បន្ទាប់​ពី​លោក​ខាសិន វេន(Carson Wentz) ដែល​ជា​ខ្សែ​ប្រយុទ្ធ នៃ​ក្រុម​ភីឡាដេលភា អ៊ីហ្គល បាន​វិល​ត្រឡប់​មក​ទីលានប្រកួត បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ លោក​នីក ហ្វូល(Nick Foles) ដែល​បាន​ជំនួស​គាត់​អស់​មួយ​រយៈ ក៏​បាន​វិល​ត្រឡប់ទៅ​កន្លែង​អង្គុយ​វិញ ដោយ​ចិត្ត​រីក​រាយ។ ទោះ​អ្នក​ទំាង​ពីរ​មាន​ការ​ប្រកួត​ប្រជែង​គ្នា ដើម្បី​មុខ​តំណែង​តែ​មួយ​មែន​ អ្នក​ទាំង​ពីរបាន​សម្រេច​ចិត្ត​គាំ​ទ្រ​គ្នា​ទៅ​វិញទៅ​មក ហើយ​នៅ​តែ​មាន​ទំនុក​ចិត្ត ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន។ អ្នក​យក​ពត៌​មាន​ម្នាក់បាន​សង្កេត​ឃើញ​ថា បុរស​ទាំង​ពីរ​មាន “ទំនាក់​ទំនង​ដ៏​ពិសេស​មួយ ដែល​បាន​ចាក់​ឫស​ចូល​ក្នុង​ជំនឿ​លើ​ព្រះ​គ្រីស្ទ” ដែលបាន​បង្ហាញ​ចេញ​មក តាម​រយៈ​ការ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ឈប់។​ ពេល​ដែល​អ្នក​ដទៃ​បាន​ឃើញ​ដូច​នេះ ពួក​គេ​ក៏បាន​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ព្រះ ដោយ​នឹក​ចាំ​ថា ពួក​គេ​នៅ​ក្នុង​ក្រុម​តែ​មួយ គឺ​មិន​គ្រាន់​តែ​ជា​ខ្សែ​ប្រយុទ្ធ តែ​ក៏​ជា​អ្នក​ជឿ​ព្រះយេស៊ូវ ដែល​កំពុង​តែ​ធ្វើ​ជា​តំណាងឲ្យ​ព្រះ​អង្គ។​

សាវ័ក​ប៉ុល​បាន​រំឭក​អ្នក​ជឿ​ទាំង​ឡាយ ឲ្យ​រស់​នៅ​ ជា “កូន​នៃ​ពន្លឺ” ដែល​កំពុង​រង់​ចាំ​ការ​យាង​មក​វិញ​របស់​ព្រះ​យេស៊ូវ​(១ថែស្សាឡូនិច ៥:៥-៦)។ ដោយ​សារ​យើង​មាន​ក្តី​សង្ឃឹម​ជាប់​នៅ​ក្នុង​សេចក្តី​សង្រ្គោះ ដែល​ព្រះ​គ្រីស្ទ​បាន​ប្រទាន នោះ​យើង​អាចជម្នះ​ការ​ល្បួង ដែល​នាំ​ឲ្យ​យើង​ប្រកួត ដោយ​ចិត្ត​ច្រណែន​ ខ្វះ​ទំនុក​ចិត្ត មាន​ការ​ភ័យ​ខ្លាច ឬ​ការ​ឈ្នានីស​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​អាច “លើក​ទឹក​ចិត្ត និង​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក”(ខ.១១)។ យើង​អាច​គោរព​អ្នក​ដឹក​នាំ​ខាង​វិញ្ញាណ ដែល​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ព្រះ ហើយ “រស់​នៅ ក្នុង​សន្តិ​ភាព” ខណៈ​ពេល​ដែល​យើង​បម្រើ​ព្រះ​ជា​មួយ​គ្នា ដើម្បី​សម្រេច​គោល​ដៅ​រួម ដោយ​ផ្សាយ​ដំណឹង​ល្អ និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ​(ខ.១២-១៥)។

ខណៈ​ពេល​ដែល​យើង​បម្រើ​ព្រះ​អង្គ ក្នុង​ក្រុម​តែ​មួយ យើង​អាច​អនុវត្ត​តាម​សេចក្តី​បង្គាប់​របស់​សាវ័ក​ប៉ុល ដែល​ថា “ចូរ​អរ​សប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះគ្រីស្ទយេស៊ូវ”(ខ.១៦-១៨)។—Xochitl Dixon