អ្នក​ស្ម័គ្រ​ចិត្ត​ជាង​២០០​នាក់ បាន​ជួយ​រើ​ឥវ៉ាន់​ពី​បណ្ណាគារ​តុលា នៅ​ទីក្រុង​សោត​ថែមតុន ប្រទេស​អង់​គ្លេស ទៅ​កាន់​អស័យដ្ឋាន​ថ្មី ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ដដែល។ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ ក៏​បាន​ឈរ​បន្ត​គ្នា ជា​ជួរ នៅ​លើ​ផ្លូវ​សម្រាប់​មនុស្ស​ថ្មើរ​ជើង ហើយ​ក៏​បាន​ហុច​សៀវភៅ​បន្ត​គ្នា ពី​អាស័យ​ដ្ឋាន​ចាស់ ទៅ​កាន់​អាស័យ​ដ្ឋាន​ថ្មី។ ពេល​ដែល​បុគ្គលិក​បណ្ណា​គា​ម្នាក់ បាន​ឃើញអ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ ធ្វើ​ការ​យ៉ាង​សកម្ម​ដូច​នេះ គាត់​ក៏​បាន​និយាយ​ថា គាត់​មាន​ការ​ប៉ះ​ពាល់​ចិត្ត​ណាស់ ដែល​បាន​ឃើញមនុស្ស​ជា​ច្រើន​មក​ជួយ​យក​អសារ ដោយ​ពួក​គេ​ចង់​រួម​ចំណែក នៅ​ក្នុង​ការ​អ្វី​ដែល​ធំ​ជាង​ខ្លួន​ពួក​គេ។

យើង​ក៏​អាច​មាន​ចំណែក នៅ​ក្នុង​ការ​អ្វី ដែល​ធំ​ជាង​ខ្លួន​យើង​ផង​ដែរ។​ព្រះ​ទ្រង់​ប្រើ​យើង​ ឲ្យ​ឈោង​ចាប់​ពិភព​លោក​ ដោយ​ព្រះរាជសារ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។​ ដោយសារ​មាន​នរណា​ម្នាក់​បាន​ផ្សាយ​ព្រះ​រាជ​សារ​នោះ​មក​យើង នោះ​យើង​អាចផ្សព្វ​ផ្សាយ​ព្រះ​រាជ​សារ​នោះ​បន្ត​ទៅ​អ្នក​ដទៃ​ទៀត។ សាវ័ក​ប៉ុល​បាន​ប្រៀប​ធៀប​ការ​នេះ​ ទៅ​នឹង​ការ​ធ្វើ​ស្រែ។ ក្នុង​ចំណោមយើង មាន​អ្នក​ខ្លះ​ដាំ ហើយ​អ្នក​ខ្លះ​ទៀត​ស្រោច​ទឹក។ យើង​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​ព្រះ​(១កូរិនថូស ៣:៩)។

ការងារ​នីមួយ​ៗ ដែល​យើង​ធ្វើ​បម្រើ​ព្រះ សុទ្ធ​តែ​សំខាន់ តែ​យើង​ត្រូវ​ធ្វើ ដោយ​អំណាច​របស់​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ។ ដោយអំណាច​នៃ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ នោះ​ព្រះ​ទ្រង់​ជួយ​ឲ្យ​រាស្រ្ត​ព្រះ​អង្គ ចម្រើន​ឡើង​ខាង​វិញ្ញាណ ពេល​ដែល​ពួក​គេ​ដឹង​ថា ព្រះ​អង្គស្រឡាញ់​ពួក​គេ ហើយ​ចាត់​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ ឲ្យ​យាង​មក​សុគត ជំនួស​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​រួច​ពី​បាប​(យ៉ូហាន ៣:១៦)។

ព្រះ​ទ្រង់​ធ្វើ​ការងារ​ទ្រង់ នៅ​លើ​ផែន​ដី តាម​រយៈ “អ្នក​ស្ម័គ្រ​ចិត្ត” ដូច​អ្នក និង​ខ្ញុំ។ ទោះ​យើង​ជា​ផ្នែក​មួយ​នៃ​សហគមន៍​ដែល​ធំជាង​ការ​រួម​ចំណែក​របស់​យើង ក៏​យើង​នៅ​តែ​អាច​ជួយ​ឲ្យ​សហគមន៍​នោះ​ចម្រើន​ឡើង ដោយ​ធ្វើ​ការ​ជា​មួយ​គ្នា ដើម្បី​ចែក​រំលែក​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដល់​លោកិយ។—Jennifer Benson Schuldt