ពេល​ដែល​អ្នក​និពន្ធ​ជន​ជាតិ​អង់​គ្លេស​ដ៏​ល្បី​ល្បាញ ឈ្មោះ​ស៊ី អេស លូអ៊ីស(C. S. Lewis) បាន​ថ្វាយ​ជីវិត​ដល់​ព្រះយេស៊ូវ ពីដំបូង គាត់​បដិសេធ​មិន​ព្រម​សរសើរ​ដំកើង​ព្រះ​អង្គ​ឡើយ។ តាម​ពិត គាត់​បាន​ហៅ​រឿង​នេះ​ថា “ថ្ម​ដែល​ធ្វើ​ឲ្យ​ជំពប់​ដួល”។ គាត់​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​សរសើរ​ដំកើង​ព្រះ ព្រោះ​គាត់​គិត​ថា ព្រះ​ទ្រង់​ជា​អ្នក​ទាម​ទា​ការ​សរសើរ​ពី​យើង។ តែ​ទី​បំផុត លោក​លូអ៊ីស​ក៏​បាន​ដឹង​ថា តាម​ពិត “ព្រះ​ទ្រង់​បង្ហាញ​ព្រះ​វត្ត​មាន​ទ្រង់​ដល់​រាស្រ្ត​ព្រះ​អង្គ នៅ​ក្នុង​ពេល​ដែល​យើង​ថ្វាយ​បង្គំ​ព្រះ​អង្គ”។ ដូច​នេះ យើង​ដែល​បាន​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ ​នឹង​មាន​ក្តី​អំណរ​ដ៏​ស្ថិត​ស្ថេរ គឺ​ដូច​ជា​កញ្ចក់​ដែល​ភ្លឺ ដោយ​សារ​ពន្លឺ​ដែល​បាន​ចាំង​មក​នោះ​ដែរ។

លោក​ហោរា​ហាបាគុក​បាន​ធ្វើ​ការ​សន្និដ្ឋាន​ដូច​នេះ កាល​ពី​ប៉ុន្មាន​សតវត្សរ៍​មុន។ បន្ទាប់​ពី​គាត់​បាន​រអ៊ូរទាំ​ដាក់​ព្រះ អំពី​ការ​អាក្រក់ ដែល​ទ្រង់​បាន​ទម្លាក់​មក​លើ​ប្រជាជន​យូដា គាត់​ក៏​បាន​ដឹង​ថា ការ​សរសើរ​ដំកើង​ព្រះ​អង្គ នាំ​មក​នូវ​ក្តី​អំណរ ​គឺ​មិន​មែនក្នុង​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​នោះ​ទេ តែ​ក្នុង​ការ​ដឹង​ថា ទ្រង់​ជា​នរណា។ ដូច​នេះ ទោះ​រឿង​វិបត្តិ​កើត​ឡើង​ក្នុង​ប្រទេស ឬ​ទូទាំង​ពិភព​លោក​ក្តី ព្រះ​ទ្រង់​នៅ​តែ​ធំ​ប្រសើរ។ គឺ​ដូច​ដែល​លោក​ហោរា​បាន​ប្រកាស​ថា:

“ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ក៏​ឥត​មាន​ផ្លែ​ទំពាំងបាយជូរ ហើយ​ផល​នៃ​ដើម​អូលីវ​ក៏​ខាន​មាន ស្រែ​ចំការ​ឥត​បង្កើត​បាន​អាហារ ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល ហើយ​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​រីករាយ ដោយសារ​ព្រះយេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ”(ហាបាគុក ៣:១៧-១៨)។

លោក​ស៊ី អេស លូអ៊ីស​បាន​ដឹង​ថា ពិភព​លោក​ទាំង​មូល​សរសើរ​ដំកើង​ព្រះ​អង្គ។ លោក​ហាបាគុក​ក៏​បាន​ស្ម័គ្រ​ចិត្ត​សរសើរ​ដំកើង​ព្រះ​គ្រប់​ពេល​វេលា​ផង​ដែរ ដោយ​រក​ឃើញ​ក្តី​អំណរ ក្នុង​ព្រះ​អង្គ​ ដែល​មាន​ដំណើរ​តាំង​ពី​ដើម​ រហូត​អស់​កល្ប​(ខ.៦)។—Patricia Raybon