បណ្ឌិត ប៉ុល ប្រ៊ែន(Paul Brand) និង​លោក​ភីលីព យេនស៊ី(Philip Yancey) បាន​រួម​គ្នា​និពន្ធ​សៀវ​ភៅ ដែល​មាន​ចំណង​ជើង​ថា ត្រូវ​បាន​បង្កើត​មក យ៉ាង​គួរ​កោត និង​គួរ​អស្ចារ្យ  ។ ក្នុង​សៀវភៅ​នេះ បណ្ឌិត​ប៉ុល ប្រ៊ែន​បាន​ធ្វើ​ការ​សង្កេត​ឃើញ​ថា “បេះ​ដូង​របស់​សត្វ​ចាប ហាំមីង​ដ៏​តូច​ល្អិត មាន​ទម្ងន់​តែ​ប៉ុន្មាន​ក្រាម​ប៉ុណ្ណោះ តែ​វា​លោត​៨​រយ​ដង ក្នុង​មួយ​នាទី។ បេះ​ដូង​របស់​សត្វ​ត្រី​ប៉ាឡែន​ពណ៌​ខៀវ​វិញ មាន​ទម្ងន់​កន្លះ​តោន តែ​វា​លោត​តែ​១០​ដង​ក្នុង​មួយ​នាទី​ប៉ុណ្ណោះ ហើយ​គេ​អាច​ឮ​សម្លេង​បេះ​ដូង​វា​លោត ពី​ចម្ងាយ​៣​គីឡូ។ តែ​បេះ​ដូង​របស់​មនុស្ស មិន​មាន​លក្ខណៈ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​សត្វ​ទាំង​នេះ​ទេ តែ​វា​បាន​បំពេញ​តួនាទី​របស់​វា ដោយ​លោត​១០​ម៉ឺន​ដង ក្នុង​មួយ​ថ្ងៃ​(៦៥ ទៅ៧០ដង ក្នុង​មួយ​នាទី) ដោយ​មិន​ឈប់​សម្រាក​ ដើម្បី​​ជួយឲ្យយើង​រស់​នៅ​បាន​៧០​ឆ្នាំ ឬ​លើស​ពី​នេះ​ទៀត”។

បេះ​ដូង​របស់​យើង​ពិត​ជា​អស្ចារ្យ​ណាស់ ដោយ​វា​បាន​ផ្តល់​កម្លាំង​ឲ្យ​យើង​យ៉ាង​ល្អិត​ល្អន់ ដើម្បី​ការ​រស់​នៅ បាន​ជា​គេ​ប្រៀប​ប្រដូច​វា ទៅ​នឹង​ចិត្ត នៅ​ក្នុង​វិញ្ញាណ​របស់​យើង​ផង​ដែរ។ តែ​ចិត្ត​ ឬ​បេះ​ដូង​ខាង​វិញ្ញាណ ងាយ​នឹង​ជាប់​គាំង។ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច?

លោក​អេសាភ ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជា​អ្នក​ដឹក​នាំ​ការ​ថ្វាយ​បង្គំ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ គាត់​បាន​ទទួលស្គាល់​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៧៣​ថា កម្លាំង​ដ៏​ពិត​គឺ​មាន​ប្រភព​មក​ពី​ខាង​ក្រៅ​ខ្លួន​យើង។ គឺដូចដែលគាត់បានសរសេរថា “ឯ​សាច់ និង​ចិត្ត​ទូលបង្គំ នោះ​នឹង​សាបសូន្យ​ទៅ​បាន ប៉ុន្តែ​ព្រះ​ទ្រង់​ជា​ទី​ពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដក នៃ​ទូលបង្គំ​ជា​ដរាប​ដែរ”(ខ.២៦)។ លោក​អេសាភ​និយាយ​ត្រូវ។ ព្រះ​ដ៏​រស់ គឺ​ជា​ប្រភព​កម្លាំង ដ៏​អស់​កល្ប​របស់​យើង។ ក្នុង​នាម​ព្រះ​អង្គ​ជាអ្នក​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី អំណាច​ចេស្តា​របស់​ព្រះ​អង្គ គ្មាន​ដែន​កំណត់ គឺ​ខុស​ពី​យើង​រាល់​គ្នា។

ក្នុង​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក និង​បញ្ហា​ប្រឈម ចូរ​យើង​ចំា​ថា ព្រះ​ទ្រង់​ជា​កម្លាំង​ដ៏​ពិត នៃ​ចិត្ត​របស់​យើង​ គឺ​ដូច​ដែល​លោក​អេសាភ​បាន​រក​ឃើញ​កម្លាំង​នេះ នៅ​ក្នុង​ទុក្ខ​លំបាក​របស់​គាត់។ ដូចនេះ យើង​អាច​សម្រាក ក្នុង​កម្លាំង​របស់​ព្រះ​អង្គ ជារៀង​រាល់​ថ្ងៃ។​—Bill Crowder