លោក​ហ្វ្រេឌី ប្លុម(Fredie Blom) គឺ​ជា​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ដែល​មាន​អាយុ​១១៤​ឆ្នំា នៅ​ឆ្នំា​២០១៨ ហើយ​ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​បុរស​ដែល​អាយុ​វែង​ជាង​គេ នៅ​សម័យ​នោះ។ គាត់​បាន​កើត​នៅ​ឆ្នាំ១៩០៤ ជា​ឆ្នាំ ដែល​បង​ប្អូន​ប្រុស​ត្រកូល​រ៉ាយ​ទាំង​ពីរ​នាក់​(Wright Brothers) បាន​ឆ្នៃ​បង្កើត​យន្ត​ហោះ​មុន​គេ​ក្នុង​ប្រវត្តិ​សាស្រ្ត។​​ គាត់​បាន​ឆ្លង​កាត់​សង្រ្គាម​លោក​ទាំង​ពីរ​លើក សម័យ​បែក​ចែក​ពូជ​សាសន៍​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក។ ពេល​គេ​សួរគាត់ អំពី​អាថ៌​កំបាំង​ដែល​ធ្វើ​ឲ្យ​គាត់​មាន​អាយុ​វែង​យ៉ាង​នេះ លោក​ប្លុម​គ្រាន់​តែ​ញាក់​ស្មា។ គាត់​មិន​តែង​តែ​ជ្រើស​រើស​ចំណីអាហារ និង​ការ​អនុវត្តន៍​ដែល​លើក​កម្ពស់​សុខ​មាល​ភាព គឺ​មិន​ខុស​ពី​អ្នក​ដទៃ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ប្លុមបាន​ប្រាប់​អំពី​ហេតុ​ផល​មួយ ដែល​ធ្វើ​ឲ្យ​គាត់​មាន​សុខ​ភាព​ល្អ គឺ​ដោយសារ​ព្រះ​អម្ចាស់ ដែល​មាន​គ្រប់​អំណាច​ចេស្តា ព្រះ​អង្គបាន​ទ្រ​គាត់។

ពាក្យ​សម្តី​របស់​លោក​ប្លុម បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់ ទៅ​កាន់​ពួក​អ៊ីស្រាអែល ជា​ជាតិ​សាសន៍​ដែលស្ថិត​ក្រោម​ការ​សង្កត់​សង្កិន​របស់​ខ្មាំង​សត្រូវ​ដ៏​កាច​សាហាវ។ ព្រះអង្គ​សន្យា​ថា​ ព្រះ​អង្គនឹង​ចំរើន​កំឡាំង​ ហើយ​ជួយពួកគេ ហើយ​នឹង​ទ្រ​ពួក​គេ ដោយ​ព្រះ​ហស្ត​ស្តាំ​ដ៏​សុចរិត(អេសាយ ៤១:១០)។ ទោះ​ពួក​គេ​ស្ថិត​ក្នុង​ស្ថាន​ភាព​ដែល​អស់​សង្ឃឹម​យ៉ាងណា ហើយ​ជួប​ទុក​លំបាក​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ព្រះ​អង្គ​បាន​ធានា​ពួក​គេ​ថា ព្រះ​អង្គ​បាន​ទ្រ​ពួក​គេ ដោយ​ថែរក្សា​ពួក​គេ​យ៉ាង​ស្រទន់​។ ព្រះ​អង្គ​មាន​បន្ទូល​ថា “កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង” (ខ.១០)។

ទោះ​យើង​មាន​អាយុ​ប៉ុន្មាន​ឆ្នាំ​ក៏​ដោយ ទុក្ខ​លំបាក​ក្នុង​ជីវិត​យើង នឹង​មក​គោះ​ទ្វារ​របស់​យើង។ ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ដែល​ប្រេះឆា កូន​ដែល​ចាក​ចោល​គ្រួសារ ពត៌​មាន​ដ៏​រន្ធត់​ពី​គ្រូ​ពេទ្យ ឬ​សូម្បី​តែ​ការ​បៀត​បៀន​ក៏​ដោយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​នៃ​យើង​ឈោង​ទៅ​រក​យើង ហើយ​ឱប​យើង​ជាប់។ ព្រះ​អង្គ​នាំ​យើង​ចូល​ទៅ​ក្នុង​ព្រះ​ហស្ត​ដ៏​រឹង​មាំ ហើយ​ស្រទន់។—Winn Collier