សត្វ​មឹក​ភ្នែក​ស្រលៀង រស់​នៅ​ក្នុង​តំបន់​ងងឹត នៃ​មហា​សមុទ្រ ដែល​ពន្លឺ​ថ្ងៃ​អាច​ចូល​ទៅ​ដល់​ទឹក​ជ្រៅ ​តែ​បន្តិច​បន្តួច។ រហ័សនាម​របស់​សត្វ​មឹក​នេះ ត្រូវ​បាន​គេ​ដាក់​ឲ្យ​ដូចនេះ សំដៅ​ទៅ​លើ​ភ្នែក​ទាំង​ពីរ​របស់​វា ដែល​ខុស​គ្នា​យ៉ាង​ខ្លាំង។ ភ្នែក​ខាង​ឆ្វេងរបស់​វា​បាន​លូត​លាស់​ធំ​ជាង​ភ្នែក​ខាង​ស្តាំ ស្ទើរ​តែ​ពីរ​ដង។  អ្នក​វិទ្យា​សាស្រ្ត​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា សត្វ​មឹក​ប្រើ​ភ្នែក​ស្តាំ​របស់វា ដែល​តូច​ជាង ដើម្បី​មើល​ទៅ​ខាង​ក្រោម ទៅ​រក​ទី​ជម្រៅ​ដែល​ងងឹត​ជាង។ ចំណែក​ភ្នែក​ខាង​ឆ្វេង​វា​មើល​ទៅ​លើ ទៅ​រក​ពន្លឺ​ថ្ងៃ។

រឿង​របស់​សត្វ​មឹក​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​រស់​នៅ​របស់​យើង​ជា​គ្រីស្ទ​បរិស័ទ ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ ក៏​ដូច​ជា​ក្នុង​ពេល​អនាគត ដែល​យើង​កំពុង​រង់​ចំា ក្នុង​នាម​ជា​មនុស្ស​ដែល “ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ជា​មួយ​ព្រះ​គ្រីស្ទ”​(កូល៉ុស ៣:១)។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូល៉ុស គាត់​បាន​បង្រៀន​ពួក​គេ ឲ្យ​ផ្ចង់​ចិត្ត​ទៅ​ឯ​សេចក្តី​ទាំង​អស់​ដែល​នៅ​ខាង​លើ កុំ​ឲ្យ​ផ្ចង់​ទៅ​ឯ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​នៅ​ផែនដី​ឡើយ ដ្បិត​ពួក​គេ​បាន​ស្លាប់​ហើយ ជីវិត​ពួក​គេ​ក៏​លាក់​ទុក​ក្នុង​ព្រះ ជា​មួយ​នឹង​ព្រះគ្រីស្ទ(ខ.២-៣)។

ក្នុង​នាម​ជា​មនុស្ស​កំពុង​រស់​នៅ​លើ​ផែនដី ដែល​កំពុង​រង់​ចាំ​ការ​ចូល​ទៅ​រស់​នៅ ក្នុង​នគរ​ស្ថាន​សួគ៌ ភ្នែក​របស់​យើង​មាន​ទម្លាប់មើល​អ្វី​ៗ ដែល​កំពុង​កើត​ឡើង​ជុំវិញ​ខ្លួន​យើង ក្នុង​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ ភ្នែក​ខាង​វិញ្ញាណ​របស់​យើង​ក៏​អាច​លូត​លាស់ នៅ​ក្នុងការ​មើល​ទៅ​ការ​អ្វី ដែល​ព្រះ​ទ្រង់​កំពុង​ធ្វើ​ការ ក្នុង​ពិភព​ខាង​វិញ្ញាណ គឺ​មិន​ខុស​ពី​ភ្នែក​របស់​សត្វ​មឹក​ដែល​លូត​ធំ​ឡើង ដោយ​សារ​វា​មើល​ទៅ​ខាង​លើ​នោះ​ឡើយ។ យើង​ប្រហែល​មិន​ទាន់​យល់​ទាំង​ស្រុង អំពី​អត្ថ​ន័យ​នៃ​ការ​មាន​ជីវិត​រស់ ក្នុង​ព្រះ​យេស៊ូវ តែ​ពេល​ដែល​យើង​មើល​ទៅ​ព្រះ​អង្គ យើង​នឹង​យល់​កាន់​តែ​ច្បាស់។—Kirsten Holmberg