ផង​ដែរ បាន​ជា​គាត់​ពោល​ថា “​អាយុ​យើង​ខ្ញុំ​ឆាប់​កន្លង​ទៅ ហើយ​យើង​ខ្ញុំ​ហើរ​ទៅ​បាត់”(ទំនុកដំកើង ៩០:១០)។ ភាព​រួញ​ខ្លី​នៃជីវិត អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ព្រួយបារម្ភ ហើយ​នាំ​ឲ្យយើងឆ្ងល់​ថា តើ​យើង​សំខាន់​ទេ?

យើង​សំខាន់។ ព្រោះ​ព្រះ​ដែល​បាន​បង្កើត​យើង​មក ទ្រង់​ស្រឡាញ់​យើង​ ដោយ​សេចក្តី​ស្រឡាញ់​ដ៏ជ្រាល​ជ្រៅ អស់​កល្ប​ជានិច្ច​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ លោក​ម៉ូសេ​បាន​ពោល​ថា “ឱ​សូម​ចំអែត​យើង​ខ្ញុំ ដោយ​សេចក្តី​សប្បុរស​នៃ​ទ្រង់ នៅ​ពេល​ព្រឹក”(ខ.១៤)។ យើង​ជាមនុស្ស​សំខាន់  ព្រោះ​យើង​សំខាន់​ចំពោះ​ព្រះ។​

យើង​ក៏​សំខាន់ ព្រោះ​យើង​អាច​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ ដល់​អ្នក​ដទៃ។ ជីវិត​យើង​ខ្លី​មែន តែ​មាន​ន័យ បើ​សិន​ជា​យើង​បន្សល់​ទុក​នូវ​កេរ​ដំណែល នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ។ យើង​រស់​នៅ ក្នុង​ផែន​ដី​នេះ មិន​មែន​ដើម្បី​រក​លុយ​ឲ្យបាន​ច្រើន ហើយ​ចូល​និវត្ត​ឲ្យ​បាន​ស្រណុក​ស្រួល​នោះ​ទេ តែ​ដើម្បី “បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ” ដល់​អ្នក​ដទៃ ដោយ​បង្ហាញ​ពួក​គេ នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​។

សរុប​មក ជីវិត​នៅ​លើ​ផែន​ដី​មាន​ភាព​បណ្តោះ​អាសន្ន ប៉ុន្តែ យើង​ជា​ស្នា​ព្រះ​ហស្ត ដែល​ស្ថិត​ស្ថេរ​អស់​កល្ប។​ ដោយសារ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​យើង​នឹង​បាន​រស់​នៅ​ជា​មួយ​ព្រះ​អង្គ ក្នុង​នគរ​ស្ថាន​សួគ៌​ជា​រៀង​រហូត។ នេះ​ជា​អ្វី​ដេលលោក​ម៉ូសេ​ចង់​ប្រាប់​ឲ្យ​យើង​ដឹង ពេល​ដែល​គាត់​ធានា​យើង​ថា ព្រះ​អង្គ​នឹង “ចម្អែត​យើង​ខ្ញុំ ដោយ​សេចក្តី​សប្បុរស​នៃ​ទ្រង់ នៅ​ពេល​ព្រឹក”។ នៅ “ព្រឹក” នោះ យើង​នឹង​ក្រោក​ឡើង ដើម្បី​រស់​នៅ​ និង​ស្រឡាញ់ ហើយ​ទទួល​សេច​ក្តី​ស្រឡាញ់​ជា​រៀង​រហូត​។ មាន​តែ​ព្រះ​អម្ចាស់​ទេ ដែល​បាន​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ន័យ។​—David H. Roper