លោក​ឪពុក​ខ្ញុំ​ចូល​ចិត្ត​ច្រៀង​បទ​ចម្រៀង​ទំនុក​ដំកើង​ចាស់​ៗ។ ក្នុង​ចំណោម​បទ​ទាំង​នោះ​ គាត់​ចូល​ចិត្ត​បទ “ក្នុង​សួន​ច្បារ”។ កាល​ប៉ុន្មាន​ឆ្នាំ​មុន យើង​បាន​ច្រៀង​បទ​នោះ ក្នុង​ពិធី​បុណ្យ​សព​របស់​គាត់។ វគ្គ​បន្ទរ​នៃ​បទ​នេះ​ច្រៀង​ថា “ព្រះ​អង្គ​ដើរ​ជា​មួយ​ខ្ញុំ ហើយ​និយាយ​ជា​មួយ​ខ្ញុំ ហើយ​ព្រះ​អង្គ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ជា​កម្ម​សិទ្ធិ​ព្រះ​អង្គ ហើយ​ក្តី​អំណរ​យើង​មាន​ ពេល​ដែល​យើង​ទៅ​ដល់​ទីនោះ ជា​ក្តី​អំណរ​ដែល​យើង​មិន​ធ្លាប់​មាន​ពី​មុន​មក​។ កាល​គាត់​នៅ​រស់ បទ​ចម្រៀង​នេះបាន​នាំ​មក​នូវ​ក្តី​អំណរ​ដល់​គាត់​ ហើយនៅ​តែ​នាំ​ឲ្យ​ខ្ញុំ​មាន​ក្តី​អំណរ។

លោក ស៊ី អូស្ទីន ម៉ាល(C. Austin Miles) បាន​ប្រាប់​ថា គាត់​បាន​និពន្ធ​បទ​នេះ ក្នុង​រដូវ​ផ្កា​រីក ឆ្នាំ១៩១២ បន្ទាប់​ពី​គាត់​បានអាច​ជំពូក​២០ នៃ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន។ គាត់​ថា​ ពេល​ដែល​គាត់​បាន​អាន​បទ​គម្ពីរ​នោះ នៅ​ថ្ងៃ​នោះ គាត់​មាន​អារម្មណ៍ថា គាត់​ហាក់​ដូច​ជា​កំពុង​តែ​នៅ​កន្លែង​នោះ​ជា​មួយ​ព្រះ​អង្គ​ផង​ដែរ។ គាត់​ហាក់​ដូច​ជា​ស្មរ​បន្ទាល់​ដ៏​ស្ងាត់​ស្ងៀម​ម្នាក់ ក្នុង​ពេល​ដែល​នាង​ម៉ារា លត់​ជង្គង់ នៅ​ចំពោះ​មុខ​ព្រះ​អម្ចាស់ ហើយ​និយាយ​ថា “រ៉ាបូនី ដែល​ស្រាយ​ថា លោក​គ្រូ​អើយ”។

ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក២០ យើង​ឃើញ​ថា នាង​ម៉ារា​ម៉ាក់ដាឡា បាន​ទួញ​យុំ នៅ​ក្បែរ​ផ្នូរ​ព្រះ​យេស៊ូវ ដែល​នៅ​ទទេរ។ នៅ​ទីនោះ នាង​បាន​ជួប​បុរស​ម្នាក់ ដែល​បាន​សួរ​នាង​ថា ហេតុ​អ្វី​នាងយំ។ នាង​គិត​ថា អ្នក​នោះ​ជា​អ្នក​ថែ​សួន​ តែ​តាម​ពិត នាង​កំពុងតែ​និយាយ​ទៅ​កាន់​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​នាង មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ! ទុក្ខ​ព្រួយ​របស់​នាង ក៏​បានប្រែ​ក្លាយ​ជា​ក្តី​អំណរ ហើយ​នាង​ក៏​បាន​ស្ទុះ​រត់​ទៅ​ប្រាប់​ពួក​សាវ័ក​ថា នាង​បាន​ឃើញ​ព្រះ​អម្ចាស់​(ខ.១៨)។

យើង​ក៏​អាច​ដឹង​ច្បាស់​ថា ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ! សព្វ​ថ្ងៃ​នេះ ព្រះ​អង្គ​គង់​នៅ​ស្ថាន​សួគ៌​ជា​មួយ​ព្រះវរបិតា តែ​ព្រះ​អង្គ​មិន​ដែល​ទុក​យើង​ចោល​ឡើយ។ អ្នក​ជឿ​ព្រះ​យេស៊ូវ មាន​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​គង់​នៅ​ក្បែរ ហើយ​តាម​រយៈ​ព្រះអង្គ នោះ​យើង​មាន​ការ​ធានា និង​ក្តី​អំណរ ដោយ​ដឹង​ថា ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង ហើយ​យើង​ជា​កម្ម​សិទ្ធិ “ព្រះ​អង្គ”។—Alyson Kieda