កាលពី​ឆ្នាំ១៩៩៤ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ធ្វើ​ការ​ផ្លាស់​ប្តូរ​របប​នយោបាយ ពី​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គោលនយោ​បាយ​រើស​អើង​ពូជសាសន៍ ទៅ​ជា​រដ្ឋាភិបាល​ប្រជា​ធិបតេយ្យ។ ពេលនោះ ប្រទេស​នេះ​ប្រឈម​មុខ​ដាក់​សំណួរ​ដ៏​ពិបាក​មួយ ដែល​បាន​ចោទ​សួរ​ថា តើ​ពួក​គេ​ត្រូវ​លើក​យក​ឧក្រិដ្ឋ​កម្ម ក្នុង​សម័យ​បែង​ចែក​ពូជ​សាសន៍ មក​និយាយ​ដោយ​របៀប​ណា។ អ្នកដឹក​នាំ​ប្រទេស​នេះ​មិន​អាច​ព្រងើយ​កន្តើយ​ចំពោះ​អតីត​កាល​ឡើយ ប៉ុន្តែ ការ​ដាក់​ទោស​ធ្ងន់​ធ្ងរ​មក​លើ​អ្នក​ដែល​មាន​កំហុស​ គឺជា​ការ​ប្រថុយ​នឹង​ការ​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​របួស​កាន់​តែ​ជ្រៅ។ លោក​ដេស​មុន ទូទូ(Desmond Tutu) ជា​ជន​ជាតិ​ស្បែក​ខ្មៅទីមួយ ដែល​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ជាន់​ខ្ពស់​របស់​និកាយ​អង់គ្លីខិន នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ ក្នុង​សៀវ​ភៅ ដែល​គាត់​បាន​និពន្ធ មាន​ចំណង​ជើង​ថា យើង​មិន​អាច​ចូល​ទៅ​ក្នុង​ពេល​អនាគត ដោយ​គ្មាន​ការ​អត់​ឱន​ទោស​ គាត់​បាន​មាន​ប្រសាសន៍ថា “យើង​អាច​មាន​យុត្តិ​ធម៌ គឺ​យុត្តិ​ធម៌​ដែល​ដាក់​ទោស ឲ្យ​សម​នឹង​កំហុស តែ​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​នឹង​ត្រូវ​វិនាស​មិន​ខាន”។​

តាម​រយៈ​ការ​បង្កើត​គណៈ​កម្មការ​នៃ​សេចក្តី​ពិត និង​ការ​ផ្សៈ​ផ្សា ប្រទេស​ប្រជាធិប្ប​តេយ្យ​ថ្មី​មួយ​នេះ ក៏​បាន​ជ្រើស​រើស​យក​ផ្លូវ​ដ៏ពិបាក នៅ​ក្នុង​ការ​ដេញ​តាម​សេចក្តី​ពិត យុត្តិ​ធម៌ និង​សេចក្តី​មេត្តា។ គេ​បាន​ផ្តល់​ឱកាស​ឲ្យ​អ្នក​ដែល​មាន​ទោស​ពី​បទ​ឧក្រិដ្ឋ មាន​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ស្តារ​ឡើង​វិញ បើ​សិន​ជា​ពួក​គេ​ស្ម័គ្រ​ចិត្ត​ចូល​មក​សារភាព ហើយ​ព្រម​សង​ជម្ងឺ​ចិត្ត។​ ទាល់​តែ​គេ​ប្រឈម​មុខ​ដាក់​សេចក្តី​ពិត ដោយ​ចិត្ត​ក្លាហាន ទើប​ប្រទេស​គេ​ចាប់​ផ្តើម​ធូរស្រាល ​ឡើង​វិញ។

សោកនាដ​កម្ម​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង បាន​ឆ្លុះ​បញ្ចាំង អំពី​បញ្ហា​មួយ ដែល​យើង​រាល់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ។ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​ដេញ​តាម​សេចក្តី​យុត្តិធម៌ និង​សេចក្តី​មេត្តា(មីកា ៦:៨) ប៉ុន្តែ ជា​ញឹក​ញាប់ គេ​ច្រើន​តែ​មាន​ការ​យល់ច្រឡំ​ថា សេចក្តី​មេត្តា គឺ​ជា​ការ​បណ្តោយ​ឲ្យ​អ្នក​ខុស​រួច​ខ្លួន ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ ហើយ​គេ​ក៏​យល់​ច្រឡំ​ថា ការ​ស្វែង​រកយុត្តិ​ធម៌ គឺ​ជា​ការ​ស្វែង​រក​ការ​សង​សឹក។

ផ្លូវ​ឆ្ពោះ​ទៅ​មុខ គឺ​ជា​ផ្លូវ​នៃ​សេចក្តី​ស្រឡាញ់ ដែល​មិន​គ្រាន់​តែ “ស្អប់​ការ​អាក្រក់”ប៉ុណ្ណោះ​ទេ(រ៉ូម ១២:៩) តែ​ថែម​ទាំង​ស្រេកឃ្លាន​ការ​ផ្លាស់​ប្រែ និង​សេចក្តី​ល្អ សម្រាប់ “អ្នក​ជិត​ខាង”របស់​យើង​(១៣:១០)។ តាម​រយៈ​អំណាច​របស់​ព្រះ​វិញ្ញាណ​ព្រះ​គ្រីស្ទ យើង​អាច​ឈ្នះ​សេចក្តី​អាក្រក់ ដោយ​សេចក្តី​ល្អ​(១២:២១)។—Monica La Rose