ខណៈ​ពេល​ដែល​ខ្ញុំ​ដើរ​ចូល​ទៅ​ក្នុង​ការិយាល័យ​របស់​អ្នក​គ្រប់​គ្រង​ថ្មី​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្វះ​ទំនុក​ចិត្ត។ អ្នក​គ្រប់​គ្រង​ចាស់​របស់​ខ្ញុំ បាន​ដឹក​នាំ​ដោយ​ភាព​តឹង​រឹង និង​អំណួត។ គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ និង​អ្នក​ដទៃ​ទៀត​ទឹក​ភ្នែក ជា​ញឹក​ញាប់។ ឥឡូវ​នេះ ខ្ញុំ​ឆ្ងល់​ថា តើ​ចៅ​ហ្វាយ​ថ្មី​របស់​ខ្ញុំ នឹង​មាន​អត្ត​ចរិត​ដូច​ម្តេច​ដែរ?

បន្ទាប់​ពី​ខ្ញុំ​បោះ​ជំហាន​ចូល​ការិយាល័យ​របស់​ចៅ​ហ្វាយ​ថ្មី​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ​ក៏​បាន​ថម​ថយ​ ខណៈ​ពេល​ដែល​គាត់​បាន​ទទួល​ស្វាគមន៍​ខ្ញុំ​យ៉ាង​កក់​ក្តៅ ហើយ​ប្រាប់​ខ្ញុំ​ឲ្យ​ចែក​ចាយ​ អំពី​ខ្លួន​ខ្ញុំ និងអំ​ពី​ភាព​នឿយ​ណាយ​របស់​ខ្ញុំ​។ គាត់​បាន​ស្តាប់​ខ្ញុំ​និយាយ ដោយ​​យក​ចិត្ត​ទុក​ដាក់។ តាម​រយៈ​ការ​បង្ហាញ​ចេញ​អាកប្ប​កិរិយា​ដ៏​សប្បុរស និង​ពាក្យ​សម្តីដ៏​សុភាព​របស់​គាត់ ខ្ញុំ​អាច​មើល​ដឹង​ថា គាត់​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​មែន។ គាត់​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ហើយ​ក៏​បាន​ក្លាយ​ជា​អ្នកណែនាំ​ការងារ លើក​ទឹក​ចិត្ត និង​ជា​មិត្ត​ភក្តិ​របស់​ខ្ញុំ។​

សាវ័ក​ប៉ុល​បាន​ធ្វើ​ជា​គ្រូ​ខាង​វិញ្ញាណ របស់​លោក​ទីតុស “ជា​កូន​ពិត​តាម​សេចក្តី​ជំនឿ”(ទីតុស ១:៤)។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​លោក​ទីតុស គាត់​បាន​ផ្តល់​ឲ្យ​លោក​ទីតុស នូវ​ការ​បង្រៀន និង​ណែនាំ​ដ៏​មាន​ប្រយោជន៍ សម្រាប់​តួ​នាទីរបស់​លោក​ទីតុស​នៅ​ព្រះ​វិហារ។​ គាត់​មិន​គ្រាន់​តែ​បាន​បង្រៀនប៉ុណ្ណោះទេ តែ​ថែម​ទាំង​បាន​ធ្វើ​ជា​គំរូ ក្នុង​ការ​បង្រៀន “​​តាម​គោល​លទ្ធិដែល​ត្រឹម​ត្រូវ”(២:១) ធ្វើ​ជា​គំរូ​ល្អ ដោយ​ធ្វើ​តែ​អ្វី​ដែល​ល្អ ហើយ​និយាយ​អ្វី​ដែល​ត្រឹម​ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន(ខ.៧-៨)។ ហេតុ​នេះ​ហើយ លោក​ទីតុស​ក៏​បាន​ក្លាយ​ជា​គូកន ប្អូន​ប្រុស និង​មិត្ត​រួម​ការងារ​(២កូរិនថូស ២:១៣ ៨:២៣) និង​ជា​អ្នក​បណ្តុះ​បណ្តាល​ដល់​អ្នក​ដទៃ។​

មនុស្ស​ជា​ច្រើន​បាន​ទទួល​ផល​ប្រយោជន៍​ពី​អ្នក​បណ្តុះ​បណ្តាល​ផ្ទាល់​ខ្លួន ដែល​មាន​ដូច​ជា​គ្រូ​បង្រៀន គ្រូ​បង្វឹក ជីដូន​ជីតា អ្នក​ដឹក​នាំយុវជន ឬ​គ្រូ​គង្វាល​ជា​ដើម ដែល​ពួក​គេ​បាន​ណែ​នាំ​យើង ដោយ​ប្រើ​ចំណេះ​ដឹង ប្រាជ្ញា ការ​លើក​ទឹក​ចិត្ត និង​ជំនឿ​លើ​ព្រះ។ តើ​នរណា​អាច​ទទួល​ប្រយោជន៍​ពី​មេរៀន​ខាង​វិញ្ញាណ ដែល​អ្នក​រៀន​បាន ក្នុង​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ជា​មួយ​ព្រះ​យេស៊ូវ?—Alyson Kieda