លោកចន មែកខាធី(John McCarthy) ជា​អ្នក​កាសែត​ជន​ជាតិ​អង់​គ្លេស ដែល​ធ្លាប់​រស់​នៅ​ជា​ឈ្លើយ​សឹក​អស់​រយៈ​ពេល​ប្រាំឆ្នាំ ក្នុង​អំឡុង​សម័យ​សង្រ្គាម​ស៊ីវិល​នៅ​ប្រទេស​លេបាណន់។ រយៈពេល២០ឆ្នាំ បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​ដោះ​លែង គាត់​ក៏​បានជួប​លោក​គានដូមែនីកូ ភីកូ(Giandomenico Picco) ដែល​បាន​ចរចារ​ឲ្យ​គេ​ដោះ​លែង​គាត់។ ពេល​ដែល​គាត់​បាន​ជួបបេសកជន​អង្គ​ការ​សហ​ប្រជា​ជាតិ​រូប​នេះ គាត់​គ្រាន់​តែ​និយាយ​ថា “ខ្ញុំ​សូម​អរ​គុណ​លោក ដែល​បាន​ជួយ​ដោះ​លែង​ខ្ញុំ​ឲ្យ​មាន​សេរីភាព”។ ពាក្យ​សម្តី​ចេញ​ពី​ចិត្ត​របស់​គាត់ គឺ​មាន​តម្លៃ​ណាស់ ព្រោះ​លោក​ពភីកូ បាន​ប្រថុយ​ជីវិត ក្នុង​អំឡុង​ពេល​នៃ​ការចរចារ​គ្នា​ដ៏​គ្រោះ​ថ្នាក់ ដើម្បី​រំដោះ​លោក​មែកខាធី និង​អ្នក​ដទៃ​ទៀត ឲ្យ​មាន​សេរីភាព។​

ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ យើង​អាច​យល់​អំពី​សេរីភាព​ដែល​រក​បាន​យ៉ាង​លំបាក។ ព្រះ​យេស៊ូវ​បាន​លះ​បង់​ព្រះ​ជន្ម​ព្រះ​អង្គ ដោយ​សុគត​នៅ​លើ​ឈើ​ឆ្កាង​របស់​ពួក​រ៉ូម៉ាំង ដើម្បី​រំដោះ​មនុស្ស​ទំាង​អស់​ឲ្យ​មាន​សេរីភាព​ខាង​វិញ្ញាណ។ សព្វ​ថ្ងៃ​នេះ ក្នុង​នាម​យើង​ជា​កូន​ព្រះ​អង្គ សាវ័ក​ប៉ុល​បាន​ប្រកាស់​ប្រាប់​យើង​ថា “ព្រះគ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួច​ហើយ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​ឲ្យ​មាំមួន ក្នុង​សេរីភាព​នោះ​ចុះ កុំ​ឲ្យ​ត្រូវ​ជាប់​ចំណង​ជា​បាវ​បំរើ​ទៀត​ឡើយ” (កាឡាទី ៥:១)។

កណ្ឌគម្ពីរ​ដំណឹង​ល្អ​យ៉ូហាន ក៏​បាន​បង្រៀន​យើង អំពី​សេរីភាព ក្នុង​ព្រះ​គ្រីស្ទ​ផង​ដែរ ដោយ​កត់​សំគាល់​ថា “បើ​ព្រះ​រាជ​បុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត”(យ៉ូហាន ៨:៣៦)។

ប៉ុន្តែ តើ​មាន​សេរីភាព​យ៉ាង​ដូច​ម្តេច? ក្នុង​ព្រះ​យេស៊ូវ យើង​ពិសោធន៍​នឹង​សេរីភាព រួច​ពី​បាប និង​ចំណង​របស់​វា ហើយ​ថែមទាំង​រួច​ពី​កំហុស ភាព​អាម៉ាស់ ការ​ព្រួយ​បារម្ភ ការ​កុហក់​របស់​សាតាំង ជំនឿ​ខុស​ឆ្គង ការ​បង្រៀន​ខុស​ឆ្គង និង​ការ​ស្លាប់​អស់កល្ប​ជា​និច្ច។ យើង​មិន​ជាប់​ជា​ឈ្លើយ​សឹក​ទៀត​ទេ តែ​យើង​មាន​សេរីភាព ក្នុង​ការ​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​ខ្មាំង​សត្រូវ ដើរដោយ​ចិត្ត​សប្បុរស រស់​នៅ​ដោយ​សង្ឃឹម និង​ស្រឡាញ់​អ្នក​ជិត​ខាង​យើង។ ខណៈ​ពេល​ដែល​យើង​ដើរ​តាម​ការ​ដឹក​នាំ​របស់ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​អត់​ទោស​ឲ្យ​គេ ដូច​ដែល​ព្រះ​អង្គ​អត់​ទោស​ឲ្យ​យើង។

ចូរ​យើង​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​ទាំង​អស់​នេះ។ ដូច​នេះ ចូរ​យើង​នាំ​អ្នក​ដទៃ​បាន​ស្គាល់​អំណាច​នៃសេរីភាព​របស់​ព្រះ​អង្គ​ផងដែរ។—Patricia Raybon