ខ្ញុំ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​១​លាន​នាក់ នៅ​ទូទាំង​ពិភព​លោក ដែល​បាន​រង​គ្រោះ ដោយ​សារ​ជម្ងឺ​ធា្លក់​ទឹក​ចិត្ត ដោយ​សារ​អាកាស​ធាតុ​(សរសេរ​កាត់​ថា SAD) ជា​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត​មួយ​ប្រភេទ ដែល​កើត​ឡើង​ជា​ធម្មតា ក្នុង​តំបន់ ដែល​មិន​សូវ​មាន​ពន្លឺថ្ងៃ ដោយ​សារ​ថ្ងៃ​មាន​រយៈ​ពេល​ខ្លី នៅ​រដូវ​រងារ។ ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​មាន​ការ​បារម្ភ​ថា អាកាស​ធាតុ​ត្រជាក់​ខ្លាំង​នឹង​នៅ​តែបន្ត​មិន​ចេះ​ឈប់ ខ្ញុំ​ក៏​មាន​ចិត្ត​អន្ទះ​សារ​ចង់​ឃើញ​ភស្តុតាង ដែល​បង្ហាញ​ថា ថ្ងៃ​ដែល​មាន​រយៈ​ពេល​វែង និង​អាកាស​ធាតុ​ក្តៅ កំពុង​តែ​ជិត​មក​ដល់​ហើយ​។

ផ្កា​ក៏​បាន​ខំ​ប្រឹង​រីក​ចេញ​ពី​ព្រិល យ៉ាង​ជោគ​ជ័យ ជា​សញ្ញា​ដំបូង​នៃ​រដូវ​ផ្កា​រីក ជា​ការ​រំឭក​ដ៏មានអំណាច​ អំ​ពី​ក្តី​សង្ឃឹម​របស់​ព្រះ ដែល​អាច​ឆ្លង​កាត់​ពេល​ដែល​ងងឹត​បំផុត។ ហោរា​មីកា​បាន​ប្រកាស​អំពី​រឿង​នេះ ក្នុង​កាល​ដែល​គាត់​ស៊ូ​ទ្រាំ​នឹង “រដូវ​រងា” ជាពេល​ដែល​ពួក​អ៊ីស្រាអែល​បាន​ងាក​ចេញ​ពី​ព្រះ។ ខណៈ​ពេល​ដែល​លោក​មីកា​ពិនិត្យ​មើល​ស្ថាន​ភាព​ដ៏​ងងឹត​នេះ គាត់​ក៏​បានពោល​ទំនួញ​ថា “គ្មាន​នរណា​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ”(មីកា ៧:២)។

ប៉ុន្តែ ទោះ​ស្ថាន​ភាព​ហាក់​ដូច​ជា​យ៉ាប់​យ៉ឺន​យ៉ាង​ណា​ក្តី លោក​ហោរា​រូប​នេះ​មិន​ព្រម​បោះ​បង់​ចោល​ក្តី​សង្ឃឹម​ឡើយ។ គាត់ទុក​ចិត្ត​ថា ព្រះ​ទ្រង់​កំពុង​ធ្វើ​ការ​ទ្រង់​(ខ.៧) ទោះ​គាត់​ឃើញ​តែ​ភាព​ហិន​ហោន មិន​ទាន់​អាច​ឃើញ​ភស្តុតាង​នៃ​ក្តី​សង្ឃឹម​ក៏​ដោយ។​

នៅ​ក្នុង​ពេល​ដ៏​ងងឹត ហើយ​ជួន​កាល ហាក់​ដូច​ជា “រងារ”គ្មាន​ទីបញ្ចប់ គឺ​នៅ​ពេល​ដែល​រដូវ​ផ្ការីក ហាក់​ដូច​ជា​មិន​ចេញ​មក នោះយើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ពិបាក​ដូច​លោក​មីកា។ តើ​យើង​នឹង​បណ្តោយ​ខ្លួន ឲ្យ​ធ្លាក់​ចូល​ក្នុង​ភាព​អស់​សង្ឃឹម​ឬ? ឬ​យើង “នឹង​រង់​ចំា​ព្រះ​អម្ចាស់ ដោយ​សង្ឃឹម”?(ខ.៧)។

ក្តី​សង្ឃឹម​ដែល​យើង​មាន​ក្នុង​ព្រះ គឺ​មិន​ដែល​ក្លាយ​ជា​អសារ​ឥត​ការ​ឡើយ​(រ៉ូម ៥:៥)។ ​ថ្ងៃ​ណា​មួយ​ យើង​នឹង​មិន​មាន​ការ​ទួញ​យំ ឬ​ឈឺ​ចាប់​ទៀត​ (វិវរណៈ ២១:៤)។ តែ​ទំរាំ​តែ​ពេល​នោះ​មក​ដល់ ចូរ​យើង​សម្រាក​ក្នុង​ព្រះ​អង្គ ដោយ​សារ​ភាព​ថា “​ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់​តែ​១​ប៉ុណ្ណោះ”(ទំនុកដំកើង ៣៩:៧)។—Lisa M. Samra