ពពក​នៅ​ពេល​ព្រឹក​បាន​ចុះ​មក​នៅ​ទាប​នឹង​ដី​ណាស់ ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​មើល​ទៅ​ឆ្ងាយ​ឃើញ​ច្បាស់ ហើយ​អាច​មើល​បាន​តែ​ពីរ​បីរយ​ម៉ែត្រ​ប៉ុណ្ណោះ។​ ប៉ុន្តែ ពេល​រសៀល​មក​ដល់ ពពក​ក៏​បាន​រសាត់​ទៅ​ឆ្ងាយ ហើយ​ខ្ញុំ​ក៏​បាន​មើល​ឃើញ​កំពូល​ភ្នំ​ផាយ ភីក ដែល​អម​សង្ខាង ដោយ​ជួរ​ភ្នំ។ កំពូល​ភ្នំ​នេះ​​ជា​ចំណុច​សំគាល់ ដែល​គេ​បាន​ស្គាល់​ជាង​គេ ក្នុង​ទីក្រុង​របស់​ខ្ញុំ។ ស្នាម​ញញឹម​ក៏​បាន​លេច​ឡើង នៅ​លើ​ផ្ទៃ​មុខ​ខ្ញុំ។ ខ្ញុំ​យល់​ឃើញ​ថា ភាព​ស្រស់​ស្អាត​ដែល​យើង​មើល​ឃើញ​នឹង​ភ្នែក ក៏​អាច​មាន​ផល​ប៉ះពាល់​មក​លើ​ការ​មើល​ឃើញ​ខាង​វិញ្ញាណ​របស់​យើង​ផង​ដែរ។​ ហើយ​ខ្ញុំ​ក៏​បាន​នឹក​ចាំ ​អំពី​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ដែលបាន​បន្លឺ​សម្លេង​ច្រៀង​ថា “ខ្ញុំ​នឹង​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តែ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពី​ណា?”(ទំនុកដំកើង ១២១:១)។ ជួនកាល យើង​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​មើល​ឲ្យ​ខ្ពស់​បន្តិច។​

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ជញ្ជឹង​គិត​ថា ជំនួយ​គាត់​មក​ពី​ណា ប្រហែល​មកពី​កាល​នោះ នៅ​លើ​កំពូល​ភ្នំ​នៅ​ជុំវិញ​ទឹក​ដីអ៊ីស្រាអែល​មាន​អាសនា​របស់​ព្រះ​ដទៃ​ជា​ច្រើន ហើយ​ច្រើន​តែ​មាន​ចោរ​ព្រៃ​នៅ​ទីនោះ​ផង​ដែរ។ ពុំ​នោះ​ទេ គាត់​ប្រហែល​ជាមើល​ទៅភ្នំ​ស៊ីយ៉ូន ដែល​មាន​ព្រះ​វិហារ​របស់​ព្រះ​នៅ​ទីនោះ ហើយ​ក៏​បាន​នឹក​ចាំ អំពី​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន​ដី  ដែល​ជា​ព្រះ​នៃ​សេចក្តី​សញ្ញា​របស់​គាត់​(ខ.២)។  ទោះជា​យ៉ាង​ណាក៏​ដោយ ពេល​យើង​ថ្វាយ​បង្គំ ភ្នែក​ខាង​វិញ្ញាណ​របស់​យើងត្រូវ​តែ​មើល​ទៅ​ព្រះ។ ភ្នែក​យើង​ត្រូវ​មើល​ឲ្យ​ខ្ពស់​ជាង​កាលៈទេសៈ​របស់​យើង ខ្ពស់​ជាង​ទុក្ខ​លំបាក និង​បញ្ហា​របស់​យើង ក៏ខ្ពស់​ជាង​ពាក្យ​សន្យា​ខ្យល់ របស់​ព្រះ​ក្លែង​ក្លាយ ក្នុង​សម័យ​បច្ចុប្បន្ន។ នោះ​យើង​អាច​មើល​ឃើញ​ព្រះ​អាទិករ និង​ព្រះ​ដ៏​ប្រោសលោះ ដែល​បាន​ហៅ​ចំ​ឈ្មោះ​យើង។ ព្រះ​អង្គ​នឹង​ថែរក្សា​យើង “ក្នុង​ដំណើរ​ដែល​យើង​ចេញ​ចូល​ទៅ​មក ចាប់​តាំង​ពី​ឥឡូវ​នេះ​រៀង​ត​ទៅ”(ខ.៨)។—Glenn Packiam