អ្នក​ខ្លះ​ហៅ​លោក​ថូនី រីណូដូ(Tony Rinaudo)ថា “មនុស្ស​ចេះ​ភាសា​ដើម​ឈើ”។ តាម​ពិត គាត់​ជា​អ្នក​អភិរក្ស​ព្រៃ​ឈើ នៃ​អង្គ​ការ​ទស្សនៈ​ពិភព​លោក អូស្រ្តាលី។ គាត់​ជា​បេសកជន និង​អ្នក​ជំនាញ​ព្រៃ​ឈើ ដែល​បាន​ចូល​រួម ក្នុង​ការ​ប្រឹង​ប្រែង​អស់​រយៈ​ពេល​៣០​ឆ្នំា ដើម្បី​ផ្សាយ​អំពី​ព្រះ​យេស៊ូវ ដោយ​ប្រយុទ្ធ​ប្រឆាំង និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ នៅ​តំបន់​សាហ៊ែល ដែល​នៅ​ជាប់ភាគ​ខាង​ត្បូង​នៃ​សមុទ្រ​ខ្សាច់​សាហារ៉ា។

ពេល​មួយ​គាត់​បាន​រក​ឃើញ​ថា​ តាម​ពិត ដើម​គុម្ពោធ​ព្រៃ​ជា​ច្រើន នៅ​តំបន់​នោះ គឺ​ជា​ដើម​ឈើ​ដែល​មាន​ការ​លូត​លាស់​យឺត។ គាត់​ក៏​បាន​ចាប់​ផ្តើម​លួស​មែក ថែ​ទាំ និង​ស្រោច​ទឹក​ពួកវា។ ការងារ​របស់​គាត់​បាន​បណ្តាល​ចិត្ត​កសិករ​រាប់​សែន​នាក់ ឲ្យ​ជួយ​សង្រ្គោះ​ដំណាំ​របស់​ពួក​គេ ដោយ​ដំា​ដើម​ឈើ ក្នុង​តំបន់​ជិត​ខាង​ឲ្យ​មាន​ព្រៃ​ឡើង​វិញ ព្រម​ទាំង​ជួយ​ទប់​ស្កាត់​ការ​រីក​រិល​ដី។ ឧទាហរណ៍ កសិករ​នៅ​ប្រទេស​នីហ្សេ បាន​ធ្វើ​ការ​ដាំ​ដុះ និង​រក​ចំណូល​បាន​ច្រើន​ជាង​មុន​ទ្វេរ​ដង ហើយ​បាន​ផលិត​អាហារ សម្រាប់​មនុស្ស​២,៥ លាន​នាក់ ជា​បន្ថែម ក្នុង​មួយ​ឆ្នំា។

ក្នុង​បទ​គម្ពីរ​យ៉ូហាន ១៥ ព្រះ​យេស៊ូវ ដែល​ជា​អ្នក​បង្កើត​ឲ្យ​មាន​កសិ​កម្ម បាន​មាន​បន្ទូល​សំដៅ​ទៅ​លើ​វិ​ធី​សាស្រ្ត​ធ្វើ​ស្រែ​ចំការស្រដៀង​នេះ​ដែរ ដោយ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​ដើម​ទំពាំងបាយជូរ​ដ៏​ពិត ហើយ​ព្រះវរបិតា​ខ្ញុំ​ជា​អ្នក​ដាំ ២ អស់​ទាំង​ខ្នែង​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​កាត់​ចោល តែ​អស់​ទាំង​ខ្នែង​ណា ដែល​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​លួស​ខ្នែង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង”(ខ.១-២)។

បើ​គ្មាន​ការ​ថែរក្សា​ជា​ប្រចំា​ថ្ងៃ​ពី​ព្រះ​ទេ នោះ​វិញ្ញណ​របស់​យើង​គ្មាន​ជីវ​ជាតិ និង​ក្រៀម​ក្រោះ។ ពេល​ណា​យើង​ត្រេក​អរ នឹងក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ ដោយ​ជញ្ជឹង​គិត​អំពី​ក្រឹត្យ​វិន័យ​ព្រះ​អង្គ​ទាំង​យប់​ថ្ងៃ យើង​នឹង​បាន​ដូច​ជា “​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល”(ទំនុកដំកើង ១:៣)។ ស្លឹក​របស់​យើង​នឹង​មិន “ក្រៀម​ស្វិត” ហើយ “ការ​អ្វី​ដែល​យើង​ធ្វើ នោះ​នឹង​ចម្រើន​ឡើង”(ខ.៣)។ ពេល​ណា​យើង​បាន​ទទួល​ការ​លួស​មែក និង​ដុះ​ក្នុង​ព្រះ​អង្គ នោះ​យើង​នឹង​មាន​ស្លឹក​ខៀវ​ខ្ចី ដោយ​ការ​ចម្រើន​ឡើង។-Patricia Raybon