ពេល​ដែល​ឆ្នំា​ថ្មី​ចូល​មក​ដល់ គេ​ក៏​បាន​ទម្លាក់​បាល់​តូច​ៗ នៅ​ទី​លាន​ញូយ៉ក ថែម។ ហ្វូង​មនុស្ស​បាន​រាប់​ថយ​ក្រោយ ស្វាគមន៍ឆ្នាំ​ថ្មី ជា​មួយ​នាឡិការ​ប៊ីក ប៊ែន នៅ​ទីក្រុង​ឡុង។ គេ​ក៏​បាន​បាញ់​កាំជ្រួច​អបអរ​ឆ្នំា​ថ្មី នៅ​កំពង់​ផែ​ស៊ីដនី។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទីក្រុង​របស់​អ្នក​ក៏​ប្រហែល​ជា​មាន​ពិធី​ទទួល​ឆ្នាំ​ថ្មី​ផង​ដែរ ព្រោះ​ការ​ស្វាគមន៍​ឆ្នាំ​ថ្មី និង​ការ​ចាប់​ផ្តើម​ជា​ថ្មី បាន​នាំ​មក​នូវ​ភាព​រំភើប​រីក​រាយ។ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី យើង​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ពេល​អនាគត​ដែល​យើង​មិន​ដឹង​ថា នឹង​ជួប​រឿង​អ្វីខ្លះ។ តើ​មាន​មិត្ត​ភាព និង​ឱកាស​អ្វី​ខ្លះ ដែល​យើង​អាច​រក​ឃើញ?

ឆ្នាំ​ថ្មី​នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ តែ​ក៏​បាន​នាំ​ឲ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ។ គ្មាន​នរណា​ម្នាក់​ដឹង​អំពី​ពេល​អនាគត​ ឬដឹង​ថា ខ្លួន​នឹង​ជួប​ខ្យល់​ព្យុះ​អ្វី​ខ្លះ​ទេ។ បើ​យើង​សិក្សា​អំពី​ប្រវត្តិ​នៃ​ឆ្នាំ​ថ្មី យើង​នឹង​បាន​ដឹង​ថា កាំ​ជ្រួច​ត្រូវ​បាន​គេ​ច្នៃ​បង្កើត នៅប្រទេស​ចិន ក្នុង​គោល​បំណង​ដើម្បី​បណ្តេញ​វិញ្ញាណ​អាក្រក់ ហើយ​ធ្វើ​ឲ្យ​ឆ្នាំ​ថ្មី​មាន​ភាព​សម្បូរ​សប្បាយ។ ហើយ​ជន​ជាតិ​បាប៊ីឡូន​ធ្លាប់​មាន​ប្រពៃណី​នៃ​ការ​ប្តេជ្ញា​ចិត្ត សម្រាប់​ឆ្នាំ​ថ្មី ដោយ​ធ្វើ​ការ​ស្បថ​សច្ចា ដើម្បី​ផ្គាប់​ចិត្ត​ព្រះ​របស់​ពួក​គេ។ សកម្ម​ភាព​ទាំងអស់​នេះ ត្រូវ​បាន​ធ្វើ​ឡើង សុទ្ធ​តែ​ដើម្បី​ជួយ​ខ្លួន​ឯង ឲ្យ​មាន​ទំនុក​ចិត្ត ក្នុង​ពេល​អនាគត។

ប៉ុន្តែ បន្ទាប់​ពី​បាន​ធ្វើ​ការ​ស្បថ​សច្ចា​ហើយ ពួក​បាប៊ីឡូន​ក៏​បាន​ធ្វើ​សង្រ្គាម​យ៉ាង​មមា​ញឹក ដើម្បី​គ្រប់​គ្រង​ទឹក​ដី​ជិត​ខាង​ ដែលរាប់​បញ្ចូល​ទាំង​អ៊ីស្រាអែល​ផង​ដែរ។ នៅ​ពេល​ខ្លះ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​មក​ជន​ជាតិ​យូដា​ដែល​ជា​ទាសករ​ថា កុំ​ឲ្យ​ភ័យខ្លាច​អ្វី​ឡើយ … ពេល​ណា​ពួក​គេ​ឆ្លង​ទឹក នោះ​ព្រះ​អង្គ​ក៏នៅ​ក្បែរ​ពួក​គេ​(អេសាយ ៤៣:១-២)។ ក្រោយ​មក ព្រះ​យេស៊ូវ​មានបន្ទូល​ស្រដៀង​នេះ ពេល​ដែល​ទ្រង់ និង​ពួក​សិស្ស​កំពុង​តែ​ជិះ​ទូក​កាត់​ខ្យល់​ព្យុះ​ដ៏​​កាច​សាហាវ។ មុន​ពេល​ព្រះ​អង្គ​បង្គាប់​ខ្យល់ព្យុះ​ឲ្យ​ស្ងប់ ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​ថា “ឱ​ពួក​អ្នក​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​ភ័យ​ដូច្នេះ?”(ម៉ាថាយ ៨:២៣-២៧)។

សព្វ​ថ្ងៃ​នេះ យើង​បាន​បោះ​ជំហាន ចូល​ទៅ​ក្នុង​ពេល​អនាគត ដែល​យើង​មិន​ដឹង​ថា នឹង​ជួប​រឿង​អ្វី​ខ្លះ​ទេ។ ទោះ​យើង​នឹង​ជួប​អ្វីក៏​ដោយ ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង ហើយ​ព្រះ​អង្គ​មាន​អំណាច​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់។​—Sheridan Voysey