លោក​អ៊ែនឌ្រូ(Andrew) កំពុង​តែ​រស់​នៅ​ក្នុង​ប្រទេស ដែល​គេ​បិទ​មិនឲ្យ​ផ្សាយ​ដំណឹង​ល្អ។ ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា តើ​គាត់​បានលាក់​បាំង​ជំនឿ​របស់​គាត់ ដោយ​របៀប​ណា គាត់​ថា គាត់​មិន​បាន​លាក់​បាំង​ជំនឿ​គាត់​ទេ។ គាត់​បាន​ពាក់​ឡេវ​អាវ​ធំ​មួយ ដែល​មាន​រូប​ភាព និង​អក្សរ​ដែល​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​វិហារ​របស់​គាត់ ហើយ​ពេល​ណា​ប៉ូលីស​ចាប់​ខ្លួន​គាត់ គាត់​ក៏​បាន​ប្រាប់​ប៉ូលីស​ថា ពួក​គេ​ក៏​ត្រូវ​ការ​ព្រះ​យេស៊ូវ​ផង​ដែរ។ លោក​អ៊ែនឌ្រូ​មាន​ចិត្ត​ក្លាហាន ព្រោះ​គាត់​ដឹង​ថា ព្រះ​កាន់​ខាង​គាត់។

លោក​អេលីយ៉ា​មិន​មាន​ការ​ភ័យ​ខ្លាច​ឡើយ ពេល​ដែល​ស្តេច​អ៊ីស្រាអែល​បង្គាប់​ឲ្យ​ទាហាន​៥០​នាក់​ចាប់​ខ្លួន​គាត់​(២ពង្សាវតាក្សត្រ ១:៩)។

លោក​ហោរា​រូប​នេះ​ដឹង​ថា ព្រះ​គង់​នៅ​ជា​មួយ​គាត់ ហើយ​គាត់​ក៏បាន​ទូល​សូម​ឲ្យ​ទ្រង់ទម្លាក់​ភ្លើង​មក​លើ​ពួក​ទាហាន​មួយ​កងពល​នោះ។ ស្តេច​ក៏​បាន​ចាត់​ទាហាន​ឲ្យ​ទៅ​មួយ​កង​ទៀត ហើយ​លោក​អេលីយ៉ា​ក៏​បាន​ទូល​សូម​ព្រះ​ទម្លាក់​ភ្លើង​មក​លើ​ពួក​គេ​ទៀត(ខ.១២)។ ស្តេច​ក៏​បាន​បញ្ជូល​ទាហាន​ជា​លើក​ទី​បី​ទៀត តែ​ទាហាន​មួយ​កង​ពល​នេះ​ បាន​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង ចំពោះ​កង​ពល​មុន​ៗ ដូច​នេះ មេ​ទ័ព​ក៏​បាន​អង្វរ​លោក​អេលីយ៉ា ឲ្យ​ទុក​ជីវិត​ឲ្យ​ទាហាន​របស់​គាត់។ គឺ​ពួក​គេ​ទៅ​វិញ​ទេ ដែល​ខ្លាច​លោក​អេលីយ៉ា ដូច​នេះ ទេវតា​នៃ​ព្រះ​អម្ចាស់​ក៏​បាន​ប្រាប់​លោក​អេលីយ៉ា​ថា គាត់​អាច​ទៅ​ជា​មួយ​ពួក​គេ ដោយ​សុវត្ថិ​ភាព(ខ.១៣-១៥)។

នៅ​គ្រា​សញ្ញា​ថ្មី ព្រះ​យេស៊ូវ​មិន​សព្វ​ព្រះ​ទ័យ ឲ្យ​យើង​ទូល​សូម​ព្រះ​អង្គ​ទម្លាក់​ភ្លើង​ មក​លើ​ខ្មាំង​សត្រូវ​របស់​យើង​ឡើយ។ ពេល​ដែល​ពួក​សាវ័ក​ទូល​សួរ​ព្រះ​អង្គ​ថា តើ​ពួក​គេ​អាច​ទូល​សូម​ភ្លើង​ធ្លាក់​មក​លើ​ភូមិ​របស់​សាសន៍​សាំម៉ារី​ឬ​ទេ​ ព្រះ​អង្គ​ក៏​បាន​ស្តីបន្ទោស​ពួក​គេ​(លូកា ៩:៥១-៥៥)។ យើង​កំពុង​តែ​រស់​នៅ​ក្នុង​សម័យ​ផ្សេង។ ប៉ុន្តែ ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មាន​ចិត្តក្លា​ហាន ដូច​លោក​អេលីយ៉ា ដោយ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រាប់​អ្នក​ដទៃ អំពី​ព្រះ​អង្គ​សង្រ្គោះ​ ដែល​បាន​សុគត​ជំនួយ​ពួក​គេ។

ការ​នេះ​គឺ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់ តទល់​នឹង​មនុស្ស​៥០​នាក់ ប៉ុន្តែ​ យើង​ពិត​ជា​អាច​ប្រឈម​មុខ​ដាក់​មនុស្ស​ជា​ច្រើន​ ដោយគ្មាន​ការ​ភ័យ​ខ្លាច។ ព្រះ​យេស៊ូវ​ប្រទាន​អ្វីដែល​យើង​ត្រូវ​ការ ដើម្បី​ស្រឡាញ់ និង​ឈោង​ចាប់​អ្នក​ដទៃ ដោយ​ក្តី​ស្រឡាញ់។​—Mike Wittmer