ប្រទេស​អាយស៍លែន​ជា​ប្រទេស​តូច​មួយ ដែល​មាន​ពេញ​ទៅ​ដោយ​ អ្នក​ចូល​ចិត្ត​អាន​សៀវភៅ។ តាម​ពិត គេ​បាន​រាយ​ការណ៍​ថា ជា​រៀង​រាល់​ឆ្នាំ ប្រទេស​នេះ​បាន​បោះ​ពុម្ព​ផ្សាយ និង​អាន​សៀវភៅ សម្រាប់​មនុស្ស​ម្នាក់​ៗ បាន​ច្រើន​ជាង​ប្រទេស​ណា​ទាំង​អស់​។ នៅ​ថ្ងៃ​បុណ្យ​ណូអែល ប្រជាជន​អាយស៍លែន​មាន​ប្រពៃណី​ឲ្យ​សៀវភៅ​ដល់​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ ហើយ​បន្ទាប់​មក​ពួក​គេ​ក៏​បាន​អាន​សៀវភៅ​នោះ​ដល់​ពេល​យប់។ ប្រពៃណី​នេះ​បាន​ចាប់​ផ្តើម​មាន ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២ នៅ​ពេល​ដែល​ការ​នំា​ចូល មាន​ការ​រឹត​ត្បិត ហើយ​ក្រដាស់​មាន​តម្លៃ​ថោក។ អ្នក​បោះ​ពុម្ភ​ផ្សាយ​នៅ​ប្រទេស​នេះ ក៏​បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​ទីផ្សា​លក់​សៀវភៅ ជន់​ជោរ​ទៅ​ដោយ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថ្មី​ៗ នៅ​ចុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​។ សព្វ​ថ្ងៃ​នេះ បញ្ជី​ចំណង​ជើង​សៀវភៅ​ដែល​គេ​បោះ​ពុម្ពផ្សាយ​ថ្មី​ក្នុង​ប្រទេស​នេះ ត្រូវ​បាន​គេ​ផ្ញើ​ទៅ​ផ្ទះ​នីមួយ​ៗ នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា។ ​គេ​បាន​ហៅប្រពៃណី​នេះ​ថា ភាព​ជន់​ជោ​នៃ​សៀវភៅ​នៅ​ថ្ងៃ​បុណ្យ​ណូអែល។

យើង​អាច​អរ​ព្រះ​គុណ​ព្រះ ដែល​បាន​ប្រទាន​ពរ​មនុស្ស​ជា​ច្រើន ឲ្យ​មាន​សមត្ថ​ភាព​និពន្ធ​រឿង​ល្អ​ៗ​ដាក់​ក្នុង​សៀវភៅ ហើយ​អប់​រំ បណ្តាល​ចិត្ត ឬ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ តាម​រយៈ​សំណេរ​របស់​ខ្លួន។ ប៉ុន្តែ គ្មាន​សៀវភៅអ្វី​ដែល​ល្អ​ដូច​ព្រះ​គម្ពីរ​ប៊ីប ដែល​ជាសៀវ​ភៅ​លក់​ដាច់​បំផុត ​ត្រូវ​បាន​និពន្ធ​ដោយ​អ្នក​និពន្ធ​ជា​ច្រើន​នាក់ ដែល​បាន​សរសេរ​បទ​កំណាព្យ និង​ការ​បង្រៀន ​និយាយ​អំពី​រឿង​ដ៏​អស្ចារ្យ ដោយ​ព្រះ​វិញ្ញាណ​បាន​បណ្តាល​ឲ្យ​ពួក​គាត់​តែង។ គឺ​ដូច​ដែល​សាវ័កប៉ុល​បាន​រំឭក​លោក​ធីម៉ូថេ​ថា​ “គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ”(២ធីម៉ូថេ ៣:១៦-១៧)។ ព្រះ​គម្ពីរ​ដាស់​តឿន បណ្តាល​ចិត្ត និង​ជួយ​យើង​ឲ្យ​រស់​នៅថ្វាយ​ព្រះ​អង្គ ហើយ​ដឹក​នាំ​យើង ចូលទៅ​ក្នុង​សេចក្តី​ពិត​(២:១៥)។

នៅ​ក្នុង​ការ​អាន​សៀវ​ភៅ​របស់​យើង ចូរ​យើង​កុំ​ភ្លេច​ចំណាយ​ពេល​អាន​សៀវភៅ​ដែល​អស្ចារ្យ​បំផុត គឺ​ព្រះ​គម្ពីរ​ប៊ីប​។​—Alyson Kieda