ក្នុង​ពេល​ដែល​យើង​ទទួល​​បរាជ័យ​ធ្ងន់​ធ្ងរ​បំផុត យើង​ងាយ​នឹង​ជឿ​ថា អ្វី​ៗ​បាន​ហួស​ពេល ហើយ​យើង​បាន​បាត់​បង់​ឱកាស​រស់នៅ ដោយ​មាន​គោល​បំណង និង​តម្លៃ​។ លោក​អេលាស(Elias) ដែល​ជា​អតីត​អ្នក​ទោស នៅ​មន្ទីរ​ឃុំ​ឃាំង​អតិបរមា នៅ​ទីក្រុង​ញ៉ូយ៉ក បាន​ពិពណ៌​នា​ថា​ គាត់​ធ្លាប់​មាន​អារម្មណ៍​ដូច​នេះ​ឯង ពេល​គាត់​ក្លាយ​ជា​អ្នក​ទោស។ គាត់​ថា “​ខ្ញុំ​មិន​អាច​ធ្វើ តាម​ការ​សន្យា​របស់​ខ្ញុំ គឺ​ការ​សន្យា​សម្រាប់​ពេល​អនាគត ការ​សន្យា អំពី​ការ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ”។

ជីវិត​របស់​លោក​អេលាស ក៏​បាន​ចាប់​ផ្តើម​មាន​ការ​ផ្លាស់​ប្តូរ តាម​រយៈ​កម្ម​វិធី​សិក្សា​សម្រាប់​អ្នក​ទោស កំរិត​បរិញ្ញា របស់​មហាវិទ្យាល័យ​បាដ។ ក្នុង​អំឡុង​ពេល ដែល​គាត់​កំពុង​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ គាត់​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​ជជែក​ដេញ​ដោល នៅ​ឆ្នាំ២០១៥ ហើយ​ក៏​បាន​ជជែក​ឈ្នះ​ក្រុម​និស្សិត​មក​ពី​មហា​វិទ្យាល័យ​ហាវើត។ សម្រាប់​លោក​អេលាស ការ​ចូល​រួម​ក្នុង​ក្រុម​នេះ បាន​បង្ហាញ​ថា ការ​សន្យា​ទាំង​នោះ​មិន​ទាន់​បាន​បាត់​បង់​ទាំង​ស្រុង​នោះ​ទេ។​

ការ​ផ្លាស់​ប្រែ​ស្រ​ដៀង​នេះ​ក៏​កើត​មាន​ក្នុង​ចិត្ត​យើង​ផង​ដែរ ពេល​ណា​យើង​ដឹង​ថា ដំណឹង​ល្អ​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ ក្នុង​ព្រះយេស៊ូវ គឺ​ជា​ដំណឹង​ល្អ​សម្រាប់​យើង​ផង​ដែរ។ ពេល​នោះ​ យើង​ក៏​ចាប់​ផ្តើម​ដឹង​ថា អ្វី​ៗ​មិន​ទាន់​យឺត​ពេល​ទេ។ ព្រះ​ទ្រង់​នៅ​តែមាន​ពេល​អនាគត​សម្រាប់​យើង។

ហើយ​វា​ជា​ពេល​អនាគត ដែល​យើង​មិន​អាច​រក​បាន​ដោយ​កម្លាំង​របស់​យើង ឬ​បោះ​បង់​ចោល​នោះ​ឡើយ តែ​ពឹង​ផ្អែក​ទៅ​លើព្រះ​គុណ និង​អំណាច​ដ៏​ហូរ​ហៀរ​របស់​ព្រះ​(២ពេត្រុស ១:២-៣)។ គឺ​ពេល​អនាគត ដែល​យើង​បាន​រួច​ពី​ភាព​អស់​សង្ឃឹម ក្នុង​លោកិយ​នេះ ហើយ​ក្នុង​ចិត្ត​យើង មាន​ពេញ​ដោយ “សិរីល្អ និង​សេចក្តី​ល្អ”របស់​ព្រះ​អង្គ​(ខ.៣)។ គឺ​ពេល​អនាគត ដែល​ជាប់ក្នុង​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​គ្រីស្ទ ដែល​មិន​នឹក​ស្មាន​ដល់​(ខ.៤) និង​ពេល​អនាគត ដែល​ផ្លាស់​ប្រែ ចូល​ទៅ​ក្នុង “សេរីភាព និង​សិរីល្អ​នៃ​កូន​របស់​ព្រះ”(រ៉ូម ៨:២១)។​—Monica La Rose