កាល​លោក​ដូវេន(Dowayne) មាន​អាយុ​១៧​ឆ្នាំ គាត់​ត្រូវ​តែ​ចាក​ចេញ​ពី​ផ្ទះ ក្នុង​សង្កាត់​ម៉ានេនបឺក ដែល​ជា​ផ្នែក​មួយ​នៃ​ទីក្រុង ខេប ថោយន ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដោយសារ​គាត់​បាន​ប្រព្រឹត្ត​អំពើ​ចោរ​កម្ម និង​ញៀន​ថ្នាំ​ហេរ៉ូអ៊ីន។ គាត់​មិន​បានទៅ​ណា​ឆ្ងាយ​ទេ។ គាត់​បាន​សង់​ខ្ទម​ស័ង្ក​សី ក្នុង​ទីធ្លា​ខាង​ក្រោយ​ផ្ទះ​ម្តាយ​គាត់ ហើយ​មិន​យូរ​ ប៉ុន្មាន​កន្លែង​នោះ​ត្រូវ​បាន​គេស្គាល់​ថា​ជា កាស៊ីណូ និង​កន្លែង​សេព​គ្រឿង​ញៀន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​គាត់​មាន​អាយុ​១៩​ឆ្នាំ គាត់​ក៏​បាន​ទទួលសេចក្តី​សង្គ្រោះ ដោយ​ជំនឿលើ​ព្រះ​យេស៊ូវ។ ការ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ការ​ញៀន​ថ្នាំ មាន​រយៈ​ពេល​យូរ ហើយ​ហត់​នឿយណាស់ តែ​គាត់​បាន​ជា​ស្អាត ដោយ​សារ​ជំនួយ​មក​ពី​ព្រះ ហើយ​ដោយ​មាន​ការ​គាំ​ទ្រ​ពី​មិត្ត​ភក្តិ​គាត់ ដែល​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ​។ រយៈ​ពេល​១០​ឆ្នំា បន្ទាប់​ពី​គាត់​បាន​សង់​កាស៊ីណូ​នោះ គាត់ និង​មិត្ត​ភក្តិ​គាត់​ក៏​បាន​កែ​ប្រែ​ខ្ទម​នោះ ឲ្យ​ក្លាយ​ជា​ព្រះ​វិហារ។ ទីកន្លែង​ដ៏​ងងឹត​​មាន​ពេញ​ដោយ​អំពើ​បាប​នោះ ក៏​បាន​ក្លាយ​ជា​កន្លែង​ថ្វាយ​បង្គំ និង​អធិ​ស្ឋាន។

អ្នក​ដឹក​នាំ​នៃ​ព្រះ​វិហារ​មួយ​នេះ បាន​មើល​បទ​គម្ពីរ​យេរេមា ជំពូក​៣៣ ដែល​បាន​ចែង​ អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​នាំ​ការ​ប្រោសឲ្យ​ជា និង​ការ​ស្អាង​ឡើង​វិញ ដល់​រាស្រ្ត​ទ្រង់ និង​ទឹក​ដី​របស់​ពួក​គេ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​លោក​ដូវេន និង​អតីត​កាស៊ីណូ​នោះ។ ហោរា​យេរេមា​បាន​និយាយ​ទៅ​កាន់​រាស្រ្ត​របស់​ព្រះ ដែល​កំពុង​រស់​នៅ​ជា​ឈ្លើយ​សង្រ្គាម ដោយ​ប្រាប់​ពួក​គេ​ថា ទោះ​ទីក្រុង​នោះ​បាន​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ​មែន​ ព្រះ​ទ្រង់​នឹង​នៅ​តែ​ប្រោស​រាស្រ្ត​ទ្រង់​ឲ្យ​ជា ហើយ​នឹង “ស្អាង​ពួក​គេ​ឡើងវិញ” ដោយ​សម្អាត​ពួក​គេ ឲ្យ​ស្អាត​ពី​អស់​ទាំង​អំពើ​បាប​(យេរេមា ៣៣:៧-៨)។ បន្ទាប់​មក ទីក្រុង​នោះ​នឹង​ថ្វាយ​ក្តី​អំណរ សេចក្តី​សរសើរ និង​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​អង្គ(ខ.៩)។

ពេល​ណា​យើង​ជួប​ការ​ល្បួង ឲ្យ​មាន​ចិត្ត​អស់​សង្ឃឹម ដោយ​សារ​អំពើ​បាប ដែល​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ភាព​ខ្ទេច​ខ្ទាំ នោះចូរ​យើង​បន្ត​អធិស្ឋាន​ថា ព្រះ​ទ្រង់​នឹង​នាំ​មក​នូវ​ការ​ប្រោស​ឲ្យ​ជា និង​ក្តី​សង្ឃឹម គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​ធ្វើ នៅ​ទីធ្លា​ក្រោយ​ផ្ទះរបស់​ម្តាយ​លោក​ដូវេន​អញ្ចឹង​ដែរ។​—Amy Boucher Pye