កាល​ពី​ខែ មេសា ឆ្នាំ២០១៩ តំបន់​ជាយ​ក្រុង​វិចតូវីល រដ្ឋ​កាលីហ្វូញ៉ា ត្រូវ​បាន​គ្រប​ដណ្តប់​ទៅ​ដោយ​ដើម​គុម្ពោត​រមាល។ កម្លាំង​ខ្យល់​ដ៏​ខ្លាំង​បាន​បក់​បោក​ដើម​គុម្ពោត​ទំាង​នោះ ឲ្យប៉ើង និង​រមាល​ចេញ​ពី​វាល​រហោ​ស្ថាន​ម៉ូចាវេ ជា​កន្លែង​ដែល​ពួក​វាដុះ​។ ដើម​គុម្ពោត​ទំាង​នោះ​អាច​លូត​កម្ពស់​ជិត​២​ម៉ែត្រ ពេល​ដែល​វា​ពេញ​វ័យ ហើយ​វា​ក៏​បាន​ផ្តាច់​ខ្លួនដ៏​ធំ​របស់​វា​ចេញ​ពី​ឫស ដើម្បី “រមាល” តាម​ខ្យល់ ហើយ​បាច​សាច​គ្រាប់​របស់​វា។​

រូប​ភាព​នៃ​ដើម​គុម្ពោត​រមាល​បាន​លេច​ឡើង ក្នុង​គំនិត​ខ្ញុំ ពេល​ដែល​ខ្ញុំ​អាន​ការ​ពិពណ៌នា​របស់​លោក​យេរេមា អំ​ពី មនុស្ស​ម្នាក់ ដែល​មាន​ចិត្ត​ងាក​បែរ​ចេញ​ពី​ព្រះ​អម្ចាស់​(យេរេមា ១៧:៥)។ គាត់​ថា ​អ្នក​ដែល​ទីពឹង​ដល់​មនុស្ស និង​រូប​សាច់​របស់​ខ្លួន​ឯង ប្រៀប​បាន​នឹង “ដើម​ឈើ​សោះ​កក្រោះ នៅ​សមុទ្រ​ខ្សាច់” ហើយ​នឹង​មិន​ឃើញ​សេចក្តី​ល្អ ដែល​បាន​មក​ដល់​នោះ​ទេ(ខ.៥-៦)។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ទុក​ចិត្ត​ព្រះ ជា​ជាង​ទុក​ចិត្ត​មនុស្ស គឺ​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​មាន​ឫស​រឹង​មាំ​ទទួល​កម្លាំង​ពី​ព្រះ​អង្គ ដែល​ជួយ​ឲ្យ​ពួក​គេ នៅ​តែ​មាន​ជីវិត​ពេញ​បរិបូរ សូម្បី​តែ​នៅ​ក្នុង​ពេល​រាំង​ស្ងួត​យ៉ាង​ណា​ក៏​ដោយ។​

ដើម​គុម្ពោត​រមាល និង​ដើម​ឈើ​សុទ្ធ​តែ​មាន​ឫស។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ដើម​គុម្ពោត​រមាល មិន​នៅ​ជាប់​នឹង​ឫស​បាន​យូរឡើយ ធ្វើ​ឲ្យ​ពួក​គេ​ផ្តាច់​ខ្លួន​ពី​ប្រភព​នៃ​ជីវិត ហើយ​ក៏​បាន​ក្រៀម​ស្វិត និង​ស្លាប់។ ម្យ៉ាង​ទៀត ដើម​ឈើ​នៅ​តែ​ជាប់​នឹង​ឫស​របស់វា ដែល​ជួយ​ឲ្យ​វា​លូត​លាស់ ​និង​មាន​ផល​ផ្លែ ហើយ​ជួយ​ឲ្យ​វា​ឈរ​មាំ​មួន នៅ​ពេល​ព្យុះ​ភ្លៀង។​ ពេល​ណា​យើង​នៅ​ជាប់​នឹង​ព្រះ ដោយ​ទទួល​កម្លាំង និង​ការ​លើក​ទឹក​ចិត្ត ពី​ប្រាជ្ញា ដែល​ឃើញ​មាន​ក្នុង​ព្រះ​គម្ពីរ ហើយ​ជជែក​ជា​មួយ​ព្រះ​អង្គ ក្នុង​ការ​អធិស្ឋាន នោះ​យើង​ក៏អាច​ពិសោធន៍​នឹង​ជីវជាតិ​មក​ពី​ព្រះ​អង្គ ដែល​ផ្តល់​ឲ្យ និង​ទ្រទ្រង់​ជីវិត។​—Kirsten Holmberg