មាន​បុរស​ម្នាក់​បាន​ដើរ​ចូល​ទៅ​ក្នុង​ហាង​លក់​ទំនិញ​មួយ នៅ​ទីក្រុង​វ៉ូឡុន​ហ្គុង ប្រទេស​អូស្រ្តាលី គាត់​បាន​ដាក់​ក្រដាស់​ប្រាក់ ២០​ដុល្លា មួយ​សន្លឹក​នៅ​លើ​តុ​គិត​លុយ ដើម្បី​សុំ​ដូរ​លុយ។ ពេល​ដែល​អ្នក​គិត​លុយ​បើក​ថត​តុ បុរស​នោះ​ក៏​បាន​ដក​កំា​ភ្លើង​ចេញ​មក ហើយ​ក៏​បាន​បង្គាប់​ឲ្យ​គាត់​ប្រគល់​លុយ​ទំាង​អស់ ដែល​មាន​នៅ​ក្នុង​ថត​តុ។ អ្នក​គិត​លុយ​ក៏​ព្រម​ប្រគល់​ឲ្យ។ បុរសនោះ​ក៏​បាន​យក​លុយ​ពី​អ្នក​គិត​លុយ ហើយ​រត់​គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​នូវ​ក្រដាស់​ប្រាក់​២០​ដុល្លា នៅ​លើតុ។ តាម​ពិត លុយ​ក្នុង​ថត​តុ​ទាំង​អស់ ដែល​គាត់​ប្លន់​បាន មាន​តែ១៥​ដុល្លា ប៉ុណ្ណោះ។

ពេល​ខ្លះ យើង​បាន​ប្រព្រឹត្ត​នូវ​ទង្វើរ​ដ៏​ល្ងង់​ខ្មៅ តែ​ខុស​ពី​ចោរ​នោះ នៅ​ត្រង់​ថា យើង​បាន​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ អ្វី​ដែលសំខាន់​នោះ​គឺ តើ​យើង​បាន​រៀន​សូត្រ​អ្វី​ខ្លះ ពី​ទង្វើរ​ដ៏​ល្ងង់​ខ្លៅ​នោះ​។ បើ​គ្មាន​ការ​កែ​តម្រង់​ទេ ការ​សម្រេច​ចិត្ត​ដែល​ខ្វះ​ប្រាជ្ញានេះ អាច​ក្លាយ​ជា​ទម្លាប់ ដែល​នឹង​ក្លាយ​ជា​ចរិត​លក្ខណៈ​អវិជ្ជ​មាន​របស់​យើង។ និយាយ​រួម យើង​នឹង​ក្លាយ​ជា “មនុស្ស​ល្ងី​ល្ងើ ដែល​ខ្វះ​ប្រាជ្ញា”(សាស្តា ១០:៣)។

ជួន​កាល យើង​ពិបាក​ទទួល​ស្គាល់​ភាព​ល្ងង់​ខ្លៅ​របស់​យើង ដោយ​សារ​យើង​មិន​ចង់​គិត​អំពី​វា​ច្រើន។ យើង​ប្រហែល​ជា​ចាំ​បាច់ត្រូវ​គិត​ពិចារណា អំពី​ភាព​ខ្វះ​ចន្លោះ នៅ​ក្នុង​ចរិត​លក្ខណៈ​របស់​យើង ទោះ​វា​មាន​ការ​ពិបាក​ក៏​ដោយ។ ពុំ​នោះ​ទេ យើង​ចាំ​បាច់ត្រូវ​ទទួល​ស្គាល់​ថា ពេល​នោះ​ យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​លឿន​ពេក ហើយ​ពេល​ក្រោយ យើង​នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន។ ទោះ​យើង​ធ្វើ​វា ដោយ​សារ​មូល​ហេតុ​អ្វី​ក៏​ដោយ ទង្វើរ​ល្ងង់​ខ្លៅ​មិន​ដែល​ឲ្យ​យើង​ចំណេញ​ឡើយ។

តែ​អរ​ព្រះ​គុណ​ព្រះ ដែល​ទ្រង់​អាច​ប្រើ​ភាព​ល្ងង់​ល្ងើ​របស់​យើង ដើម្បី​លត់​ដំ និង​កែ​ប្រែ​យើង។ យើង​ប្រហែល​មិន​ចូល​ចិត្ត​ការលត់​ដំ​ទេ តែ​ការ​ហ្វឹក​ហាត់ នៅ​ក្នុង​ការ​លត់​ដំ នាំ​ឲ្យ​យើង​ទទួល​ផល​ផ្លែ​ល្អ នៅ​ក្នុង​រយៈ​ពេល​វែង​(ហេព្រើរ ១២:១១)។ ចូរ​យើងទទួល​យក​ការ​លត់​ដំ​ពី​ព្រះវរបិតា​នៃ​យើង ដើម្បី​​រស់​នៅ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​សូម​ព្រះ​អង្គ​ជួយ​ឲ្យ​យើង​ផ្លាស់​ប្រែ​ តាមបំណង​ព្រះ​ទ័យ​ទ្រង់។—Con Campbell