លោក​ដាវីឌ​ធ្លាប់​ត្រូវ​ឪពុក​គាត់​វាយ​ដំ​ជា​លើក​ដំបូង នៅ​ថ្ងៃ​ខួប​កំណើត​របស់​គាត់ គម្រប់​អាយុ​១៧​ឆ្នាំ បន្ទាប់​ពី​គាត់​បាន​ធ្វើ​បែកកញ្ចក់​បង្អួច​ដោយ​អចេតនា។ លោក​ដាវីឌ​ថា កាល​នោះ​ឪពុក​គាត់​បាន​ទាត់​ធាក់ និង​ដាល់​គាត់ តែ​ក្រោយ​មក ឪពុក​គាត់​ក៏​បានសុំ​ទោស​គាត់។ ឪពុក​គាត់​ជា​អ្នក​ប្រមឹក​ស្រា ដែល​ចូល​ចិត្ត​ប្រើ​អំពើ​ហឹង្សា ហើយ​គាត់​កំពុង​តែ​ព្យាយាម​អស់​ពី​ចិត្ត ដើម្បី​កុំ​ឲ្យ​ខ្លួន​គាត់​ក្លាយ​ជា​មនុស្ស​ដូច​ឪពុក​គាត់។

ប៉ុន្តែ លោក​ដាវីឌ​បាន​ចំណាយ​ពេល​យ៉ាង​យូរ ទំរាំ​តែ​អាច​ឈាន​មក​ដល់​ចំណុច​នេះ។ កាល​គាត់​នៅ​ក្នុង​វ័យ​ជំទង់ និង​វ័យ​២០ឆ្នាំ​ប្លាយ ភាគ​ច្រើន​គាត់​ជាប់​គុក ឬ​ស្ថិត​ក្នុង​ការ​ព្យួរ​ទោស​ដោយ​មាន​លក្ខ​ខណ្ឌ ហើយ​បាន​ចេញ​ចូល​មជ្ឈ​មណ្ឌល​ផ្តាច់​ថ្នាំ​ញៀន​ជាញឹក​ញាប់។ ពេល​ដែល​គាត់​មាន​អារម្មណ៍​ថា ក្តី​សង្ឃឹម​របស់​គាត់​បាន​រលាយ​ទាំង​ស្រុង​ហើយ គាត់​ក៏​បាន​រក​ឃើញ​ក្តី​សង្ឃឹម តាម​រយៈ​ទំនាក់​ទំនង​ជា​មួយ​ព្រះ​យេស៊ូវ កាល​គាត់​នៅ​មជ្ឈ​មណ្ឌល​ព្យាបាល ដែល​យក​ព្រះ​គ្រីស្ទ​ជា​ទីមួយ ។

គាត់​ថា កាល​ពី​មុន គាត់​មាន​តែ​ភាព​អស់​សង្ឃឹម តែ​ពេល​នេះ គាត់​បាន​ធ្វើ​ដំណើរ​តាម​ទិស​ដៅ​ថ្មី​មួយ។ ពេល​គាត់​ភ្ញាក់​ពីដំណេក​នៅ​ពេល​ព្រឹក កិច្ចការ​ទី​មួយ​ដែល​គាត់​ធ្វើ គឺ​គាត់​ប្រាប់​គេ​ថា គាត់​ថ្វាយ​ចិត្ត​របស់​គាត់​ដាច់​ដល់​ព្រះ​អង្គ។​

ពេល​ណា​យើង​ចូល​មក​រក​ព្រះ ដោយ​ជីវិត​ខ្ទេច​ខ្ទាំ ទោះ​ដោយ​សារ​កំហុស​អ្នក​ដទៃ ឬ​កំហុស​ខ្លួន​ឯង​ក្តី ព្រះ​ទ្រង់​ទទួល​យក​ចិត្តខ្ទេច​ខ្ទាំ​របស់​យើង ហើយ​ប្រោស​ចិត្ត​យើង​ឲ្យ​ជា និង​ថ្មី​ឡើង។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ”(២កូរិនថូស ៥:១៧)។ សេចក្តី​ស្រឡាញ់ និង​ព្រះ​ជន្ម​របស់​ព្រះ​គ្រីស្ទ រារាំង​អតីត​កាល​របស់​យើង មិន​ឲ្យ​កើត​ឡើង​ជា​ថ្មី ដោយ​ប្រទានយើង​នូវ​អនាគត​ថ្មី​មួយ​(ខ.១៤-១៥)។ មិន​តែ​ប៉ុណ្ណោះ ពេញ​មួយ​ជីវិត​របស់​យើង យើង​អាច​រក​ឃើញ​ក្តី​សង្ឃឹម និង​កម្លាំង ក្នុងការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ និង​បន្ត​ធ្វើ​ក្នុង​យើង រៀង​រាល់​ពេល។—Alyson Kieda