មាន​ពេល​មួយ​ខ្ញុំ​បាន​សំភាស​ភ្ញៀវ​ដែល​មាន​ឈ្មោះ​ល្បី​ម្នាក់​។ គាត់​បាន​ឆ្លើយ​សំណួរ​ខ្ញុំ ដោយ​ការ​គួរ​សម។ តែ​ខ្ញុំ​មាន​អារម្មណ៍ថា មាន​អ្វី​មួយ​កំពុង​លាក់​ខ្លួន នៅ​ចន្លោះ​ការ​សន្ទនា​របស់​យើង។ វា​ក៏​បាន​បង្ហាញ​ខ្លួន​ ពេល​ដែល​គាត់​និយាយ​បន្ថែម​ពី​ពាក្យរបស់​ខ្ញុំ។

ខ្ញុំ​សរសើរ​គាត់​ថា គាត់​បាន​ជំរុញ​ចិត្ត​មនុស្ស​រាប់​ពាន់​នាក់។ គាត់​ក៏​បាន​រអ៊ូ​ថា “មិន​មែន​រាប់​ពាន់​នាក់​ទេ គឺ​រាប់​លាន​នាក់”។

គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ដែល​ខ្ញុំ​គិត​មិន​ដល់។ ភ្ញៀវ​របស់​ខ្ញុំ​បាន​រំឭក​ខ្ញុំ អំពី​ស្នាដៃ​របស់​គាត់ មុខ​តំណែង​ដែល​គាត់​មាន សមិទ្ធិ​ផល​ដែល​គាត់​ទទួល​បាន ព្រម​ទាំង​ទស្សនាវដ្ដី​ដែល​គាត់​បាន​មើល។ ពេល​នោះ​ ខ្ញុំ​ហាក់​ដូច​ជា​មាន​ការ​ឆ្គាំ​ឆ្គង។​

ចាប់​តាំង​ពី​ខ្ញុំ​បាន​ជួប​រឿង​នេះ​មក ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​ព្រះ​អង្គ​ទ្រង់ ដល់​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណៃ​(និក្ខមនំ ៣៤:៥-៧)។ ព្រះ​អង្គ​ជា​អ្នក​បង្កើត​ចក្រ​វាល និង​ជា​អ្នក​ជំនុំ​ជម្រះ​មនុស្ស​ជាតិ តែ​ព្រះ​អង្គ​មិន​បាន​ប្រើ​មុខ​តំណែងរបស់​ព្រះ​អង្គ នៅ​ចំពោះ​មុខ​លោក​ម៉ូសេ​នោះ​ទេ។ ព្រះ​អង្គ​ជា​អ្នក​បង្កើត​កាឡាក់​ស៊ី​ជាង​១០០​ពាន់​លាន​ក្នុង​ចក្រ​វាល តែ​ព្រះ​អង្គ​ក៏​មិន​បាន​យក​រឿង​នេះ​មក​ប្រាប់​លោក​ម៉ូសេ​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​ណែនាំ​គាត់​ឲ្យ​ដឹង​ថា ព្រះ​អង្គ​ជា “ព្រះ​ដែលមាន​ព្រះហឫ​ទ័យ​មេត្តា​ករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស និង​សេចក្តី​ទៀង​ត្រង់ ជា​បរិបូរ” (និក្ខមនំ ៣៤:៦)។ ពេល​ដែល​ព្រះ​អង្គ​បង្ហាញ​ថា ព្រះ​អង្គ​ជា​នរណា នោះ​ព្រះ​អង្គ​មិន​បាន​រៀប​រាប់​អំពី​មុខ​តំណែង ឬស្នា​ដៃ​នោះ​ទេ តែ​ព្រះ​អង្គ​បង្ហាញ​ចរិក​លក្ខណៈ​របស់​ព្រះ​អង្គ។

រឿង​នេះ​ពិត​ជា​មាន​ន័យ​ជ្រាល​ជ្រៅ​ចំពោះ​យើង ​ជា​មនុស្ស​ដែល​ព្រះទ្រង់​បាន​បង្កើត ឲ្យ​ដូច​រូប​អង្គ​ទ្រង់ ហើយ​បាន​ត្រាស់​ហៅឲ្យ​យក​គំរូ​តាម​ព្រះ​អង្គ​(លោកុប្បត្តិ ១:២៧ និង​ អេភេសូរ ៥:១-២)។ ការ​មាន​ស្នា​ដៃ និង​មុខ​តំណែង​គឺ​ជា​រឿង​ល្អ តែ​អ្វី​ដែលពិត​ជា​សំខាន់​នោះ តើ​យើង​បាន​ប្រែ​ក្លាយ​ជា​មាន​ការអាណិត ប្រកប​ដោយ​ព្រះ​គុណ និង​ក្តី​ស្រឡាញ់​ខ្លាំង​ប៉ុណ្ណា។​

យើង​ប្រហែល​ជា​ចង់​គិត​ថា ខ្លួន​យើង​សំខាន់ ដោយ​ផ្អែក​ទៅ​លើ​ស្នា​ដៃ​របស់​យើង ប៉ុន្តែ ព្រះ​នៃ​យើង​បាន​ធ្វើ​ជា​គំរូ ឲ្យ​យើង​ដឹងថា ជោគ​ជ័យ​ពិត​ប្រាកដ​ គឺ​មិន​មែន​ជា​អ្វី​ដែល​មាន​នៅ​លើ​នាម​ប័ណ្ណ ឬ​ប្រវត្តិ​រូប​របស់​យើង​នោះ​ទេ តែ​ជា​ការ​ផ្លាស់​ប្រែ ឲ្យ​មាន​ចារិក​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​អង្គ។​—Sheridan Voysey