កាល​លោក​ចេម(James) មាន​អាយុ​តែ​៦​ឆ្នាំ បង​ប្រុស​គាត់ ឈ្មោះ​ដាវីឌ បាន​បាត់​បង់​ជីវិត​យ៉ាង​សោក​សៅ ក្នុង​គ្រោះ​ថ្នាក់​ជិះ​ស្គី។ នៅ​សល់​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដាវីឌ​ចូល​ដល់​អាយុ​១៤​ឆ្នាំ​ហើយ។ នៅ​ឆ្នាំ​បន្ទាប់​ ចេម​បាន​ព្យាយាម ​ខិត​ខំ​អស់​ពីចិត្ត ដើម្បី​កម្សាន្ត​ចិត្ត​ម្តាយ​របស់​គាត់ គឺ​អ្នក​ស្រី​ម៉ាហ្គារេត(Margaret) ដែល​កំពុង​តែ​សោក​សង្រេង​យ៉ាង​ខ្លាំង ហើយ​ជួន​កាល បាន​រំឭក​ខ្លួន​ឯង​ថា  ដោយ​សារ​ដាវីឌ​បាន​លា​ចាក​លោក​ហើយ នោះ​ដាវីឌ​មិន​បាន​ប្រឈម​មុខ​ដាក់​បញ្ហា​ នៅក្នុង​ការ​ចម្រើន​វ័យ​ធំ​ឡើង​ឡើយ។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក ការ​គិត​ដូច​នេះ បាន​បណ្តាល​ចិត្ត​លោក​ចេម ប៊ែរី(James Barrie)  ឲ្យ​និពន្ធ​រឿង​ដ៏​ល្បី​ល្បាញ​មួយ ដែល​ក្នុង​នោះ ភីធ័រ ភែន(Peter Pan) គឺជា​តួ​អង្គ​ម្នាក់ ដែល​មិន​ចេះ​ចាស់។ រឿងល្អ​ៗ​អាច​កើត​ចេញ​ពី​បញ្ហាដ៏​ពិបាក ដែល​ធ្វើ​ឲ្យ​ឈឺ​ក្បាល គឺ​មិន​ខុស​ពី​ដើម​ផ្កា ដែល​ខំ​ដុះ​ចេញ​តាម​ស្នាម​ប្រេះ ​នៅ​លើ​ផ្លូវ​ថ្នល់​នោះ​ឡើយ។​

យើង​អាច​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​គិត​ថា ព្រះ​ទ្រង់​អាច​នាំ​ការ​ល្អ ឲ្យ​កើត​ចេញ​ពី​កាលៈ​ទេសៈ​ដ៏​ពិបាក​បំផុត តាម​ភាព​ប៉ិនប្រសប់​បំផុត​របស់​ទ្រង់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​នាង​រស់ នៅ​ក្នុង​កណ្ឌ​គម្ពីរ​សញ្ញា​ចាស់។ នាង​ណា​អូមី​បានបាត់​បង់​កូន​ប្រុស​ទាំង​ពីរ ហើយ​នាង​មិន​មាន​លទ្ធ​ភាព​ចិញ្ចឹម​ខ្លួន​ឯង​ឡើយ។ នាង​រស់ ដែល​ជា​កូន​ប្រសារ​ស្រី​របស់​នាង បាន​សម្រេច​ចិត្ត​បន្ត​រស់​នៅ​ជា​មួយ​នាង​ណាអូមី ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​របស់​នាង និង​បម្រើ​ព្រះ​របស់​នាង​(នាងរស់ ១:១៦)។ នៅ​ទីបញ្ចប់ ការ​ផ្គត់​ផ្គង់​របស់​ព្រះ បាន​នាំ​ឲ្យ​ពួក​គេ​មាន​ក្តី​អំណរ ដែល​មិន​នឹក​ស្មាន​ដល់។ នាង​រស់​ក៏​បាន​រៀប​ការ និង​មាន​កូន​ម្នាក់ ហើយ​ពួក​គេ​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​នោះ​ថា អូបិឌ។ គាត់​ជា​ឪពុក​របស់​លោក​អ៊ីសាយ ដែល​ជា​ឪពុក​របស់​ស្តេច​ដាវីឌ​(៤:១៧)។ ឈ្មោះ​គាត់ ក៏​ត្រូវ​បាន​គេ​កត់​ទុក នៅ​ក្នុង​បញ្ជី​ឈ្មោះ​វង្ស​ត្រកូល​របស់​ព្រះ​យេស៊ូវ​ផង​ដែរ​(ម៉ាថាយ ១:៥)។

សេចក្តី​មេត្តា​ដ៏​ស្រទន់​របស់​ព្រះ គឺ​ល្អ​ហួស​ពី​លទ្ធ​ភាព ដែល​យើង​អាច​យល់ ហើយ​ក៏​បាន​បំពេញ​តម្រូវ​ការ​យើង​ តាម​របៀប​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ សេចក្តី​មេត្តា​របស់​ព្រះ​អង្គ​តែង​តែ​មាន​សម្រាប់​យើង​ជា​និច្ច។—James Banks