មហា​វិទ្យាល័យ​ព្រះ​គម្ពីរ​តូច​មួយ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ហ្កាណា មិន​មាន​លក្ខណៈ​ដែល​គួរ​ឲ្យ​ស្ងប់​ស្ងែង​ទេ គឺ​គ្រាន់​តែ​ជាអគារ​មាន​ដំបូល​ស័ង្ក​សី ជញ្ជាំង​ធ្វើ​ពី​ឥដ្ឋ និង​មាន​សិស្ស​តិច​តួច​ប៉ុណ្ណោះ។ ប៉ុន្តែ លោក​បប់ ហេយេស(Bob Hayes) បានលះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង ដើម្បី​សិស្ស​ទំាង​នោះ។ គាត់​បាន​បណ្តុះ​បណ្តាល​ពួក​គេ​ឲ្យ​ក្លាយ​ជា​អ្នក​ដឹក​នាំ ហើយ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ផ្សាយ និង​បង្រៀន​ព្រះ​បន្ទូល​ ទោះ​ពួក​គេ​មាន​ការ​ស្ទាក់​ស្ទើរ​នៅ​ពេល​ខ្លះ​ក៏​ដោយ។ លោក​បប់​បាន​លាចាក​លោក​កាល​ពីប៉ុន្មាន​ឆ្នាំ​មុន ប៉ុន្តែ មាន​ព្រះ​វិហារ​ និង​សាលា​រៀន​រាប់​សិប​កន្លែង ហើយ​មាន​វិទ្យាសា្ថន​ព្រះ​គម្ពីរ​ពីរ​កន្លែង​ជា​បន្ថែម​ទៀត កំពុង​រីក​ដុះ​ដាល នៅ​ទូទាំង​ប្រទេស​ហ្កាណា ដែល​សុទ្ធ​តែ​បាន​ចាប់​ផ្តើម ដោយ​ការ​ប្រឹង​ប្រែង​របស់​និស្សិត​សាលា​គម្ពីរ​ដ៏​តូច​ទាបនោះ​។

ក្នុង​សម័យ​ស្តេច​អើថាស៊ើកសេស (ឆ្នាំ ៤៦៥ ដល់ ៤២៤ មុនគ្រីស្ទសគរាជ) ហោរា​អែសរ៉ា​បាន​ប្រមូល​ជន​ជាតិ​យូដា​មួយ​ក្រុម ដែល​ត្រូវ​គេ​និរទេស ឲ្យ​វិល​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​ជា​មួយ​គាត់។ ប៉ុន្តែ គាត់​មិន​ឃើញ​មាន​ពូជ​អំបូរ​លេវី ក្នុង​ចំណោមពួក​គេ​ទេ​(អែសរ៉ា ៨:១៥)។ គាត់​ត្រូវ​ការ​ពួក​លេវី ឲ្យ​បម្រើ​ការ​ជា​ពួក​សង្ឃ។ ដូច​នេះ គាត់​ក៏​បាន​បង្គាប់​អ្នក​ដឹក​នាំ ឲ្យ​នាំ​មនុស្សសម្រាប់​ធ្វើ​ការងារ ក្នុង​ព្រះ​វិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា(ខ.១៧)។ ពួក​គេ​ក៏​បាន​ធ្វើ​តាម​បង្គាប់​គាត់​(ខ.១៨-២០) ហើយលោក​អែសរ៉ា​ក៏​បាន​នាំ​ពួក​គេ​អធិស្ឋាន​តម​(ខ.២១)។​

ឈ្មោះ​របស់​លោក​អែសរ៉ា គឺ​មាន​ន័យ​ថា “អ្នក​ជំនួយ” ជា​លក្ខណៈ​សម្បត្តិ ដែល​ជា​ចំណុច​ស្នូល​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​ល្អ។ នៅក្រោម​ការ​ណែនាំ​ដោយ​ការ​អធិស្ឋាន​របស់​លោក​អែសរ៉ា គាត់ និង​សិស្ស​របស់​គាត់ ក៏​បាន​នាំ​ឲ្យ​មាន​ការ​ភ្ញាក់​រឭក​ខាង​វិញ្ញាណ ក្នុង​ទីក្រុង​យេរូសាឡិម(មើលជំពូក ៩-១០)។ អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​នោះ គឺ​ការ​លើក​ទឹក​ចិត្ត និង​ការ​ដឹក​នាំ​ប្រកប​ដោយ​ប្រាជ្ញា​។​

ព្រះ​វិហារ​របស់​ព្រះ​ក៏​មាន​ដំណើរ​ការ​ដូច​នេះ​ផង​ដែរ។ យើង​ក៏​ត្រូវ​រៀន​លើក​ទឹក​ចិត្ត និង​ស្អាង​អ្នក​ដទៃ ដូច​ជា​គ្រូ​ដ៏​ល្អ​ផង​ដែរ។ ឥទ្ធិ​ពល​ដ៏​ល្អ​នេះ នឹង​បន្ត​ឆ្លង​ទៅ​ដល់​អ្នក​ជំនាន់​ក្រោយ​ផង​ដែរ។ ការងារ​ដ៏​ល្អ​ដែល​យើង​បាន​ធ្វើ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ថ្វាយ​ព្រះ នឹង​មាន​តម្លៃ​អស់​កល្ប​ជា​និច្ច។—Tim Gustafson