អ្នក​ស្រី​ឃែរិន(Karen) ដែល​ជា​គ្រូ​បង្រៀន​នៅ​អនុវិទ្យា​ល័យ បាន​បង្កើត​នូវ​សកម្ម​ភាព​មួយ ដើម្បី​បង្រៀន​សិស្ស​របស់​គាត់ អំពី​របៀប​យល់​ចិត្ត​គ្នា ឲ្យ​កាន់​តែ​ច្រើន។​ នៅ​ក្នុង “សកម្ម​ភាព​ចែក​រំលែក​បន្ទុក” សិស្ស​ទាំង​ឡាយ​បាន​សរសេរ​នៅ​លើ​ក្រដាស់ អំពី​បន្ទុក​ផ្លូវ​អារម្មណ៍​មួយ​ចំនួន ដែល​ពួក​គេ​កំពុង​តែ​មាន ដោយ​មិន​បញ្ចេញ​ឈ្មោះ។ រួច​គេ​ក៏​បាន​យក​ក្រដាស់​ទាំង​នោះ​ទៅចែក​ឲ្យ​សិស្ស​ដទៃ​ទៀត ដើម្បី​ឲ្យ​ពួក​គេ​យល់​អំពី​ទុក្ខ​លំបាក​របស់​មិត្ត​រួម​ថ្នាក់​ខ្លួន ដោយ​ពួក​គេ​ច្រើន​តែ​ឆ្លើយ​តប ដោយ​ទឹក​ភ្នែក​។ ចាប់​តាំង​ពី​ពេល​នោះ​មក ថ្នាក់​រៀន​មួយ​នេះ​មាន​ពេញ​ទៅ​ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក កាន់​តែ​ស៊ី​ជម្រៅ ក្នុង​ចំណោម​ក្មេង​ជំទង់​ទាំង​នោះ ដែល​សព្វ​ថ្ងៃ​នេះ ពួក​គេ​មាន​ការ​យល់​អារម្មណ៍ និង​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង។

ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល ព្រះ​ទ្រង់​បាន​ជំរុញ​រាស្រ្ត​ទ្រង់ ឲ្យ​ប្រព្រឹត្ត​ចំពោះ​គ្នា ដោយ​ភាព​ថ្លៃ​ថ្នូ និង​បង្ហាញ​ការ​យល់​អារម្មណ៍របស់​អ្នក​ដទៃ​(រ៉ូម ១២:១៥)។ នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ជន​ជាតិ​អ៊ីស្រាអែល ក្នុង​កណ្ឌ​គម្ពីរ​លេវីវិន័យ ព្រះ​ទ្រង់​បាន​បង្រៀនពួក​អ៊ីស្រាអែល ឲ្យ​មាន​ការ​យល់​អារម្មណ៍​របស់​អ្នក​ដទៃ​ ជា​ពិសេស​នៅ​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​ជន​បរទេស។ ព្រះ​អង្គ​បានប្រាប់​ពួក​គេ​ថា “ត្រូវ​ស្រឡាញ់​គេ​ដូច​ជា​ខ្លួន​ឯង​ដែរ ដ្បិត​ឯង​រាល់​គ្នា​ពី​ដើម​ក៏​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ”(លេវីវិន័យ ១៩:៣៤)។

ជួន​កាល យើង​មាន​អារម្មណ៍​ថា​ យើង​ដូច​ជា​ជន​បរទេស ដែល​ឯកោ និង​គ្មាន​អ្នក​យល់​ចិត្ត សូម្បី​តែ​ក្នុង​ចំណោម​មិត្ត​ភក្តិ ធ្វើ​ឲ្យយើង​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​កំពុង​សែង​បន្ទុក​ដ៏​ធ្ងន់​មួយ។ យើង​មិន​តែង​តែ​មាន​ជន​បរទេស មក​រស់​នៅ​ក្នុង​ចំណោម​យើង ដូច​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។ តែ​យើង​ក៏​អាច​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​ព្រះ​ឲ្យ​យើង​ជួប ដោយ​ការ​គោរព និង​ការ​យល់ចិត្ត ដូច​ដែល​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​យើង។ ទោះ​យើង​ជា​គ្រូ​អនុវិទ្យាល័យ ជា​ជន​ជាតិ​អ៊ីស្រាលអែល ឬ​ជា​នរណា​ក៏ដោយ ឲ្យ​តែ​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​ក្តី​ស្រឡាញ់ នោះ​គឺ​ឈ្មោះ​ថា យើង​បាន​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​ហើយ។—Kirsten Holmberg