កាល​ពី​សតវត្សរ៍​ទី​១៧ លោកម៉ាទីន មីនខាត(Martin Rinkart) បាន​ធ្វើ​ការ​ជា​អ្នក​បម្រើ​ព្រះ​ពេញ​ពេល ក្នុង​ខេត្ត​សាក់សូនី ប្រទេស​អាឡឺម៉ង់ ជាង​៣០​ឆ្នាំ ក្នុង​អំឡុង​សម័យ​សង្រ្គាម និង​ជម្ងឺ​រាត​ត្បាត។ នៅ​ឆ្នាំ​មួយ​នោះ គាត់​បាន​ធ្វើ​ពិធី​បុណ្យ​សព​ឲ្យ​គេ បាន​៤​ពាន់​ដង ដោយ​រាប់​បញ្ចូល​ទាំង​ពិធី​បុណ្យ​សព​របស់​ភរិយា​គាត់ ហើយ​ពេល​ខ្លះ គ្រួសារ​របស់​គាត់​បាន​ជួប​ការ​ស្រេក​ឃ្លាន ដោយ​សារ​ការ​ខ្វះ​ខាត​អាហារ​យ៉ាង​ខ្លាំង។

បញ្ហា​ទាំង​អស់​នេះ​អាច​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ចូល​ក្នុង​ភាព​អស់​សង្ឃឹម ប៉ុន្តែ ជំនឿ​ដែល​គាត់​មាន​ចំពោះ​ព្រះ នៅ​តែ​ខ្លាំង​ជា​និច្ច ហើយគាត់​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ​ ។ តាម​ពិត គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​អរ​ព្រះ​គុណ​តាម​រយៈ​បទ​ចម្រៀង ដែល​មាន​ចំណង​ជើងថា “ចូរ​យើង​ទាំង​អស់​គ្នា​អរ​ព្រះ​គុណ​ព្រះ​នៃ​យើង”។

លោក​រីនខាត​បាន​យក​គំរូ​តាម​ហោរា​អេសាយ ដែល​បាន​បង្គាប់​រាស្រ្ត​របស់​ព្រះ ឲ្យ​អរ​ព្រះ​គុណ គ្រប់​ពេល​វេលា ដោយ​រាប់បញ្ចូល​ទំាង​ពេល​ដែល​ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​ពួក​គេ(អេសាយ ១២:១) ឬ​នៅ​ពេល​ដែល​ខ្មាំង​សត្រូវ​កៀប​សង្កត់​ពួក​គេ។ ពួកគេ​នៅ​តែ​ត្រូវ​លើក​ដំកើង​ព្រះ​នាម​ព្រះ សូម្បី​តែ​ក្នុង​ពេល​បែប​នោះ ដោយ​ប្រកាស់​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ដឹង​អំពី​ការ​អ្វីដែល​ព្រះ​អង្គ​បាន​ធ្វើ(ខ.៤)។

យើង​ងាយ​នឹង​អរ​ព្រះ​គុណ​ព្រះ​អង្គ ក្នុង​ពេល​អប​អរ​ការ​ប្រមូល​ផល និង​ក្នុង​ពេល​យើង​បរិភោគ​អាហារ​ជា​បរិបូរ​ជា​មួយ​ក្រុមគ្រួសារ និង​មិត្ត​ភក្តិ។ ប៉ុន្តែ យើង​អាច​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ ដល់​ព្រះ​អង្គ ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក ពេល​ដែល​យើង​បាត់​បង់​អ្នក​ណា​ម្នាក់ ក្នុង​គ្រួសារ ឬ​ពេល​ដែល​យើង​កំពុង​តែ​មាន​បញ្ហា​ហិរញ្ញ​វត្ថុ ឬ​ក៏​យើង​កំពុង​តែ​មាន​ការ​ប៉ះ​ទង្គិច​ជា​មួយ​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​យើង?

ចូរ​យើង​រួម​ចិត្ត និង​សំឡេង ដើម្បី​សរសើរ​ដំកើង និង​អរ​ព្រះ​គុណ​ព្រះ  ដ៏​អស់​កល្ប ដែល​ផ្ទៃមេ​ឃ និង​ផែន​ដី​សរសើរ​ដំកើង។ យើង​អាច “ច្រៀង​ថ្វាយ​ព្រះអម្ចាស់ ពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​ដ៏​ប្រសើរ”(ខ.៥)។-Amy Boucher Pye