ប្អូន​ប្រុស​ខ្ញុំ ឈ្មោះ ប៉ុល(Paul) បានចម្រើន​វ័យធំ​ឡើង ដោយ​តយុទ្ធ​នឹង​ជម្ងឺ​ឆ្កួត​ជ្រូក​ធ្ងន់​ធ្ងរ ហើយ​ពេល​ដែល​គាត់​ចូល​ដល់​វ័យ​ជំទង់ ជម្ងឺ​នេះ​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ។ ពេល​យប់ ជា​ពេល​ដ៏​ចុក​ចាប់​បំផុត សម្រាប់​គាត់ និង​ឪពុក​ម្តាយ​ខ្ញុំ ពេល​ដែល​គាត់​ប្រកាច់​អស់​ពេល​ជា​ច្រើន​ម៉ោង ដែល​ជា​ញឹក​ញាប់ គាត់​ប្រកាច់​ម្តង​ៗ លើស​៦​ម៉ោង។ វេជ្ជ​បណ្ឌិត​មិន​អាច​រក​ឃើញ​ការព្យាបាល ដែល​នឹង​កាត់​បន្ថយ​រោគ​សញ្ញា​របស់​គាត់ទេ ហើយ​គាត់​គ្រាន់​តែ​អាច​ដឹង​ខ្លួន យ៉ាង​ហោច​ណាស់ នៅ​ពេល​ថ្ងៃ។ ឪពុកម្តាយ​ខ្ញុំ​ក៏​បាន​ស្រែក​រក​ព្រះ​ថា “ព្រះ​អង្គ ព្រះ​អង្គ​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង!”

ទោះ​អារម្មណ៍​របស់​ពួក​គាត់​មាន​ការ​ឈឺ​ចាប់ ហើយ​រូប​កាយ​មាន​ការ​ខ្សោះ​អស់​កម្លាំង​យ៉ាង​ណា​ក៏ដោយ ប្អូន​ប្រុស​ខ្ញុំ និង​ឪពុកម្តាយ​ខ្ញុំ​បាន​ទទួល​កម្លាំង​គ្រប់​គ្រាន់​ពី​ព្រះ សម្រាប់​ការ​រស់​នៅ​ក្នុង​ថ្ងៃ​ថ្មី។ ជាង​នេះ​ទៅ​ទៀត ឪពុក​ម្តាយ​ខ្ញុំ​បាន​រក​ឃើញ​ការកម្សាន្ត​ចិត្ត ក្នុង​ព្រះ​គម្ពីរ​ប៊ីប ដែល​រាប់​បញ្ចូល​ទាំង​កណ្ឌ​គម្ពីរ​បរិទេវ​ផង​ដែរ។ ក្នុង​កណ្ឌ​គម្ពីរ​បរិទេវ លោក​យេរេមា​បាន​ពោលទំនួញ អំពី​ការ​បំផ្លិច​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម ដោយ​ពួក​បាប៊ីឡូន ដោយ​គាត់​បាន​នឹក​ចាំ “​សេចក្តី​ទុក្ខ​លំបាក និង​ពី​សេចក្តី​វេទនា​”(៣:១៩)។​ ប៉ុន្តែ លោក​យេរេមា​មិន​អស់​សង្ឃឹម​ឡើយ។ គាត់​បាន​នឹក​ចាំ អំពី​សេចក្តី​មេត្តា​របស់​ព្រះ ដែល​សេចក្តី​មេត្តារបស់​ទ្រង់ “នៅ​តែ​ថ្មី​ជា​រៀង​រាល់​ពេល​ព្រឹក”(ខ.២៣)។ ឪពុក​ម្តាយ​ខ្ញុំ​ក៏​បាន​នឹក​ចាំ​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ​ផង​ដែរ។

ទោះ​អ្នក​កំពុង​តែ​ជួប​ប្រទះ​រឿង​អ្វី​ក៏ដោយ ចូរ​ដឹង​ថា ព្រះ​ទ្រង់​តែង​តែ​ស្មោះ​ត្រង់​ជា​និច្ច។ ព្រះ​អង្គ​ចម្រើន​កម្លាំង​យើង​ឡើង ជារៀង​រាល់​ថ្ងៃ ដោយ​ប្រទាន​យើង​នូវ​ក្តី​សង្ឃឹម។ ហើយ​ជួន​កាល ព្រះ​អង្គ​ប្រទាន​ភាព​ធូរ​ស្រាល ដូច​ដែល​ព្រះ​អង្គ​បាន​សម្រាលបន្ទុក​គ្រួសារ​ខ្ញុំ​ដែរ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ថ្នាំ​ពេទ្យ​ប្រភេទ​ថ្មី​ក៏​មាន​ដាក់​លក់ ដែល​អាច​បញ្ឈប់​ការ​ប្រកាច់​របស់​ប្អូន​ប្រុស​ខ្ញុំ នៅពេល​យប់ ដូច​នេះ ក្រុម​គ្រួសារ​ខ្ញុំ​អាច​គេង​បាន​គ្រប់​គ្រាន់ និង​មាន​ក្តី​សង្ឃឹម​ឡើង​វិញ សម្រាប់​ពេល​អនាគត។

ពេល​ណា​វិញ្ញាណ​យើង​មាន​ទុក្ខ​ព្រួយ​(ខ.២០) ចូរ​យើង​នឹក​ចាំ អំពី​ព្រះ​បន្ទូល​របស់​ព្រះ ដែល​បាន​សន្យា​ថា សេចក្តី​មេត្តា​របស់ទ្រង់​តែង​តែ​ថ្មី រៀង​រាល់​ពេល​ព្រឹក។—Amy Boucher Pye