ការ​ដាំ​ដុះ​មាន​ការ​ពិបាក នៅ​ក្នុង​តំបន់​ដែល​ខ្វះ​ខាត​ទឹក​សាប។ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ ក្រុមហ៊ុន Seawater Greenhouse ក៏​បាន​ធ្វើ​ការ​ច្នៃ​បង្កើត​ថ្មី​មួយ គឺ​ផលិត “ផ្ទះ​ត្រជាក់” ក្នុង​ប្រទេស​សូម៉ាលី នៅ​ទី្វប​អាហ្វ្រិក និង​ក្នុង​ប្រទេស​ដទៃ​ទៀត ដែល​មាន​អាកាស​ធាតុ​ស្រដៀង​គ្នា។ ផ្ទះ​ត្រជាក់​ទាំង​នោះ​ប្រើ​ម៉ាស៊ីន​បូម​ទឹក​សមុទ្រ ដែល​ប្រើ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ ដើម្បី​ច្រោះ​ទឹក នឹង​ជញ្ជាំង ដែល​ផលិត​ពី​ក្រដាស់​ក្រាស់​ៗ ដែល​ត្រូវ​បាន​បត់​ជា​ច្រើន​ផ្នត់។ ពេល​ដែល​ទឹក​សមុទ្រ​ឆ្លង​កាត់​បន្ទះចម្រោះ​នី​មួយ​ៗ ​វា​ក៏​បាន​បន្សល់​ទុក​នូវ​អំបិល។ ទឹក​ស្អាត​ដែល​នៅ​សល់​ជា​ច្រើន ក្នុង​អគារ​នោះ ក៏​បាន​ហួត ធ្វើ​ឲ្យ​កន្លែង​នោះមាន​សំនើម​ល្អ មាន​អំណោយ​ផល​ដល់​ការ​លូត​លាស់​របស់​បន្លែ និង​ដើម​ឈើ​ហូប​ផ្លែ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​ទ្រង់​មាន​បន្ទូល​សន្យា តាម​រយៈ​ហោរា​អេសាយ​ថា ព្រះ​អង្គ និង​ធ្វើ “ការ​ថ្មី​មួយ” ដោយ​ប្រទាន “ទន្លេ​ក្នុង​សមុទ្រ​ខ្សាច់” សម្រាប់​រាស្រ្ត​អ៊ីស្រាអែល​ពី​បុរាណ​(អេសាយ ៤៣:១៩)។ ការ​ថ្មី​នេះ គឺ​ខុស​ពី​ការ​ចាស់ ដែល​ទ្រង់​បាន​ធ្វើ ដើម្បី​សង្រ្គោះ​រាស្រ្ត​ព្រះ​អង្គ ឲ្យ​រួច​ពី​កង​ទ័ព​អេស៊ីព្ទ ដោយ​ឲ្យ​ពួក​គេ​ឆ្លង​កាត់​សមុទ្រ​ក្រហម។ ព្រះ​ទ្រង់​សព្វព្រះ​ទ័យ​ឲ្យ​រាស្រ្ត​ព្រះ​អង្គ នឹក​ចាំ អំពី​ពេល​អតីត​កាល ប៉ុន្តែ មិន​ឲ្យ​ពួក​គេ​រាប់​វា​ជា​សំខាន់​ជាង ការ​អ្វី​ដែល​ព្រះ​អង្គ​កំពុង​ធ្វើ ក្នុងជីវិត​ពួក​គេ​នោះ​ឡើយ​(ខ.១៨)។ គឺដូចដែលព្រះអង្គមានបន្ទូលថា “មើល អញ​នឹង​ធ្វើ​ការ​១​ថ្មី​វិញ ការ​នោះ​នឹង​លេច​ឡើង​ឥឡូវ តើ​ឯង​រាល់​គ្នា​នឹង​មិន​ស្គាល់​ទេ​ឬ អញ​នឹង​ធ្វើ​ផ្លូវ​១​នៅ​ទី​រហោស្ថាន ហើយ​ទន្លេ​នៅ​សមុទ្រ​ខ្សាច់”(ខ.១៩)។

ការ​ក្រឡេក​មើល ពេល​អតីត​កាល អាច​ជួយ​ឲ្យ​យើង​មាន​ជំនឿ ចំពោះ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ តែការ​បន្ត​រស់​នៅ ជាប់​ក្នុង​ពេល​អតីត​កាល អាច​ធ្វើ​ឲ្យ​ភ្នែក​យើង​ងងឹត មើល​មិន​ឃើញ​ការ​ថ្មី​ៗ ដែល​ព្រះ​វិញ្ញាណ​របស់​ព្រះ​ធ្វើ នៅ​ថ្ងៃនេះ។​ យើង​អាច​ទូល​សូមព្រះ ឲ្យ​បង្ហាញ​យើង អំពី​របៀប​ដែល​ព្រះ​អង្គ​កំពុង​តែ​ធ្វើ​ការ ដោយ​ជួយ និង​កសាង​ឡើង​វិញ ហើយ​ទ្រទ្រង់​រាស្រ្ត​របស់​ព្រះ​អង្គ​។ សូម​ឲ្យ​ការ​នេះ​ជំរុញ​យើង ឲ្យ​ធ្វើ​ការ​ជា​មួយ​ព្រះ​អង្គ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នក​ដទៃ ដែល​នៅ​ជិត​ឆ្ងាយ​។—Jennifer Benson Schuldt