ភាគ​ច្រើន​ក្មេង​ប្រុស​នៃ​កុល​សម្ព័ន្ធ​សាម៉ូន​ត្រូវ​បាន​គេ​ចាក់​សាក់​ឲ្យ​ម្នាក់​មួយ​ៗ ជា​សញ្ញា​បង្ហាញ​ អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ ចំពោះ​កុល​សម្ព័ន្ធ និង​មេ​កន្ទ្រាញ​របស់​ពួក​គេ។ តាម​ធម្មតា គេ​ឃើញ​មាន​ស្នាម​សាក់​នៅ​លើ​ដៃ​របស់​ក្រុម​កីឡាករ​បាល់​ឱប របស់​កុល​សម្ព័ន្ធ​សាម៉ូន។ ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន ស្នាម​សាក់​នោះអាច​ធ្វើ​ឲ្យ​ជនជាតិ​ជប៉ុន​មាន​ការ​យល់​ខុស និង​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ប្រទេស​ដែល​ជា​ម្ចាស់​ផ្ទះ ដូច​នេះ ពួក​គេ​ក៏​បាន​បន្ថែម​ដៃ​អាវ​វែង ពណ៌​សាច់ ដើម្បី​គ្រប​ពី​លើ​ស្នាម​សាក់​នោះ ជា​ទង្វើរ​ដ៏​សប្បុរស ដើម្បី​មិត្ត​ភាព។ កាពីទែន​ក្រុម​ក៏​បាន​ពន្យល់​ថា “យើង​មាន​ការ​គោរព និង​ប្រុង​ប្រយ័ត្ន ចំពោះ​វប្ប​ធម៌​របស់​ជន​ជាតិ​ជប៉ុន។ យើង​ខិត​ខំ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​គេ​មាន​ការ​ទើស​ទាល់ ចំពោះ​អ្វី​ដែល​យើង​បង្ហាញ​ចេញ​មក”។​

នៅ​ក្នុង​សម័យ ដែល​មនុស្ស​ចូល​ចិត្ត​សង្កត់​ធ្ងន់​មក​លើ​ការ​បង្ហាញ​ចេញ​ជា​លក្ខណៈ​បុគ្គល ពេល​ខ្លះ យើង​ត្រូវ​មាន​ការ​លះ​បង់ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម។ គាត់​បាន​ប្រាប់​យើង​ថា ជួន​កាល សេចក្តី​ស្រឡាញ់​តម្រូវ​ឲ្យ​យើងលះ​បង់​សិទ្ធិ​របស់​យើង ដើម្បី​អ្នក​ដទៃ។​ យើង​មិន​ត្រូវ​ធ្វើ​ទាំង​បង្ខំ​ចិត្ត តែ​ត្រូវ​ធ្វើ​ដោយ​ក្តី​ស្រឡាញ់។ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា ក្នុង​ពួក​ជំនុំ​មាន​អ្នក​ខ្លះ​ជឿ​ថា ពួក​គេ​អាច​ញាំ​អ្វី​បាន​តាម​ចិត្ត តែ​អ្នក​ដទៃ​ទៀត ញុំា​តែ​បន្លែ​ទេ(រ៉ូម ១៤:២)។ រឿង​នេះ​ហាក់​ដូច​ជាតូច​តាច​ទេ តែ​នៅ​សតវត្សរ៍​ទី​១ មាន​រឿង​វិវាទ​ជា​ច្រើន បាន​កើត​ឡើង នៅ​ក្នុង​ការ​កាន់​តាម​ក្រឹត្យ​វិន័យ​សញ្ញា​ចាស់​ ទាក់ទងនឹងការបរិភោគអាហារ។ ដូចនេះ សាវ័ក​ប៉ុល​ក៏​បាន​បង្រៀន​គេ​រាល់​គ្នា កុំ​ឲ្យ​ចោទ​ប្រកាន់​គ្នា រឿង​បរិភោគ​អាហារ​នោះ​ឡើយ(ខ.១៣) រួច​គាត់​ក៏​បាន​បង្រៀន​អ្នក​ដែល​ចូល​ចិត្ត​ញុំា​ដោយ​សេរី​ថា “គួរ​តែ​កុំ​ឲ្យ​បរិភោគ​សាច់ ឬ​ស្រា​ទំពាំងបាយជូរ ឬ​អ្វី​ដែល​នាំ​ឲ្យ​បង​ប្អូន​អ្នក​ជំពប់ ឬ​រវាត​ចិត្ត ឬ​ធ្វើ​ឲ្យ​ខ្សោយ​នោះ​ឡើយ”(ខ.២១)។

នៅ​ពេល​ខ្លះ ដើម្បី​ស្រឡាញ់​អ្នក​ដទៃ យើង​ចាំ​បាច់​ត្រូវ​លះ​បង់​សេរីភាព​របស់​យើង​ខ្លះ។ យើង​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​អ្វី​ដែល​យើងអាច​ធ្វើ​ដោយ​សេរី គ្រប់​ពេល​វេលា​នោះ​ឡើយ។ ពេល​ខ្លះ ​យើង​ធ្វើ​ការ​លះ​បង់ ដោយ​ក្តី​ស្រឡាញ់។—Winn Collier