ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​កំសាន្ត ក្រុម​គ្រួសារ​ខ្ញុំ​បាន​ជួប​ស្ត្រី​ម្នាក់ ដែល​បាន​ស្គាល់​គ្រួសារ​របស់​ស្វាមី​ខ្ញុំ តាំង​ពី​ពេល​គាត់​នៅ​ក្មេង​។ នាង​ក៏​បាន​មើល​ទៅ​ស្វាមី​ខ្ញុំ​ឈ្មោះ អាលែន(Alan) រួច​មើល​ទៅ​កូន​ប្រុស​យើង​ឈ្មោះ​ហ្សាវីយ័រ(Xavier)។ នាង​ថា “កូន​មុខ​ដូច​ប៉ា​ណាស់។ ភ្នែក និង​ស្នាម​ញញឹម ពិត​ជា​ដូច​គាត់​ណាស់”។ ខណៈ​ពេល​ដែល​គាត់​មាន​ចិត្ត​រីក​រាយ ក្នុង​ការ​ទទួល​ស្គាល់​ភាព​កាត់​រក​គ្នា រវាង​ឪពុក និង​កូន គាត់​ថែម​ទាំង​បាន​កត់​សំគាល់​ភាព​ស្រដៀង​គ្នា នៅ​ក្នុង​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​មាន​ភាព​ដូច​គ្នា​ច្រើន តែ​កូន​ប្រុស​ខ្ញុំ មិន​បាន​កាត់​រក​ស្វាមី​ខ្ញុំ​ទាំង​ស្រុង​ឡើយ។

មាន​តែ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ព្រះ​នាម​យេស៊ូវ​ទេ ដែល​ដូច​ព្រះ​វរបិតា​ទាំង​ស្រុង។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា ព្រះគ្រីស្ទ “​ជា​រូប​អង្គនៃ​ព្រះ​ដ៏​មើល​មិន​ឃើញ ជា​បង​ច្បង​នៃ​គ្រប់​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក”(កូល៉ុស ១:១៥)។ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​បង្កើត​គ្រប់​ទាំង​អស់ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​នៅ​ផែនដី ទាំង​របស់​ដែល​មើល​ឃើញ ហើយ​ដែល​មើល​មិន​ឃើញ​ផង(ខ.១៦)។ “ទ្រង់​គង់​នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​ស្ថិតស្ថេរ ដោយសារ​ទ្រង់”(ខ.១៧)។

យើង​អាច​ចំណាយ​ពេល​អធិស្ឋាន និង​សិក្សា​ព្រះ​គម្ពីរ​ប៊ីប ដោយ​ស្វែង​យល់​អំពី​ចរិត​លក្ខណៈ​របស់​ព្រះ​វរបិតា ដោយ​មើល​ទៅព្រះយេស៊ូវ ជា​ព្រះ ដែល​បាន​យក​កំណើត​ជា​មនុស្ស។ ព្រះ​អង្គ​អញ្ជើញ​យើង ឲ្យ​មើល​ទៅ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដែល​បាន​បង្ហាញ​ចេញ​មក​តាម​រយៈ​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​ជា​មួយ​មនុស្ស ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ និង​ក្នុង​ការ​រស់​នៅប្រចាំថ្ងៃ​របស់​យើង។ កាល​ណា​យើង​ថ្វាយ​ជីវិត​យើង​ដាច់​ដល់​ព្រះ​គ្រីស្ទ ហើយ​ទទួល​អំណោយ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះយើង​អាច​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​ការ​ស្គាល់ និង​ទុក​ចិត្ត​ព្រះ​វរបិតា​នៃ​ក្តី​ស្រឡាញ់​របស់​យើង។ ព្រះ​អង្គ​កែ​ប្រែ​ជីវិត​យើង ឲ្យ​មានចរិក​លក្ខណៈ​ដូច​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ​ថ្វាយ​ព្រះ​អង្គ។​

តើ​យើង​នឹង​មាន​អំណរ​យ៉ាង​ណា នៅ​ពេល​ដែល​អ្នក​ដទៃ​និយាយ​ថា យើង​មាន​លក្ខណៈ​ដូច​ព្រះ​យេស៊ូវ!—Xochitl Dixon