បន្ទាប់​ពី​ការ​ញាំ​អាហារ​នៅ​ថ្ងៃ​ឈប់​សម្រាក នៅ​ផ្ទះ​ខ្ញុំ​បាន​បញ្ចប់ ម្នាក់​ៗ​ក៏បាន​បើក​ប្រអប់​អំណោយ ដែល​ខាង​ក្នុង​មាន​ដូច​ជាស្ករ​គ្រាប់ របស់​ក្មេង​លេង​តូច​ៗ ឬ​ក្រដាស់​ពណ៌​តូច​ៗ​សម្រាប់​បាច​លេង។ ប៉ុន្តែ មាន​អ្វី​ផ្សេង​ទៀត ក្នុង​ប្រអប់​អំណោយ​នោះ ដែលជា​មកុដ​ធ្វើ​ពី​ក្រដាស់ សម្រាប់​យើង​ម្នាក់​ៗ។ យើង​មិន​អាចឃាត់​ចិត្តមិនឲ្យ​ពាក់​មកុដ​នោះ​បាន​ឡើយ ហើយ​យើង​ក៏​បាន​ញញឹម​ដាក់គ្នា ខណៈ​ពេល​ដែល​យើង​អង្គុយ​នៅ​ជុំវិញ​តុ។ យើង​បាន​ក្លាយ​ជា​ស្តេច និង​ក្សត្រី ក្នុង​ពេល​តែ​ម្តង​នោះ ទោះ​នគរ​យើង​ក្នុង​ពេល​នោះ គឺ​ជា​បន្ទប់​ញាំ​អាហារ ដែល​រាយ​ប៉ាយ បន្ទាប់​ពី​ញាំ​អាហារ​ពេល​ល្ងាច​ក៏​ដោយ។​

ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះ​បន្ទូល​សន្យា​ក្នុង​ព្រះ​គម្ពីរ ដែល​ខ្ញុំ​បាន​គិត​ដល់​ជា​ញឹក​ញាប់។ នៅ​ចុង​បញ្ចប់​ អ្នក​ជឿ​ទាំងអស់​នឹង​បាន​គ្រង​រាជ្យ​ជា​មួយ​ព្រះ​យេស៊ូវ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍ ក្នុង​បទ​គម្ពីរ ១កូរិនថូស ៦​ថា “តើ​មិនដឹង​ថា ពួក​បរិសុទ្ធ​នឹង​ជំនុំ​ជំរះ​លោកីយ៍​ដែរ​ទេ​ឬុ?”(ខ.២)។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​កំពុង​តែ​និយាយ​អំពី​ឯក​សិទ្ធិ​ពិសេស ដែល​យើង​មាន​ពេល​អនាគត ព្រោះ​គាត់​ចង់​លើក​ទឹក​ចិត្ត​អ្នក​ជឿ ឲ្យ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី និង​ស្ងប់​ស្ងាត់ នៅ​លើផែន​ដី​នេះ។ ពួក​គេ​បាន​ប្តឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ជឿ​ដទៃ​ទៀត ក្នុង​សហគមន៍​របស់​ពួក​គេ។

យើង​អាច​ដោះ​ស្រាយ​ជម្លោះ​បាន​កាន់​តែ​ប្រសើរ ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បង្កើត​ផល​ផ្លែ​នៃ​ការ​ដឹង​ខ្នាត សុភាព និង​អត់​ធ្មត់ នៅ​ក្នុង​យើង។ នៅ​ពេល​ដែល​ព្រះយេស៊ូវ​យាង​ត្រឡប់​មក​ផែន​ដី​វិញ ហើយ​បញ្ចប់​កិច្ចការ​ដែល​ព្រះ​វិញ្ញាណ​បាន​ធ្វើ​ក្នុងជីវិត​យើង​(១យ៉ូហាន ៣:២-៣) យើង​នឹង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច សម្រាប់​តួនាទី​ជា “​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​យើង​បាន​សោយ​រាជ្យ​លើ​ផែនដី”(វិវរណៈ ៥:១០)។ ចូរ​យើង​តោង​ឲ្យ​ជាប់​សេចក្តី​សន្យា​នេះ ដែល​បញ្ចេញ​ពន្លឺ​ភ្លឺ​ផ្លេក ក្នុងព្រះ​គម្ពីរ​ប៊ីប ដូច​ជា​គ្រាប់​ពេជ្រ នៅ​លើ​មកុដ​ធ្វើ​ពី​មាស។​—Jennifer Benson Schuldt