ក្រុម​គ្រួសារ​ខ្ញុំ​រស់​នៅ ក្នុង​ផ្ទះ​ចាស់​មួយ​ខ្នង ដែល​មាន​អាយុ​កាល​ជិត​១​រយ​ឆ្នាំ វាមាន​លក្ខណៈ​ជា​ច្រើន ដែល​មាន​ដូច​ជា ជញ្ជាំង​ម្នាង​សិលា ដែល​មាន​ផ្ទៃ​រាប​ដ៏​អស្ចារ្យ។ ជាង​សង់​ផ្ទះ​ម្នាក់​បាន​ប្រាប់​ខ្ញុំ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ពេល​ណា​ខ្ញុំ​ចង់​ព្យួរ​ស៊ុម​រូប​ថត នៅ​លើ​ជញ្ជាំង​ទាំង​នោះ។ គាត់​ថា ខ្ញុំ​ត្រូវ​ស្វាន​វីស ឲ្យ​ចំ​ឆ្អឹង​ឈើ ដែល​បង្កប់​នៅ​ពី​ក្រោយ​បន្ទះ​ម្នាង​សិលា ឬ​ប្រើ​តាក់កេ​សម្រាប់​ម្នាង​សិលា ដើម្បី​ព្យួរ​រូប​ថត​ទាំង​នោះ។ ពុំ​នោះ​ទេ ស៊ុម​រូប​ថត​នោះ​អាច​បាក់​បែក ដោយ​ធ្លាក់​មក​លើ​ដី បន្សល់​ទុក​នូវប្រហោង​ដ៏​អាក្រក់​នៅ​លើ​ជញ្ជាំង។

លោក​ហោរា​អេសាយ​ធ្លាប់​បាន​និយាយ​ប្រៀប​ប្រដូច អំពី​ដែក​គោល ដែល​បាន​ដំជាប់​យ៉ាង​មាំ នៅ​លើ​ជញ្ជាំង​ ដើម្បី​ពិពណ៌​នា អំពី​តួ​អង្គ​តូច​មួយ ក្នុង​ព្រះ​គម្ពីរ ឈ្មោះ អេលាគីម។ លោក​អេលាគីម​ទុក​ចិត្ត​ព្រះ​អម្ចាស់ គឺ​ខុស​ពី​មន្រ្តី​ពុក​រលួយ ឈ្មោះ​សេបនា(អេសាយ ២២:១៥-១៩) ក៏​ដូច​ជា​ជន​ជាតិ​អ៊ីស្រាអែល  ដែល​ពឹង​ផ្អែក​លើ​កម្លាំង​ខ្លួន​ឯង​(ខ.៨-១១)។ លោក​អេសាយ​ក៏​បានថ្លែង​ទំនាយ អំពី​ការ​ដែល​លោក​អេលាគីម នឹង​ក្លាយ​ជា រដ្ឋ​បាល​នៃ​រាជ​វាំង​របស់​ស្តេច​ហេសេគា ហើយ​គាត់​ក៏​បាន​សរសេរ​ថា លោក​អេលាគីម នឹង​ត្រូវ​បាន​ជាប់​នៅ ដូច​ដែក​គោល​ដែល​បាន​បោះ​ភ្ជាប់​នៅ​មួយ​កន្លែង​ដែល​ស្ថិត​ស្ថេរ​(ខ.២៣)។ ដោយ​គាត់ជាប់​នៅ​ក្នុង​សេចក្តី​ពិត និង​ព្រះ​គុណ​របស់​ព្រះ នោះ​លោក​អេលាគីម នឹង​បាន​ទ្រទ្រង់​ក្រុម​គ្រួសារ និង​ប្រជា​ជន​គាត់​(ខ.២២-២៤)។

តែ​លោក​អេសាយ បាន​បញ្ចប់​ការ​ថ្លែង​ទំនាយ​នោះ ដោយ​ការ​រំឭក​ថា គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ជា​ទីពឹង ដល់​មិត្ត​សំឡាញ់ ឬក្រុម​គ្រួសារ​ជា​រៀង​រហូត​ឡើយ យើង​រាល់​គ្នា​សុទ្ធ​តែ​អាច​មាន​កំហុស​(ខ.២៥)។ យុថ្កា​ដែល​យើង​អាច​ទុក​ចិត្ត​បាន​ទាំង​ស្រុង គឺ​ជា​ព្រះ​យេស៊ូវ(ទំនុកដំកើង ៦២:៥-៦ ម៉ាថាយ ៧:២៤)។ ខណៈ​ពេល​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ ហើយ​ជួយសម្រាល​បន្ទុក​ពួក​គេ នោះ​ចូរ​យើង​នាំ​គេ​ឲ្យ​ងាក​ទៅ​រក​ព្រះ​អង្គ ដែល​ជា​យុថ្កា​​ជាប់​នៅ​ស្ថិត​ស្ថេរ។—Lisa M. Samra