ប្រទេស អេល សាលវ៉ាដូ បាន​ថ្វាយ​ការគោរព​ដល់​ព្រះ​យេស៊ូវ ដោយ​សង់​រូប​ចម្លាក់​របស់​ព្រះ​អង្គ ដាក់​នៅ​ចំ​កណ្តាល​រដ្ឋ​ធានីរបស់​ខ្លួន។ ទោះ​វិមាន​នោះ មាន​ទីតាំង​នៅ​ចំ​កណ្តាល​រង្វង់​មូល ក្នុង​តំបន់​ដែល​មាន​ចរាចរណ៍​ដ៏​មមា​ញឹក​ក៏​ដោយ គេ​ងាយ​នឹងមើល​ឃើញ​វិមាន​នោះ ដោយសារ​កម្ពស់​ដ៏​ខ្ពស់​ត្រដែត ហើយ​ឈ្មោះ​ដែល​គេ​បាន​ដាក់​វិមាន​នោះ​ឲ្យ​ថា “ព្រះ​អង្គ​សង្រ្គោះ​នៃពិភព​លោក” គឺ​បាន​បង្ហាញ អំពី​ការ​កោត​ខ្លាច ចំពោះ​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ។

គេ​មិន​បាន​សង់​រូប​ចម្លាក់​ដ៏​ធំ​នេះ ដើម្បី​ថ្វាយ​បង្គំ​នោះ​ទេ ប៉ុន្តែ វា​បាន​រំឭក​យើង អំពី​សេចក្តី​ដែល​ព្រះ​គម្ពីរ​បាន​ចែង​ អំពី​ព្រះយេស៊ូវ​(១យ៉ូហាន ៤:១៤)។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា ព្រះ​អង្គ​ជា​ព្រះ​ដែល​ប្រទាន​សេចក្តី​សង្រ្គោះ ដល់​មនុស្ស​ម្នាក់​ៗ។ ព្រះយេស៊ូវ​បាន​ឆ្លង​កាត់​ព្រំដែន​នៃ​វប្បធម៌ ហើយ​ទទួល​អស់​អ្នក​ណា ដែល​ចង់​ស្គាល់​ព្រះ​អង្គ ដោយ​ចិត្ត​ស្មោះ ដោយ​មិន​ប្រកាន់​អាយុ ចំណេះ​ដឹង ការ​សិក្សា ជាតិ​សាសន៍ អំពើ​បាប​ពី​អតីត​កាល ឬ​ថានៈ​ក្នុង​សង្គម​នោះ​ឡើយ។​

សាវ័ក​ប៉ុល​បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត នៅ​សម័យ​បុរាណ ដើម្បី​ប្រាប់​គេ​អំពី​ព្រះ​ជន្ម ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ។ គាត់​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នេះ ទៅ​ដល់​អ្នក​មាន​អំណាច ​អ្នក​ដឹក​នាំ​សាសនា ទាហាន ជន​ជាតិ​យូដា សាសនា​ដទៃ បុរស ស្រ្តី និង​កុមារ។ គាត់​បាន​ពន្យល់​ថា មនុស្ស​អាច​ចាប់​ផ្តើម​ទំនាក់​ទំនង​ជា​មួយ​ព្រះគ្រីស្ទ ដោយ​ទទួល​ជឿ​ព្រះ​អង្គ ជា​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្រ្គោះ ដោយ​ជឿ​ថា ព្រះ​ទ្រង់​ពិត​ជា​បាន​ប្រោស​ព្រះ​អង្គ ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​(រ៉ូម ១០:៩)។ គាត់​ថា “អស់​អ្នក​ណា​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ … អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះនាម​ព្រះអម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ”(ខ.១១,១៣)។

ព្រះ​យេស៊ូវ​មិន​មែន​ជា​រូប​ចម្លាក់ ដែល​គេ​អាច​ថ្វាយ​ការ​គោរព​ពី​ចម្ងាយ​នោះ​ឡើយ តែ​យើង​ត្រូវ​តែ​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួនជា​មួយ​ព្រះ​អង្គ ដោយ​សេចក្តី​ជំនឿ។ ចូរ​យើង​ស្គាល់​តម្លៃ​នៃ​សេចក្តី​សង្រ្គោះ ដែល​ទ្រង់​បាន​ប្រទាន ហើយ​បោះ​ជំហាន​ទៅ​មុខ ចូល​ទៅ​ក្នុង​ទំនាក់​ទំនង​ខាង​វិញ្ញាណ​ជា​មួយ​ព្រះ​អង្គ។-Jennifer Benson Schuldt