រូប​គំនូរ​របស់​លោក​មៃឃល​អេនជេឡូ(Michelangelo) បាន​ពិពណ៌នា អំពី​ផ្នែក​ជា​ច្រើន នៃ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ នៅលើ​ផែនដី តែ​រូប​គំនូរ​របស់​គាត់ ដែល​បង្ហាញ​ភាព​សោក​សៅ​បំផុត ស្ថិត​ក្នុង​ចំណោម​រូប​គំនូ​ដែល​សាមញ្ញ​បំផុត។ នៅ​ឆ្នាំ១៥៤០ គាត់​បាន​គូរ​គំនូរ​មួយ​ផ្ទាំង សម្រាប់​មិត្ត​ភក្តិ​គាត់​ម្នាក់ ឈ្មោះ វីតូរៀ ខូឡូណា(Vittoria Colonna) ដែល​ជា​រូប​គំនូរព្រះ​មាតា​ព្រះ​យេស៊ូវ​ត្រ​កង​ព្រះ​សព​ព្រះ​យេស៊ូវ។ គាត់​បាន​គូរូប​នោះ​ពី​ដី​ស ដោយ​ពិពណ៌​នា អំពី​ការ​ដែល​នាង​ម៉ារា មើល​ទៅមេឃ ខណៈ​ពេល​ដែល​នាង​ត្រកង​ព្រះ​សព​បុត្រ​របស់​នាង ដែល​រឹង​ស្តូក​។ នៅ​ពី​ក្រោយ​នាង​ម៉ារា មាន​រូប​ឈើ​ឆ្កាង​ដែលបញ្ចេញ​ពន្លឺ នឹង​ពាក្យ​ថា “គេ​មិន​ដឹង​ថា ព្រះ​យេស៊ូវ​បាន​ហូរ​ព្រះ​លោហិត​ច្រើន​ប៉ុណ្ណា​ទេ”។ គំនូរ​របស់​លោក​មៃឃល​អេនជេឡូ ពិត​ជា​មាន​ន័យ​ណាស់។ គឺ​បាន​លើក​ទឹក​ចិត្ត​យើង​ថា ពេល​ណា​យើង​ពិចារណា អំពី​ការ​សុគត​របស់​ព្រះ​យេស៊ូវ នោះ​យើង​ត្រូវ​ពិចារណា អំពី​ការ​លះ​បង់​របស់​ព្រះ​អង្គ​ផង​ដែរ។

ការ​លះ​បង់​របស់​ព្រះ​គ្រីស្ទ ក៏​បាន​បង្ហាញ​នៅ​ក្នុង​ការ​ប្រកាស់​របស់​ព្រះ​អង្គ មុន​ពេល​ព្រះ​អង្គ​ផុត​ដង្ហើម ដោយ​ព្រះ​អង្គ​មានបន្ទូល​ថា “ការ​ស្រេច​ហើយ”(យ៉ូហាន ១៩:៣០)។ ពាក្យ “ការ​ស្រេច​ហើយ” មាន​អត្ថ​ន័យ​ផ្សេង​ៗ​គ្នា ដែល​មាន​ដូច​ជា ការ​បង់​ថ្លៃបាន​រួច​រាល់​ហើយ កិច្ចការ​បាន​ចប់​សព្វ​គ្រប់​ហើយ យញ្ញ​បូជា​ត្រូវ​បាន​ថ្វាយ​ហើយ និង​ស្នាដៃ​ដ៏​ល្អ​ឯក​បាន​បញ្ចប់​ហើយ។ ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ជំនួស​យើង នៅ​លើ​ឈើ​ឆ្កាង គឺ​បាន​បង់​ថ្លៃ​លោះ​យើង ចប់​សព្វ​គ្រប់​ហើយ។ ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ បាន​ជា​សាវ័ក​ប៉ុល​បាន​សរសេរ​ថា “ឯ​ខ្ញុំ កុំ​បី​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ឡើយ អួត​បាន​តែ​ពី​ឈើ​ឆ្កាង​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ប៉ុណ្ណោះ ដែល​ដោយសារ​ទ្រង់ នោះ​លោកីយ៍​បាន​ត្រូវ​ជាប់​ឆ្កាង​ខាង​ឯ​ខ្ញុំ ហើយ​ខ្ញុំ​ខាង​ឯ​លោកីយ៍​ដែរ”(កាឡាទី ៦:១៤)។

ការ​ដែល​ព្រះ​យេស៊ូវ​បាន​ស្ម័គ្រ​ព្រះ​ទ័យ​សុគត​ជំនួស​យើង គឺ​ជា​ភស្តុតាង​ដ៏​អស់​កល្ប ដែល​បង្ហាញ​អំពី​ទំហំនៃ​ក្តី​ស្រឡាញ់​របស់ព្រះ ចំពោះ​យើង។ ខណៈ​ពេល​ដែល​យើង​ពិចារណា អំពី​ការ​បង់​ថ្លៃ​របស់​ព្រះ​អង្គ នោះ​ចូរ​យើង​អរ​ព្រះ​គុណ និង​ត្រេក​អរ​ ចំពោះ​ក្តី​ស្រឡាញ់ និង​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង។—Bill Crowder