នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​នៅ​ពេល​យប់ ទៅ​រដ្ឋ​វ៉ាស៊ីតោន ឌីស៊ី លោក​អាធ័រ ប្រ៊ូក(Arthur Brooks) ដែល​ជា​អ្នក​និពន្ធ បាន​ស្តាប់​ឮ​ស្រ្តី​ចំណាស់​ម្នាក់​និយាយ​ខ្សិប​ៗ​ប្រាប់​ស្វាមី​របស់​ខ្លួន​ថា “បង​កុំ​គិត​ថា គ្មាន​នរណា​ម្នាក់​ត្រូវ​ការ​បង។ វា​មិនពិត​ទេ”។ បុរស​នោះ​បាន​រអ៊ូរទាំ​ថា គាត់​ចង់​ស្លាប់ ហើយ​ភរិយា​គាត់​ក៏​ប្រាប់​គាត់ កុំ​ឲ្យ​និយាយ​អញ្ចឹង​ទៀត។ ពេល​ដែល​យន្ត​ហោះ​ចុះ​ចត លោក​ប្រ៊ូក​ក៏​បាន​ងាក​ទៅ​ក្រោយ ហើយ​ភ្លាម​ៗ​នោះ គាត់​ក៏​បាន​មើល​ស្គាល់​បុរស​នោះ។ គាត់​ជា​វិវរៈ​បុរស ដែលមាន​ឈ្មោះ​ល្បី​ទូទាំង​ពិភព​លោក។ អ្នក​ដំណើរ​ដទៃ​ទៀត​ក៏​បាន​ចាប់​ដៃ​គាត់ ហើយ​អ្នក​បើក​យន្ត​ហោះ​ក៏​បាន​អរគុណ​គាត់ សម្រាប់​សេចក្តី​ក្លាហាន ដែល​គាត់​បាន​បង្ហាញ​ចេញ​មក កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន។ តើ​អ្នក​ក្លាហាន​ដ៏​ល្បី​ល្បាញ​នេះ បានលិច​លង់​ទៅ​ក្នុង​ភាព​អស់​សង្ឃឹម​ដោយ​របៀប​ណា?​

ហោរា​អេលីយ៉ា​ធ្លាប់​បាន​តតាំង​នឹង​ហោរា​ក្លែង​ក្លាយ​ទាំង​៤៥០​នាក់ របស់​ព្រះ​បាល ដោយ​ចិត្ត​ក្លាហាន ហើយក៏​បាន​ឈ្នះ​ពួក​គេ(១ពង្សាវតាក្សត្រ ១៨)។ តែ​គាត់​មិន​បាន​ធ្វើ​ការ​នេះ​តែ​ម្នាក់​ឯង​ឡើយ។ តាម​ពិត ព្រះ​ទ្រង់​គង់​នៅ​ជា​មួយ​គាត់​ជា​និច្ច។ តែក្រោយ​មក គាត់​មាន​អារម្មណ៍​ឯកោ​ណាស់ ហើយ​គាត់​ក៏​បាន​សូម​ឲ្យ​ព្រះ​ទ្រង់​ដក​ជីវិត​គាត់​។

ព្រះ​ទ្រង់​ក៏​បាន​លើក​វិញ្ញាណ​របស់​លោក​អេលីយ៉ា​ឡើង ដោយ​នាំ​គាត់​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ ហើយ​ឲ្យ​គាត់​បម្រើ​អ្នក​ផ្សេង​ទៀត។ គាត់​ត្រូវ​ទៅ “ចាក់​ប្រេង​តាំង​ហាសែល​ឡើង ឲ្យ​ធ្វើ​ជា​ស្តេចស្រុកស៊ីរី” និងចាក់​ប្រេង​តាំង​យេហ៊ូ ឲ្យ​ឡើង​ធ្វើ “ស្តេច​អ៊ីស្រាអែល” ហើយ​​ចាក់​ប្រេង​តាំង​លោក​អេលីសេ “ធ្វើ​ជា​ហោរា​ជំនួស​គាត់”(១៩:១៥-១៦)។ បន្ទាប់​ពី​គាត់​មាន​កម្លាំង​ឡើងវិញ ដោយ​មាន​គោល​បំណង​ថ្មី គាត់​ក៏​បាន​ទៅ​រក​លោក​អេលីសេ ដើម្បី​បង្ហាត់​បង្រៀន ឲ្យ​ក្លាយ​ជា​អ្នក​ស្នង​គាត់។​

ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​របស់​អ្នក​អាច​នៅ​ក្រោយ​ខ្នង​អ្នក។ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា ជីវិត​របស់​អ្នក​បាន​ឈាន​ដល់​ចំណុចខ្ពស់​បំផុត ឬ​មិន​ដែល​បាន​ទៅ​ដល់​សោះ។ ទោះ​យ៉ាង​ណា​ក៏​ដោយ បើ​អ្នក​បាន​ឃ្លាត​ឆ្ងាយ​ពី​សេចក្តី​ពិត​ហើយ នោះ​ចូរ​ងាក​មកក្រោយ​វិញ។ អ្នក​ប្រហែល​មិន​មាន​ភាព​លេច​ធ្លោ ឬ​មិន​មាន​កិច្ចការ​ធំ​ដំ​ធ្វើ​ទេ តែ​នៅ​តែ​មាន​មនុស្ស​ដែល​ត្រូវ​ការ​អ្នក។ ចូរ​យើង​បម្រើ​ពួក​គេ​ឲ្យ​បាន​ល្អ ថ្វាយ​ព្រះ​យេស៊ូវ។ ពួកគេ​ក៏​ជា​មូល​ហេតុ ដែល​ព្រះ​ទ្រង់​បាន​ឲ្យ​អ្នក​បន្ត​មាន​ជីវិត​រស់​នៅ​លើ​ផែន​ដី​ផងដែរ។​—Mike Wittmer