លោក​វលធ័រ ឌីកសិន(Walter Dixon) នឹង​ត្រូវ​ធ្វើ​ដំណើរ​តាម​នាវា ទៅ​ចូល​រួម​ការ​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ឧប​ទ្វីប​កូរ៉េ។ ប៉ុន្តែ មុន​នឹង​គាត់​ចេញ​ដំណើរ គាត់​នៅ​សល់​ពេល​តែ​៥ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ទៅ​ក្រេប​ទឹក​ឃ្មំ​ជា​មួយ​ភរិយា​គាត់។ ប្រហែល​ជា​ជិត​មួយឆ្នាំ​ក្រោយ​មក ពួក​កង​ទ័ព​ក៏​បាន​រក​ឃើញ​អាវ​ក្រៅ​របស់​លោក​ឌីកសិន ក្នុង​សមរ​ភូមិ ដោយ​មាន​សំបុត្រ​របស់​ភរិយា​គាត់ នៅក្នុង​ហោប៉ៅ។ ពួក​មន្រ្តី​ទាហាន​ក៏​បាន​ឲ្យ​ដំណឹង​ដល់​ភរិយា​គាត់​ថា ស្វាមី​របស់​គាត់​បាន​បាត់​បង់​ជីវិត នៅ​ពេល​បំពេញ​ភារ​កិច្ច​ហើយ។ តាម​ពិត លោក​ឌីក​សិន​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ​ទេ ហើយ​ក៏​បាន​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ឈ្លើយ​សឹក​អស់​រយៈពេល​២​ឆ្នាំ​កន្លះ។ រៀង​រាល់​ពេល​ដែល​គាត់​ភ្ញាក់​ដឹង​ខ្លួន គាត់​តែង​តែ​រៀប​គម្រោង​រត់​គេច​មក​ផ្ទះ​វិញ។ គាត់​បាន​លួច​រត់​អស់​៥ដង តែ​គេ​តែង​តែ​ចាប់​ខ្លួន​គាត់​ត្រឡប់​មក​មន្ទីរ​ឃុំឃាំង​វិញ។ ទី​បំផុត គេក៏​បាន​ដោះ​លែង​គាត់។ តើ​អ្នក​ដឹង​ទេ​ថា គេ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ណា ពេល​ដែល​ឃើញ​គាត់​ត្រឡប់​មក​ផ្ទះ​វិញ។​

រាស្រ្ត​របស់​ព្រះ ក៏​ធ្លាប់​ឆ្លង​កាត់​ជីវិត​ជា​ឈ្លើយ​សឹក​ផង​ដែរ ដោយ​ផ្លាស់​ទៅ​រស់​នៅ​តំបន់​ឆ្ងាយ​ៗ ហើយ​ពួក​គេ​ស្រេក​ឃ្លាន​ចង់​ត្រឡប់​មក​ទឹក​ដី​កំណើត​វិញ។ ដោយ​សារ​ពួក​គេ​បាន​បះ​បោរ​ទាស់​នឹង​ព្រះ នោះ​ពួក​គេ​ត្រូវ​បាន​និរទេស​ទៅ​ទឹក​ដី​របស់​សាសន៍​ដទៃ។ ពួក​គេ​ចង់​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ណាស់ ប៉ុន្តែ ពួក​គេ​គ្មាន​វិធី​រំដោះ​ខ្លួន​ឯង​ឡើយ។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ទ្រង់​បាន​សន្យា​ថា ព្រះ​អង្គ​មិន​ដែល​ភ្លេច​ពួក​គេ​ឡើយ។ ព្រះ​អង្គ​មាន​បន្ទូល​ថា ព្រះ​អង្គ​នឹង​ស្អាង​ពួក​គេ​ឡើង​វិញ ព្រោះ​ព្រះ​អង្គ​មានព្រះទ័យ​អាណិត​ពួក​គេ​(សាការី ១០:៦)។ ព្រះ​អង្គ​នឹង​បំពេញ​បំណង​ពួក​គេ ដែល​ចង់​វិល​ត្រឡប់​មក​ទឹក​ដី​កំណើត​វិញ មិន​មែនដោយ​សារ​ការ​ស៊ូទ្រាំ​របស់​ពួក​គេ​ឡើយ ប៉ុន្តែ ដោយ​សារ​សេចក្តី​មេត្តា​របស់​ទ្រង់។ ព្រះ​អង្គ​មាន​បន្ទូល​ថា ព្រះ​អង្គ​នឹង​ហួច​ហៅពួក​គេ ហើយ​ពួក​គេ​នឹង​វិល​ត្រឡប់​មក​វិញ(ខ.៨-៩)។

យើង​អាច​មាន​អារម្មណ៍​ពិបាក​ដូច​ពួក​គេ​ផង​ដែរ ដោយ​សារ​ការ​សម្រេច​ចិត្ត​ខុស ឬ​ដោយ​សារ​បញ្ហា​ ដែល​យើង​មិន​អាចគ្រប់​គ្រង​បាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​ទ្រង់​មិន​ដែល​ភ្លេច​យើង​ឡើង។ ព្រះ​អង្គ​ជ្រាប​អំពី​បំណង​ចិត្ត​របស់​យើង ហើយ​នឹងហៅ​យើង​ត្រឡប់​មក​រក​ព្រះ​អង្គ​វិញ។ ហើយ​បើ​យើង​ឆ្លើយ​តប យើង​នឹង​បាន​ត្រឡប់​មក​រក​ព្រះ​អង្គ​វិញ។-Winn Collier